Back

ⓘ យឝោវម៌្មទី១. ព្រះបាទ យសោវម៌្មទី១ គឺជាព្រះមហាក្សត្រសម័យមហានគរដែលបានសោយរាជ្យនៅឆ្នាំគ.ស ៨៨៩-៩១០ ។ ទ្រង់ត្រូវបានគេហៅថា ស្ដេចគំលង់ ។ វ្រះបាទយសោវម៌្មទី១ ព្រះនាមពេលសោយ ..




យឝោវម៌្មទី១
                                     

ⓘ យឝោវម៌្មទី១

ព្រះបាទ យសោវម៌្មទី១ គឺជាព្រះមហាក្សត្រសម័យមហានគរដែលបានសោយរាជ្យនៅឆ្នាំគ.ស ៨៨៩-៩១០ ។ ទ្រង់ត្រូវបានគេហៅថា ស្ដេចគំលង់ ។ វ្រះបាទយសោវម៌្មទី១ ព្រះនាមពេលសោយរាជ្យ ធូលិវ្រះបាទ ធូលិជេងវ្រះកម្រតេងអញឝ្រិយឝោវម៌្មទេវ ។ ព្រះអង្គស្ថាបនាទីក្រុងថ្មីមួយទៀតឈ្មោះ នគរឝ្រិយឝោធរបុរ ស្ថាបនាប្រាសាទភ្នំសំរាប់រាជ្យ នៅលើ "វ្នំកន្តាល"​​​ មានន័យថា "ភ្នំកណ្ដាល" គឺត្រូវគ្នានិងប្រាសាទភ្នំបាខែង, សាងប្រាសាទលលៃ បារាយណ៍ខាងកើត និងទំនងជាអ្នកកសាងប្រាសាទភ្នំក្រោម និងភ្នំបូកផងដែរ។ ក្នុងរាជ្យព្រះអង្គ តួអក្សរដែលខ្មែរខ្ចីពីអក្សរព្រាហ្មី បានអភិវឌ្ឍជាបន្តបន្ទាប់ចាប់តាំងពីសតវត្សទី៦ ត្រូវបានកែច្នៃឲ្យកាន់តែមានសោភ័ណ និងដាក់ឈ្មោះថា "កម្វុជាក្សរ"។ រាជបុរោហិតនាម ហិរណ្យរុចិ ឬ ស្ដេងអញវ្នំកន្សាត្រូវជាប្អូនរបស់កម្រតេងឝិវាស្រម។ ព្រះបរមមរណនាម វ្រះបាទបរមឝិវលោក ។

                                     

1. សិលាចារឹក

យឝោវម៌្មទី១ គឺជាបុត្រមួយអង្គនៃវ្រះបាទឥន្ទ្រវម៌្មទី១ និង មហេសីទ្រង់ឥន្ទ្រទេវី។

បន្ទាប់ពីការសោយទិវង្គតនៃវ្រះបាទឥន្ទ្រវម៌្មទី១ សង្គ្រាមដណ្ដើមរាជ្យគ្នាត្រូវបានផ្ទុះឡើងដោយសារព្រះរាជបុត្ររបស់ព្រះអង្គពីរអង្គ គឺ យឝោវម៌្មទី១ និង ព្រះភាតារបស់ព្រះអង្គ។ គេបានយល់ថាសង្គ្រាមនេះបានធ្វើឡើងតាមផ្លូវគោក និងសមុទ្រនៅក្បែរទន្លេសាប។ នៅទីបញ្ចប់យឝោវម៌្មបានទទួលបានជ័យជំនះ។

ដោយសារតែព្រះបិតារបស់ទ្រង់បានរារាំងបដិសេធការឡើងសោយរាជ្យរបស់ទ្រង់ តាមរយៈសិលាចារឹកមួយចំនួនដែលបានទាញចេញដោយលោក ល.ព.ប៊្រិហ្គស៍ "យឝោវម៌្មទី១ មិនខ្វល់ ដោយអះអាងខ្លួនព្រះអង្គឯងឡើងសោយរាជ្យតាមរយៈបិតាទ្រង់ ឥន្ទ្រវម៌្មទី១ រឺ តាមរយៈជយវម៌្មទី២ ស្ថាបនិកសន្តតិវង្សមហានគរ និងបានកសាងដើមពង្សាវលីយ៉ាងម៉ត់ចត់មួយដោយភ្ជាប់ពីព្រះអង្គតាមខ្សែមាតារបស់ទ្រង់ជាមួយព្រះមហាក្សត្រពីបុរាណនៃនគរភ្វូណាន និងកម្វុជ។"

សិលាចារឹក​បាន​និយាយ​អំពី​ព្រះ​អង្គ​ថាជា​ "ការ​ប្រមូលផ្ដុំ​នៃ​ភាព​ថ្កុំថ្កើង" ព្រោះ​ព្រះ​អង្គ​បាន​វាត​អំណាច​ត្រួតត្រា​របស់​កម្ពុជា​បាន​ខ្លាំង​ជាងគេ។ សិលាចារឹក​បាន​លើក​ឡើង​ទៀត​ថា ព្រះ​អង្គ​គួរ​ទទួល​បាន​នូវ​ព្រះ​នាម​បី៖ ចំពោះ​អ្នកប្រាជ្ញ ព្រះ​អង្គជា​គ្រូអាចារ្យ ជា​សាស្ដ្រាចារ្យ​ ចំពោះ​នារីៗ ព្រះ​អង្គជា​បុរស​គួរ​ជាទី​ស្នេហា​ ចំពោះ​ព្រះរាជា​ទាំងឡាយ ព្រះ​អង្គជា​ព្រះ​មហេន្ទ្រ គឺ ព្រះឥន្ទ្រ​ធំ។ ព្រះ​អង្គ​បាន​ចាប់​បដិ​សន្ធិ​ឡើង "ប្រកប​ទៅ​ដោយ​ សម្ផស្ស​ល្អ​លើស​គេ ពុំ​មាន​នរណា​ម្នាក់​ដែល​មាន​ព្រះ​ភក្ដ្រ​ស្រស់​ល្អ​ស្មើ​នឹង​ព្រះ​អង្គ​ឡើយ ក្រៅ​តែ​ពី​ព្រះចន្ទ្រ​ចេញ" ។ កិត្ដិគុណ​របស់​ព្រះ​អង្គ​បរិសុទ្ធ ប្រៀប​បាន​ទៅ​នឹង​កាំ​ពន្លឺ​ព្រះ​ចន្ទ្រា ដែល​គ្របដណ្ដប់​ទៅ​គ្រប់​ទិស​ទី​នៃ​ពិភពលោក ហាក់​បីដូចជា​សមុទ្រ​ទឹកដោះ ហើយ​ដេញ​កំចាត់អស់​នូវ​ភាព​អន្ធកាល ដែល​រត់គេច​ដោយ​ខ្លាច​រីងស្ងួត ដោយ​តេជានុភាព​របស់​ព្រះ​អង្គ។ ទ្រង់​ជា​ព្រះ​ចៅអធិរាជ​លើ​ព្រះរាជា​ទាំងឡាយ ហើយ​កិត្ដិនាម​ដ៏​រុងរឿង​ នយោបាយ​ សោភ័ណ​ភាព និង​សប្បុរសធម៌​របស់​ព្រះ​អង្គ​បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទិស​ទាំង​បួន ប្រៀប​បាន​នឹង​ទេពធីតា​ដែល​លំអទៅ​ដោយ​ការ​សន្តោស​ ថាមពល​ គុណធម៌​ ភាព​រមទម​ កិត្ដិគុណ​ កុសល និង​គតិបណ្ឌិត។ នៅ​ក្នុង​ការ​ប្រយុទ្ធ ព្រះ​អង្គ​មាន​ព្រះ​ហស្ថ​ត្រៀម​ជា​និច្ច នឹង​សម្លាប់សត្រូវ​កោងកាច បីដូច​ជា​ទ្រង់​បាន​រៀនសូត្រ​ពី​គទព្រឹទ្ធ ក្រឹស្ន​-​វិស្ណុ នូវ​ល្បិច​ចាប់​ហែក​ទ្រូង​របស់​ហិរន្យកស្សិពុ មនុស្ស​សិង្ហ​-​ជា​ស្ដេច​យក្ស អ៊ីចឹង។ ព្រះ​ខ័ន​របស់​ព្រះ​អង្គ តែ​ដក​ចេញ​ហើយ មិន​ដែល​អាក់​ខាន​នឹង​កាប់​នោះ​ទេ​ហើយ​កាប់​តែ​មួយ​ព្រះ​ខ័ន​អ្វីៗ​ក៏​ដាច់​ ជា​បី​កំណាត់​ដែរ​ទោះជា​ដែក​វែង​មូល​ធំ​ ឬ​រឹង​យ៉ាងណា​ក៏​ដោយ គឺ​ហាក់​បីដូចជា​ការ​ដាក់ទោស​ចំពោះ​ការ​ដែល​ហ៊ាន​ប្រឆាំង​នឹង​ថ្វី​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​អាច​បាញ់​ព្រួញ​នឹង​ព្រះ​ហស្ថ​ឆ្វេង​ក៏​បាន ព្រះ​ហស្ថ​ស្ដាំ​ក៏​បាន ហើយ​តែងតែ​ត្រូវ​គោលដៅ​ជា​និច្ច។ នៅ​ទី​បញ្ចប់ ព្រះ​ដែល​ជា​អ្នក​បង្កើត​លោក​ឆ្ងល់​ហើយ​សួរ​ខ្លួនឯង​ថា ចុះ​ហេតុ​អ្វី​ក៏​អាត្មាអញ​បង្កើត​ព្រះរាជា​នេះ​មក​ធ្វើ​ជា​គូប្រជែង​នឹង​ខ្លួនឯង​ដូច្នេះ ព្រះរាជា​នេះ​ដែល​ជា​ប្រជាបតិ ព្រះ​បង្កើត​លោក និង​ជា​បរមេឝ្វរ ឧត្ដម​រាជា ឬ​ព្រះ​សិវៈ មួយ​ទៀត ។

វ្រះបាទយឝោវម៌្មប្រៀប​បាន​ទៅ​នឹង​ស្ដេច​ល្វី​ទី​១៤​របស់​បារាំង។ ទ្រង់​មាន​ស្ដែង​អញ​វាមឝិវ ដែល​ត្រូវជា​ចៅ​របស់​ឝិវកៃវល្យជា​ឧបជ្ឈា ជា​អ្នក​រៀបចំ​ពិធី​ទេវ​រាជ​មុន​គេ។ ព្រះ​អង្គ​មាន​ចំណង់​ចំណូល​ចិត្ដ​ក្នុង​ការ​សាង​សង់ ហើយ​ហាក់​ដូចជា​មាន​បំណង​ដូច្នេះ​តាម​ការ​ណែនាំ​របស់​រាជគ្រូ និង​ក្រុម​គ្រួសារ​របស់​រាជគ្រូ។ ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​គេ​កេណ្ឌ​ពួក​ភត្ដាស្ស មាន​ន័យ​ថា អ្នក​ស៊ីសាច់​សត្វ គឺ​រាស្ដ្រ​សាមញ្ញ ពួក​អ្នក​រដ្ឋវាសី សាង​សង់​ប្រាសាទ​ កំពែង​ បដិមា​ រួច​ទ្រង់​ឱ្យ​គេ​ចារ​ព្រះរាជ​បញ្ជា​ដាក់​នៅ​ពាស​ពេញ​ព្រះ​នគរប្រៀប​បាន​ទៅ​នឹង​ព្រះ​អឝោក​មួយ​អង្គ​ទៀត​ដូច្នោះ​​ដែរ។ ព្រះ​អង្គ​ប្រគល់​ខ្ញុំ​ជា​ច្រើន​ឱ្យ​វត្ដ​នីមួយៗ ដែល​ព្រះ​អង្គ​បាន​បង្កើត​ដី​ចំនួន​មួយ​រយ​វ្រៈ ព្រមទាំង​ទ្រព្យធន និង​ឧបភោគភណ្ឌ​ធ្វើ​អំពី​មាស សំរាប់​ការ​រៀបចំ​ពិធី​គោរព​បូជា​ផ្សេងៗ។ ទ្រង់​បាន​ចាត់​ឱ្យ​ស្ដែង​អញ​សិខ ជា​សិស្ស​របស់​កម្រតេង​ចាស់​នៃ​ឝិវាឝ្រម ដែល​ទ្រង់​ឱ្យ​ទទួល​បន្ទុក​ខាង​កេណ្ឌ​កំលាំងថ្វាយ​ព្រះរាជា​ដើរ​កសាង​ឝិវលិង្គ​ និង​ព្រះ​បដិមា​ដាក់​ពាស​ពេញ​ព្រះ​នគរ។​ ចំណែក​ខ្លួន​ព្រះ​អង្គ​បាន​កសាង​ផ្ទាល់​ព្រះ​ហស្ថនូវ "ព្រះបដិមា​ ព្រះ​ឝិវ និង​ព្រះ​ជាយា​បួន​អង្គ ជា​តំណាង​គម្ពីរ​វេទ​ទាំង​បួន ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ ព្រះ​មាតាបិតា ដាក់​នៅ​លើ​មាត់បឹង​ឥន្ទ្រតដាក" ។ ដោយហេតុ​នេះ "ភពទាំង​ពីរ គឺ​ស្ថាន​ក្រោម និង​ស្ថាន​លើ មាន​អ្នក​ការពារ​ប្រកប​ទៅ​ដោយ​វីរភាព​ឥត​នរណា​ប្រៀបផ្ទឹម​បាន៖ នៅ​លើ​ផែនដី មាន​ព្រះរាជា​អបរាជ័យ​មួយ​អង្គគឺ​វ្រះបាទ​យឝោវម៌្ម​នេះ ចំណែក​នៅ​ស្ថានសួគ៌​ទាំង​បី​ជាន់​មាន​ព្រះ​មហេន្ទ្រ" ។ "នៅក្នុង​ការ​ប្រយុទ្ធ ពេល​ក្រឡេក​ឃើញ​ព្រះរាជា​នេះ ដែល​ទ្រង់​ប្រកប​ទៅ​ដោយ​ពន្លឺ​ភ្លឺ​ត្រចះ​ពិបាក​នឹង​ទ្រាំទ្រ បណ្ដា​សត្រូវ​កោង​កាច ទាំងឡាយ​ឱន​ក្បាល​ចុះ​ប្រៀប​បាន​នឹង​ផ្កាឈូក​បាក់​ក​ហើយ​និយាយ​ថា​នេះ​ហើយ​ គឺជា​ព្រះអាទិត្យ" ។

រជ្ជកាល​របស់​ព្រះ​អង្គ​ចាប់ផ្ដើម​ឡើង​ដោយ​មាន​ការ​បះបោរ​ប្រឆាំង​មួយ ដែល​ប្រហែលជា​រៀបចំ​ឡើង​ដោយ​សមាជិក​រាជវង្សានុវង្ស​របស់​វ្រះបាទ​ជយវម៌្ម​ទី៣ ដែល​ត្រូវ​បាន​បំបែក​ចេញពី​រាជ​សម្បត្ដិ​ដោយ​វ្រះបាទ​ឥន្ទ្រវម៌្ម​ទី​១​នៅ​ឆ្នាំ ​៨៨៩​ ក៏​ប៉ុន្ដែ​ចំណុច​ត្រង់នេះ​គេ​មិន​មាន​មូលហេតុ​គ្រប់គ្រាន់​នឹង​អះអាង​ទេ។​ វ្រះបាទ​យឝោវម៌្ម​បាន​ធ្វើ​ការ​វាយ​បង្ក្រាប​ការ​បះបោរ​នោះ ហើយ​បាន​ប្រយុទ្ធ​ដោយ​លំបាក​ព្រោះ​ទ័ព​ព្រះ​អង្គ​ទន់​ដៃ ព្រះ​អង្គ​ត្រូវ​សត្រូវ​ព័ទ្ធ​ជុំ​ជិត តែ​បាន​សេនា​ពីរ​នាក់​ការពារ​ជាប់ប្ដូរ​ស្លាប់​ជំនួស​ព្រះ​អង្គ។ ក្រោយ​ពី​មាន​ជ័យជំនះលើ​ខ្មាំង​សត្រូវ​រួច​ហើយ "ដើម្បី​ជៀសវាង​កុំឱ្យ​មានការ​បះបោរ​បែប​នេះ​ទៀត ដែល​រង់ចាំ​មើល​តែ​ចំណុច​ខ្សោយ​របស់​ព្រះរាជា​ណាចក្រ ហើយ​ប៉ុនប៉ង​ធ្វើឃាត​ព្រះរាជា" វ្រះបាទ​យឝោវម៌្ម​បាន​បង្កើត​កង​ស៊ើបការណ៍​មួយ​ក្រុម រួច​ហើយ​បាន​សំរេច​សាងសង់ "ព្រះរាជ​ធានី​រឹង​មាំ​មួយ គ្មាន​សត្រូវ​ណា​ដណ្ដើម​យក​បាន" ។

រាជធានី​នេះ​មាន​ឈ្មោះ​មុន​ដំបូង​ដូច​ជា​ព្រះ​នាម​របស់​ព្រះ​អង្គ​គឺ​ យឝោធបុរ គឺ​ អង្គរធំ ដែល​ឈ្មោះ​ពិត ប្រាកដ​ថា ឥន្ទ្រប្រាស្ថ តែ​សៀវភៅ​ខ្មែរ​សម័យ​ថ្មី​ហៅ​ថា ឥន្ទ្របាទ ឬ​ក៏​ភាសា​សាមញ្ញ​ថា មហានគរ រាជធានី​នេះ​តាម​មើល​ទៅ គឺ​សាងសង់​នៅ​ពីលើ ឬ​ក៏​ជិត​ទីតាំង​របស់​រាជធានី​ដែល​សាង​ឡើង​ដោយ​វ្រះបាទ​ឦឝានវម៌្មទី១ នៅ​ដើម​សតវត្សរ៍​ទី​៧​ នៃ​គ្រិស្ដសករាជ។​ អ្នកខ្លះ​និយាយ​ថា​ វ្រះបាទ​យឝោវម៌្មហៅ​រាជធានី​នេះ​ថា​ កម្ពុបុរី​ តាម​ឈ្មោះ​ទេវ​បុព្វបុរស​ខ្មែរ កម្ពុស្វយម្ភុវ ដែល​ព្រះ​សិវៈ​បាន​ប្រគល់​ព្រះ​មហេសី គឺ​ព្រះ​នាង​មេរា​ឱ្យ។

នៅ​ក្នុង​រាជធានី​នេះ ទ្រង់​បាន​ចាត់​ឱ្យ​ពូន​ភ្នំ​យឝោធរគីរី គឺ​ប្រាសាទ​បាពួន ឬ​ "ភ្នំ​ដែល​រលំ​បាក់បែក" និង​ឱ្យ​សង់​ប្រាសាទ​ភិមានអាកាស​ "ព្រះរាជវាំង​សំបូរ​ទៅ​ដោយ​ខ្យល់" ប្រាសាទ​នេះ​សង់​រួច​នៅ​ក្រោម​រជ្ជកាល​ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ។ នៅ​ខាងក្រៅ​រាជធានីពី​ខាងកើត ទ្រង់​បាន​ចាត់​ឱ្យ​កសាង​យឝោធរាឝ្រម "អាវាស​របស់​យឝោ" ។

វ្រះបាទយឝោវម៌្មបាន​កសាង​ប្រាសាទ​លលៃ​ផង​ដែរ នៅ​ជិត​ប្រាសាទ​បាគោ និង​បាគង ដើម្បី​ថ្វាយ​ដល់​ព្រះ​វិញ្ញាណខន្ធ​វ្រះបាទ​ឥន្ទ្រវម៌្មទី១ ជា​ព្រះ​បិតា​ ព្រះ​នាង​ឝ្រីឥន្ទ្រទេវី ជា​ព្រះ​មាតា​ និង​ព្រះ​វិញ្ញាណខន្ធ​របស់​វ្រះបាទមហីបតិវម៌្ម និង​ព្រះ​នាងរាជេន្ទ្រទេវី ជា​ព្រះ​អយ្យកោ​អយ្យកា ព្រោះថាព្រះ​អង្គ​មាន​ព្រះ​កិត្ដិយស ជា​ពិសេស គឺ​ដោយ​សារ​ខ្សែ​ព្រះ​លោហិត​ខាង​ព្រះ​មាតា។

វ្រះបាទ​យឝោវម៌្មពេញចិត្ដ​នឹង​ការ​ធ្វើ​សង្គ្រាម​ណាស់។ ក្រោយ​ពី​មាន​ជ័យជំនះ​លើស​ត្រូវ​ផ្ទៃក្នុង ហើយ​រៀបចំ​ឱ្យ​មាន​ក្រុម​ចារកម្ម​គ្រប់គ្រង​លើ​ពួក​នេះ​រួច​មក ព្រះ​អង្គ​បាន​ធ្វើការ​ប្រយុទ្ធ​រុញ​ច្រាន​ទៅ​លើស​ត្រូវ​ខាងក្រៅ ធ្វើ​ឱ្យ​ពួក​នេះ​ចុះចាញ់ ហើយ​ទ្រង់​បាន​ដាក់​ស្ដេច​បរាជ័យ​ជា​ច្រើន​ជា​ទាសករ។ ព្រះ​អង្គ​ក៏​មាន​ជ័យជំនះ​ផង​ដែរក្នុង​សង្គ្រាម​តាម​សមុទ្រ "ទៅ​លើ​កង​នាវាចរណ៍​របស់​សត្រូវ​ដែល​មាន​សំពៅ​ថ្មីៗ​ពណ៌​ស​រាប់​ពាន់" ដែល​ព្រះ​អង្គ​វាយ​បាក់​បែក​អស់។

វ្រះបាទយឝោវម៌្ម​ប្រហែលជា​បាន​ធ្វើ​សង្គ្រាមហើយ​មាន​ជ័យជំនះ​លើ​ពួក​ចាម​ផង​ដែរ ដែល​ទ្រង់​តាម​វាយ​ប្រហារ​រហូត​រាជធានី​ស្ថិត​នៅ​លើ​ភ្នំ​វែក​ព្រមទាំង​បាន​ ចាប់​ស្ដេច​ចាម​ព្រះ​នាម​ស្រីជយេន្ទ្រវម៌្ម​ជា​ឈ្លើយ រួច​លើក​ឧត្ដមសេនីយ៍​ចាម​មួយ​រូប​ឱ្យ​ឡើង​សោយរាជ្យ​ជំនួស។ ពួក​ចាម​បាន​ប្រមូលគ្នា​ត្រៀមចាំ​នៅ​ចន្លោះ​ពី​រាជធានី​មក​ព្រំប្រទល់ ដែល​មាន​ចំនួន​ទាំងអស់​១២​សង្កាត់ ហើយ​បាន​ធ្វើការ​វាយ​មក​លើ​ទ័ព​ព្រះ​អង្គ​យ៉ាង​ខ្លាំង ពេល​ទ្រង់​យាង​ត្រលប់​មក​ព្រះ​នគរ​វិញ ធ្វើ​ឱ្យ​ព្រះ​អង្គ​ថយ​ដៃ វាយ​ដកថយ​រហូត​ទៅ​ដល់​ភ្នំ​ត្រៃយការ។ នៅ​លើ​ភ្នំ​នោះ ទ្រង់​បាន​ជ្រក​នៅ​ក្នុង​បន្ទាយ​មួយ​ដែល​មាន​កំពែង​ការពារ​រឹង​មាំ រួច​ទើប​ចាប់​វាយបក​ទៅ​លើ​ទ័ព​សត្រូវ បំផ្លាញ​សង្កាត់​ទាំង​១២​មួយ​ម្ដងៗ។​ ព្រះ​អង្គ​ស្ទើរតែ​ក្ស័យ​ព្រះ​ជន្ម​ម្ដងទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​បើ​ កុំ​តែ​បាន​សេនា​ការពារ​បូជា​ជីវិត​ការពារ​ព្រះ​អង្គ។

ក្រៅពីសង្គ្រាម​វ្រះបាទយឝោវម៌្ម​ជា​ព្រះរាជា​មួយ​អង្គ​ពូកែ​ខាង​ការងារ​រដ្ឋបាល​ទៀត​ផង។ ​សោយរាជ្យ​លើ​នគរ​មួយ​ដែល​មាន​ប្រជាជន​រំពើត​រំពើង ទ្រង់​បាន​រៀបចំ​ប្រជារាស្ដ្រ​ជា​៤​វណ្ណៈ ដែល​ក្នុង​នោះ​ពួក​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍​អន្ដោប្រវេសន៍ បាន​ត្រូវ​បាន​ចែក​តាម​វណ្ណៈ​នីមួយៗ ហើយ​ទ្រង់​ក៏​បាន​រៀបចំ​ឋានៈ​របស់​សេនា​មន្ដ្រី​ផង​ដែរ។ ដោយ​មាន​សត្រូវ​ច្រើន ព្រះ​អង្គ​បាន​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​ស្ដេច​នគរ​ជិតខាង ហើយ​បាន​ផ្ដល់​ឯកសិទ្ធិ​ដល់​ជនបរទេស​ដែល​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​ថែម​ទៀត។

ព្រះ​អង្គ​គោរព​បូជា​ព្រះ​សិវៈ ក៏​ប៉ុន្ដែមិន​ប្រកាន់​និកាយ​ណា​មួយ​ទេ ហើយ​ចេះ​សន្ដោស​ប្រណី ពីព្រោះ​ថាទ្រង់​មាន​មន្ដ្រី​មួយ​រូប​ជាប់​ខ្សែ​ព្រះរាជ​វង្ស​ដែរ ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា។ ទ្រង់​ចូល​ចិត្ដ​សិល្បៈ ហើយ​មាន​អ្នកប្រាជ្ញ​បណ្ឌិត​នៅ​ជុំវិញ​ព្រះ​អង្គ។ ពេល​ណា​ព្រះ​អង្គ​ចេញ​ធ្វើសង្គ្រាម ទ្រង់​អនុវត្ដ​តាម​ទស្សនៈ​របស់​អ្នកប្រាជ្ញ​បណ្ឌិត​ទាំង​អស់នោះ។

វ្រះបាទ​យឝោវម៌្ម បាន​សុគត​នៅ​ឆ្នាំ ​៩០៨​ នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ ​៨៣០ ដោយ​បាន​បន្សល់​ទុក​នូវ​ព្រះ​កិត្ដិនាម​ថាជា​ព្រះ​ចៅ​អធិរាជ​លើ​អស់​ព្រះរាជា​ទាំងឡាយជា​ព្រះរាជា​ល្អ​ឥត​ខ្ចោះជា​ព្រះអាទិត្យ។ ព្រះ​អង្គ​មាន​ព្រះ​មរណនាម​ថា បរមឝិវលោក ។

                                     

2. ស្នាព្រះហស្ថយឝោវម៌្មទី១

កំឡុងឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់ ព្រះអង្គបានកសាងអាស្រម ១០០ ទូទាំងនគររបស់ទ្រង។ អាស្រមនីមួយៗ ត្រូវបានប្រើជាទីកន្លែងសំរាកកាយសំរាប់តាបស និងព្រះអង្គកំឡុងព្រះរាជដំណើររបស់ព្រះអង្គ។ នៅឆ្នាំ ៨៩៣ ព្រះអង្គបានចាប់ផ្ដើមកសាងបារាយណ៍ឥន្ទ្រតដាក អាងទឹក ដែលត្រូវបានចាប់ផ្ដើមដោយព្រះបិតារបស់ទ្រង់។ នៅចំកណ្ដាលបារាយណ៍នេះ បច្ចុប្បន្នហួតហែងអស់ហើយ ទ្រង់បានកសាងប្រាសាទលលៃ។ ក្នុងពេលតំណាលគ្នា ព្រះអង្គបានចាប់ផ្ដើមជីកបារាយណ៍យ៉ាងធំមួយនៅឯរាជធានីថ្មី ដែលបានពិពណ៌នានៅខាងក្រោម។ បឹងសិប្បនិមិត្តថ្មីនេះ យឝោធរតដាក រឺ បារាយណ៍ខាងកើត ធំជាងបារាយណ៍ចាស់ប្រាំបីដង។

យឝោវម៌្មគឺជាក្សត្រធំមួយអង្គក្នុងចំណោមស្ដេចធំនៅសម័យអង្គរ។ ស្នាព្រះហស្ថដ៏ធំបំផុតរបស់ទ្រង់គឺការរើរាជធានីពីហរិហរាលយ ទៅយឝោធរបុរ ដែលវាបានស្ថិតនៅទីនោះអស់រយៈពេល ៥០០ ឆ្នាំ។ នៅឯរាជធានីថ្មីនេះជាកន្លែងដែលបូជនីយដ្ឋានខាងសាសនាដ៏ល្បីល្បាញនិងធំៗត្រូវបានគេកសាងឡើង ឧ. អង្គរវត្ត។ មានហេតុផលជាច្រើនចំពោះការរើរាជធានីនេះ។ រាជធានីចាស់ពោរពេញទៅដោយប្រាសាទជាច្រើនដែលបានកសាងឡើងដោយក្សត្រអង្គមុន។ ដូច្នេះ ការសំរេចចិត្តនេះគឺជាការសំរេចចិត្តបែបសាសនា: ទុកសំរាប់ស្ដេចថ្មីធ្វើឱ្យរុងរឿង ទ្រង់ត្រូវសាងប្រាសាទផ្ទាល់ខ្លួនព្រះអង្គ និងនៅពេលពេលទ្រង់សោយទិវង្គត វានឹងក្លាយជាផ្នូររបស់ព្រះអង្គ ព្រះសុសាន។ ទីពីរ រាជធានីថ្មីនៅកៀកជិតស្ទឹងសៀមរាប និងវាស្ថិតនៅចំកណ្ដាលផ្លូវរវាងភ្នំគូលែន និងទន្លេសាប។ ដោយការរើរាជធានីនេះទៅជិតប្រភពទឹក ស្ដេចអង្គនេះអាចទទួលប្រយោជន៍ជាច្រើនដែលបានផ្ដល់ឱ្យដោយស្ទឹង និងទន្លេទាំងពីរ។ ព្រះអង្គទ្រង់ក៏បានកសាងផ្លូវមួយភ្ជាប់រាជធានីចាស់ទៅរាជធានីថ្មី។

ប្រាសាទលលៃ ភ្នំបាខែង និង បារាយណ៍ខាងកើត គឺជាបូជនីយដ្ឋានចំពោះក្សត្រអង្គនេះ ទីសក្ការៈទាំងអស់នេះស្ថិតនៅក្បែររតនៈសម្បត្តិជាតិខ្មែរ សំណង់នេះក្រោយមកគេ ស្គាល់ថាអង្គរវត្ត។ ភ្នំបាខែងគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទលើកំពូលភ្នំបីដែលត្រូវបង្កើតឡើងនៅតំបន់រាជធានីអង្គរនៃចក្រភពកម្វុជទេឝកំឡុងរជ្ជកាលយឝោវម៌្ម ពីរទៀតស្ថិតនៅលើកំពូលភ្នំក្រោម និង ភ្នំបូក។

ព្រះអង្គត្រូវបានអ្នកប្រវត្តិវិទូមួយចំនួន ចាត់ទុកជាស្តេចដ៏ខ្លាំងពូកែក្នុងការធ្វើសង្រ្គាមមិនដែលចាញ់ មានសមត្ថភាពខ្ពស់ក្នុងការ​ដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និង សាសនាចក្រ និងជាស្ថាបនិកទី១ ក្នុងការកសាង​រាជធានីអង្គរ ដែលកេរតំណែលទាំងនេះ បន្សល់ទុករហូតដល់សព្វថ្ងៃ រូមមានកំពែងគូទឹក​ព័ទ្ធជុំវិញរាជធានីដើម្បីការពារសត្រូវជិតឆ្ងាយ ហើយប្រឡាយទឹកជាប្រព័ន្ធធារាសាស្រ្តដ៏​ សំខាន់សំរាប់ យកទឹកប្រកបការងារកសិកម្ម។ ស្នាព្រះហស្ថរបស់វ្រះបាទយឝោវម៌្មទី១ ​ត្រូវបានគេស្រាវជ្រាវឃើញមាន៖

១ - ប្រាសាទបាខែង ស្ថិតនៅលើកំពូលភ្នំបាខែងនៅខាងឆ្វេងដៃចូលពីប្រាសាទអង្គរវត្ត​ ឆ្ពោះទៅអង្គរធំដែលកសាងក្នុងអំឡុងសតវត្សទី៩ ដើមសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយ​លទ្ធិព្រហ្មញ្ញសាសនាក្នុងនោះមានតំកល់លិង្គព្រះឥសូរ និងយោនីព្រះនាងឧមា។ ប្រាសាទនេះ​មានកំពូលចំនួន ១០៨ និងកំពស់ ៤៥ មាត្រ តំណាងឲ្យភ្នំព្រះសុមេរុមាន ៧ ជាន់ ខ្លះថាតំណាង​ឲ្យឋានសួគ៌ទាំង ៧ ជាន់របស់ព្រះឥន្រ្ទុ។ ប្រាសាទទាំងនេះទោះបីជារងនៅការបំផ្លិចបំផ្លាញ ​អស់មួយចំនួនធំក្តី ប៉ុន្តែដោយសារអតីតរាជធានីនេះអំណោយផលផ្នែកធម្មជាតិស្រស់បំព្រង​ ខ្យល់បរិសុទ្ធលាយឡំ នឹងសំឡេងសត្វយំ ហើយទីនោះខ្ពស់ស្រឡះអាចមើលឃើញទិដ្ឋភាព​នានាបាន ភ្ញៀវទេសចរណ៍ពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាទៅទស្សនានៅទីនោះពេលថ្ងៃរៀបអស្តង្គត​ យ៉ាងច្រើនកុះករ។ ២ -ប្រាសាទលលៃ ស្ថិតនៅអតីតទីក្រុងហរិហលយក្បែរប្រាសាទព្រះគោ និងប្រាសាទបាគង​ដែលកសាងក្នុងអំឡុងឆ្នាំ ៨៩៣ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ និង ព្រះបិតារបស់ព្រះអង្គ កាលនោះ​ប្រាសាទនោះ ស្ថិតនៅកណ្តាលបារាយណ៍ឥន្ទ្រតដាក បច្ចុប្បន្នទីនេះក្លាយទីរមណីយដ្ឋានប្រវត្តិ​សាស្រ្តជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍។ ៣ -ប្រាសាទព្រះវិហារ ស្ថិតនៅភូមិជ្រុះ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅលើជួរភ្នំ​ដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះមានទំហំ ៨០០ មាត្រគុណនឹង ៤០០ មាត្រ កំពស់ ៦២៥ មាត្រដើម្បីថ្វាយព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនាហើយប្រាសាទនេះត្រូវបាន​ ប្រទេសកាន់កាប់នៅ សម័យអាណានិគមនិយមបារាំង។ ប៉ុន្តែក្រោមការដឹកនាំរបស់ប្រមុខ​ រាជរដ្ឋាភិបាល និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ ប្រាសាទព្រះវិហារត្រូវបានតុលាការ​អន្តរជាតិទីក្រុងឡាអេ សំរេចប្រគល់ឲ្យកម្ពុជា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២។ រមណីយដ្ឋានប្រវត្តិ​សាស្ត្រដ៏ល្បីល្បាញមួយនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ពីគ្រប់មជ្ឈដ្ឋាន ​នាំគ្នាទៅទស្សនាព្រោះមានប្រព័ន្ធគមនាគមន៍ចេញចូលបង្កលក្ខណៈងាយស្រួលដល់ប្រជា​ពលរដ្ឋ និងអ្នកទេសចរណ៍ចំរុះជាតិសាសន៍។
                                     

3. ពង្សាវលី

  • ព្រះភគិនី ព្រះនាងមហេន្ទ្រទេវី, ជយទេវី
  • ព្រះនត្តា ព្រះនាមមិនស្គាល់។
  • ព្រះបិតាព្រះនាម ឥន្ទ្រវម៌្មទី១ និងព្រះមាតាព្រះនាម ឥន្ទ្រទេវី
  • ព្រះអយ្យកាព្រះនាម ប្ឫថិវេន្ទ្រវម៌្ម និង ព្រះអយ្យកោព្រះនាម ប្ឫថិវេន្ទ្រទេវី
  • ព្រះនាងបានប្រសូតបានបុត្រពីរអង្គឱ្យយឝោវម៌្ម គឺ ឦឝានវម៌្មទី២ និង ហឝ៌វម៌្មទី១។
  • មហេសីនៃយឝោវម៌្មគឺជាព្រះភគិនីនៃជយវម៌្មទី៤។
                                     

4. ឯកសារយោង

  • Coedes, George. The Indianized States of Southeast Asia. East-West Center Press 1968.
  • Higham, Charles. The Civilization of Angkor. University of California Press 2001.
  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society 1951.