Back

ⓘ ពិធីបុណ្យឯករាជ្យជាតិកម្ពុជា. បុណ្យឯករាជ្យជាតិ គឺជាពិធីបុណ្យជាតិដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកាជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា។ ពិធីបុណ្យនេះចាប់ផ្តើមប្រារព្ ..




                                     

ⓘ ពិធីបុណ្យឯករាជ្យជាតិកម្ពុជា

បុណ្យឯករាជ្យជាតិ គឺជាពិធីបុណ្យជាតិដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកាជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា។ ពិធីបុណ្យនេះចាប់ផ្តើមប្រារព្ធធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញចេញពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ទីតាំងប្រារព្ធអបអរសារទរគឺធ្វើឡើងនៅវិមានឯករាជ្យនៃរាជធានីភ្នំពេញជាមួយនឹងកម្មវិធីនិងព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀត។ ការប្រារព្ធអបអរពិធីបុណ្យឯករាជ្យជាតិក៏មានវត្តមាននៅតាមខេត្តក្រុងផ្សេងៗនៃប្រទេសកម្ពុជាផងដែរ។

                                     

1. ប្រវត្តិ

បារាំងបានចុះមកដាក់អាណានិគមលើកម្ពុជានៅឆ្នាំ១៨៦៣។ នៅអំឡុងឆ្នាំ១៩៤៩ ព្រះបាទនរោត្តម សីហនុបានចាប់ផ្តើមធ្វើការទាមទារឯករាជ្យពីបារាំង។ បន្ទាប់ពីស្ថិតនៅក្រោមនឹមអាណានិគមបារាំងអស់រយៈពេល ៨០ ឆ្នាំ ទីបំផុតប្រទេសកម្ពុជាក៏ទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ ដោយសារសាមិទ្ធិកម្មដ៏អស្ចារ្យនេះ ប្រជារាស្ត្រខ្មែរគ្រប់រូបបានចាត់ទុកសម្តេចថាជា"ព្រះបិតាឯករាជ្យជាតិខ្មែរ" ឬ"ព្រះមហាវីរបុរសជាតិ"។ ក្រោមការដឹកនាំរបស់ព្រះអង្គក្រោយឯករាជ្យ ប្រទេសកម្ពុជាបានឆ្លងកាត់ការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ។

                                     

2. ការប្រារព្ធ

បុណ្យឯករាជ្យជាតិគឺជាពិធីបុណ្យដ៏សំខាន់និងពិសេសមួយសម្រាប់ជាតិខ្មែរទាំងមូល។ វាជាតំណាងឱ្យការតស៊ូយកឈ្នះលើនឹមអាណានិគមរបស់បរទេសលើកម្ពុជា។ បុណ្យឯករាជ្យជាតិត្រូវប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស ជាពិសេសគឺនៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃប្រារព្ធនោះ ថ្នាក់ដឹកនាំនិងតំណាងអង្គការរដ្ឋនិងមន្ទីរសាធារណៈការទាំងអស់គឺតម្រូវឱ្យចូលរួមនិងប្រារព្ធពិធីផ្លូវការនៅអំឡុងពេលព្រឹក។ ជាធម្មតា ផ្លូវនៅជុំវិញនិងក្បែរវិមានឯករាជ្យត្រូវបានបិទដើម្បីផ្តល់កន្លែងទំនេរសម្រាប់ដំណើរការពិធី។ ពិធីទាំងមូលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិនិងវិទ្យុ។ ចំណែកឯបណ្តាញទូរទស្សន៍ផ្សេងៗក៏តម្រូវឱ្យចាក់ផ្សាយពិធីនេះដូចទូរទស្សន៍ជាតិផងដែរដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានភាពងាយស្រួលក្នុងការទស្សនា។

រាល់អគាររដ្ឋនិងរដ្ឋាភិបាលទាំងឡាយត្រូវបានតុបតែងជាមួយបាវចនាមួយចំនួនទាក់ទងនឹងឯករាជ្យភាពរបស់កម្ពុជាអមជាមួយនឹងភ្លើងពន្លឺដ៏ត្រចះត្រចង់។ នៅពេលយប់គឺមានពិធីបាញ់កាំជ្រួចនៅទន្លេចតុមុខដែលស្ថិតនៅទល់មុខព្រះបរមរាជវាំង។