Back

ⓘ ព្រះមហាមកុដរាជ្យ. ក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាយើង តាំងតែអំពីសម័យបុរាណរៀងមក មកុដគឺជាគ្រឿងប្រដាប់ព្រះសិរសាមួយប្រភេទ ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់ ..




                                     

ⓘ ព្រះមហាមកុដរាជ្យ

ក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាយើង តាំងតែអំពីសម័យបុរាណរៀងមក មកុដគឺជាគ្រឿងប្រដាប់ព្រះសិរសាមួយប្រភេទ ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់សំគាល់អង្គព្រះរាជាដែលជាម្ចាស់ផែនដី។

ព្រះមហាមកុដរាជ្យដែលប្រើប្រាស់តាំងពីរជ្ជកាលមុនៗមក មានរាងក្រឡូម កំពូលស្រួចឆ្ពោះឡើងទៅលើហើយរំលេចដោយរំលេចក្បាច់រចនាដ៏ល្អវិចិត្រសម្រិតសម្រាំងជាទីបំផុត មានការពណ៌នាថាព្រះមហាមកុដរាជ្យនេះគឺសាងពីមាសបរិសុទ្ធនិងមានដាំត្បូងពេជ្រចម្រុះពណ៌ ប្រៀបប្រដូចទៅហ្នឹងភ្នំព្រះសុមេរុដែលជាចំណុចកណ្ដាលនៃចក្រវាឡក្នុងទេវកថាដូច្នោះដែរ។ ក្រៅអំពីតួមកុដដែលមានរាងខ្ពស់ច្រលឹងហើយនោះ ព្រះមហាមកុដមានគ្រឿងប្រដាប់អមមួយទៀត គឺជរព្រះកាណ៌ដែលជាគ្រឿងឆ្លាក់ក្បាច់វិចិត្រ រចនាទម្រង់ជាកន្ទុយហង្សមានដាំត្បូងពេជ្រ សម្រាប់ប្រដាប់លំអរព្រះកាណ៌ទាំងសងខាងពេលព្រះករុណាទ្រង់គ្រងព្រះមហាមកុដ។

ព្រះមហាមកុដកាលដើមឡើយជាគ្រឿងលំអរព្រះសិរនៃព្រះរាជា លុះចំណេរតមកបានក្លាយជាគ្រឿងពិសិដ្ឋស្ថិតក្នុងចំណោមគ្រឿងរាជបញ្ចកកុធភណ្ឌទាំង៥មានស្វេតឆ័ត្រ ព្រះខ័នរាជ្យ មកុដរាជ្យ វាលវិជិនី និងព្រះសុពណ៌បាទុកា ដែលព្រះមហាក្សត្រស្តេចទទួលគ្រងតែក្នុងថ្ងៃបរមរាជាភិសេកតែប៉ុណ្ណោះ ជាការសំគាល់ថាព្រះមហាក្សត្រនឹងក្លាយជាព្រះមហាក្សត្រដោយពេញបរិបូណ៌លុះត្រាតែបានគ្រងព្រះមហាមកុដរាជ្យជាគ្រឿងកកុធភណ្ឌហើយ។ ដូចនេះហើយទើបនៅក្នុងព្រះរាជពិធីបរមរាជាភិសេកនៃព្រះមហាក្សត្រ សម្តេចព្រះឥសីភ័ទ្ទាធិបតី ដែលជាធំលើក្រុមព្រាហ្មណ៍បុរោហិតទាំងឡាយត្រូវអញ្ចើញព្រះមហាមកុដរាជ្យថ្វាយព្រះករុណាទ្រង់ពាក់ដោយព្រះអង្គឯង ក្រោយពីឧកញ៉ាមហាមន្ត្រីចាងហ្វាងក្រុមព្រះរាជមន្ទីរសូត្រប្រកាសថ្វាយនូវព្រះមហាមកុដរាជ្យ គ្រឿងរាជកកុធភណ្ឌ រាជសម្បត្តិ និងសួយសារអាករ ទឹកដីព្រៃព្រឹក្សា ព្រះនគរក្រុងកម្ពុជាធិបតីរួចនោះ ដែលជាការប្រកាសថាព្រះអង្គជាព្រះមហាក្សត្រក្រុងកម្ពុជាដោយពេញបរិបូរណ៍ហើយ។ កាលពីរជ្ជកាលមុនៗកន្លងមកនេះ យើងសង្កេតឃើញព្រះមហាក្សត្រទ្រង់គ្រងព្រះមហាមកុដនេះ នាថ្ងៃព្រះរាជពិធីបរមរាជាភិសេកក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ នាវេលាប្រថាប់លើព្រះរាជយានក្នុងក្បួនប្រទក្សិណព្រះនគរ ឬនាវេលាថតព្រះឆាយាល័ក្ខណ៍ជាអនុស្សាវរីយ៍ជាដើម។

ឆ្លងកាត់សម័យកាលសង្គ្រាមដ៏ខ្លោចផ្សានាទស្សវត្សកន្លងមកគ្រឿងរាជបញ្ចកកុធភណ្ឌទាំងឡាយ រួមទាំងព្រះមហាមកុដរាជ្យផងនោះ បានបាត់ដំណឹងសូន្យឈឹង គួរអោយសោកស្តាយក្រៃលែង ជាហេតុដែលនៅសម័យក្រោយមក ក្នុងពេលដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ស្តេចយាងនិវត្តន៍ត្រឡប់មកគ្រងព្រះបរមសិរីរាជសម្បត្តិជាលើកទីពីរ ត្រូវអវត្តមាននូវគ្រឿងរាជ្យដ៏សំខាន់ទាំងនេះ។ លុះរហូតមកដល់ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្របច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជាយើង ទើបមានការសាងគ្រឿងបញ្ចកកុធភណ្ឌ ក៏ដូចជាព្រះមហាមកុដរាជ្យជាថ្មីឡើងវិញ។ដោយលោក ប្រសើរហត្ថាចំណានវិចិត្រ ស៊ុំ សាម៉ៃ​ ដែលជាជាងទងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម បានទទួលសាងគ្រឿង​រាជកកុធភណ្ថ្មី ក៏ដូចជាព្រះមហាមកុដរាជ្យថ្មី ថ្វាយសម្រាប់តម្កល់ទុកក្នុងរជ្ជកាលថ្មីយើងនេះ។