Back

ⓘ កាល់ ម៉ាក្ស. កាល់ ហ៊ែនរីច ម៉ាក្ស គឺជាទស្សនវិទូ អ្នកជំនាញសេដ្ឋកិច្ច អ្នកកាសែត ប្រវត្តិវិទូ សង្គមវិទូ ទ្រឹស្តីវិទូនយោបាយ និងជាអ្នកបដិវត្តន៍សង្គមនិយមជនជាតិអាល្លឺម៉ ..




កាល់ ម៉ាក្ស
                                     

ⓘ កាល់ ម៉ាក្ស

កាល់ ហ៊ែនរីច ម៉ាក្ស គឺជាទស្សនវិទូ អ្នកជំនាញសេដ្ឋកិច្ច អ្នកកាសែត ប្រវត្តិវិទូ សង្គមវិទូ ទ្រឹស្តីវិទូនយោបាយ និងជាអ្នកបដិវត្តន៍សង្គមនិយមជនជាតិអាល្លឺម៉ង់ម្នាក់។ ម៉ាក្សបានចាប់កំណើតនៅទីក្រុងទ្រីអ៊ឺរនៃប្រទេសអាល្លឺម៉ង់ ហើយម៉ាក្សបានចាប់ផ្តើមរៀនវិជ្ជាច្បាប់និងទស្សនវិជ្ជានៅឯសកលវិទ្យាល័យ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រីជេននី វ៉ន វេសផាលិននៅក្នុងឆ្នាំ១៨៤៣។ ដោយសារតែសកម្មភាពបោះពុម្ភផ្សព្វផ្សាយរឿងនយោបាយរបស់គាត់ ម៉ាក្សត្រូវបានក្លាយជាបុគ្គលគ្មានសញ្ជាតិហើយបានទៅរស់នៅនិរទេសក្រៅស្រុកជាមួយភរិយានិងកូនៗរបស់គាត់នៅទីក្រុងឡុងដ៍អស់ជាច្រើនទស្សវត្ត។ ទោះបីរស់បែបនិរទេសក៏ដោយ ម៉ាក្សនូវតែបន្តនិពន្ធជាមួយនឹងទស្សនវិទូអាល្លឺម៉ង់ម្នាក់ទៀតឈ្មោះហ្វ្រ៊ីឌ្រិច អង់ហ្គែល ហើយអ្នកទាំងពីរក៏ចាប់ផ្តើមនិពន្ធសៀវភៅជាមួយគ្នាដែលភាគច្រើនជាសៀវភៅទាក់ទងនឹងសេដ្ឋកិច្ចនិងសង្គម។ ស្នាដៃដ៏មានប្រជាប្រិយភាពបំផុតរបស់ម៉ាក្សគឺ គោលគំនិតកុម្មុយនិស្ត និង ដាសកាពីតាល ។ ទស្សនៈនយោបាយរបស់ម៉ាក្សបានផ្តល់ឥទ្ធិពលយ៉ាងខ្លាំងមកលើបញ្ញវ័ន សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រនយោបាយនៅជំនាន់ក្រោយៗ។

ទ្រឹស្តីនិងគំនិតរបស់ម៉ាក្សអំពីសង្គម សេដ្ឋកិច្ច និងនយោបាយត្រូវបានគេស្គាល់ថាម៉ាក្សនិយម ឬ"លទ្ធិម៉ាក្ស"។ ទ្រឹស្តីរបស់គាត់ក៏ជាការរិះគន់នឹងសង្គមមនុស្សកាលពីសម័យនោះផងដែរដោយពោលថាសង្គមមនុស្សបានអភិវឌ្ឍន៍ទៅមុខតាមរយៈជម្លោះនៃវណ្ណៈ។ នៅក្នុងសង្គមមូលធន វណ្ណៈដឹកនាំ ឬវណ្ណៈគហបតី គឺជាអ្នកគ្រប់គ្រងលើមធ្យោបាយផលិតកម្ម រីឯវណ្ណៈកម្មករ ឬវណ្ណៈពលជីវី គឺជាអ្នកលក់កម្លាំងកាយឱ្យទៅគេដើម្បីទទួលបានប្រាក់ឈ្នួលមកវិញ។ ម៉ាក្សបានទាយថា មូលធននិយមកំពុងបង្កើតឱ្យមានភាពតានតឹងផ្ទៃក្នុងដូចជាប្រព័ន្ធសង្គមសេដ្ឋកិច្ចមុនៗអញ្ចឹងដែរហើយយូរៗទៅវានឹងវិនាសរលាយដោយសារខ្លួនឯងនិងត្រូវជំនួសមកវិញនូវប្រព័ន្ធថ្មីហៅថាផលិតកម្មសង្គមនិយម។ ចំពោះម៉ាក្ស ការប្រឆាំងនឹងថ្នាក់វណ្ណៈក្រោមរបបមូលធននឹងបង្កបង្កើតឱ្យមានវិបត្តិនិងអស្ថិរភាពសេដ្ឋកិច្ចខ្ពស់បន្ទាប់មកវានឹងពង្រឹងស្មារតីអ្នកវណ្ណៈពលជីវី កម្មករ ទាសករ ហើយមិនយូរប៉ុន្មាន ស្មារតីក្នុងការឡើងកាន់កាប់អំណាចនយោបាយនឹងជ្រាបចូល រួចទីបំផុត សង្គមកុម្មុយនិស្តដែលគ្មានការបែងចែកថ្នាក់វណ្ណៈនឹងត្រូវបានបង្កើតឡើង។ ម៉ាក្សតែងតែជម្រុញឱ្យវាកើតមានឡើងដោយលើកយកហេតុផលថា វណ្ណៈកម្មករគួរតែចាប់អនុវត្តសកម្មភាពបដិវត្តន៍ដើម្បីផ្តួលរំលំមូលធននិយមនិងនាំមកនូវការរំដោះសេដ្ឋកិច្ចសង្គម។

ម៉ាក្សត្រូវបានគេចាត់លោកថាជាបុគ្គលម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកហើយស្នាដៃនិងការងាររបស់គាត់ត្រូវបានទទួលទាំងការកោតសរសើរនិងការរិះគន់។ ការងាររបស់គាត់នៅក្នុងផ្នែកសេដ្ឋកិច្ចគឺបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការយល់ដឹងជាច្រើននៃកម្លាំងពលកម្មបច្ចុប្បន្ននិងទំនាក់ទំនងរបស់វាទាក់ទងនឹងមូលធននិងគំនិតសេដ្ឋកិច្ចជាបន្តបន្ទាប់។ បញ្ញវ័ន សហជីព សិល្បករ និងគណបក្សនយោបាយជាច្រើនទូទាំងពិភពលោកបានប្រកាន់យកនូវគំនិតរបស់ម៉ាក្សជាគោលដោយកែប្រែតិចតួចឬសម្របសម្រួលគំនិតរបស់គាត់។ ជាធម្មតា ម៉ាក្សត្រូវបានគេលើកឡើងថាជាស្ថាបត្យករសំខាន់ម្នាក់នៃវិទ្យាសាស្ត្រសង្គមទំនើប។

                                     

1.1. ជីវប្រវត្តិ កុមារភាព និងការសិក្សាដំបូង៖ ១៨១៨–១៨៣៦

កាល់ ហ៊ែនរិច ម៉ាក្សបានកើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨១៨ នៅទីក្រុងទ្រីអ៊ឺរក្នុងរាជាណាចក្រព្រុស។ ម៉ាក្សមានដើមកំណើតជាជនជាតិជីហ្វីមែនប៉ុន្តែគាត់មិនបានកាន់សាសនាជីហ្វីឬសាសនាអ្វីផ្សេងនោះទេ។ ជីតាខាងម្តាយរបស់ម៉ាក្សគឺជាគ្រូបង្រ្វៀនផ្នែកច្បាប់ម្នាក់ដែលមានសញ្ជាតិជីហ្វីកាត់ហុល្លង់ហើយគាត់បានមកបង្រ្វៀនច្បាប់នៅទីក្រុងទ្រីអ៊ឺរចាប់តាំងពីឆ្នាំ១៧២៣ មកម្លេះ, ឈ្មោះរបស់គាត់គឺ ម៉ៃអ៊ឺរ ហាលេវី ម៉ាក្ស។ ឪពុករបស់ម៉ាក្សគឺជាបុគ្គលដំបូងក្នុងត្រកូលគ្រួសារគាត់ដែលបានចាប់ការសិក្សាតាមបែបសាសនា។ គាត់បានក្លាយជាមេធាវីម្នាក់ដែលទទួលបានប្រាក់ចំណូលមធ្យម វណ្ណៈកណ្តាល មិនត្រឹមតែប៉ុណ្ណោះ ឪពុករបស់ម៉ាក្សក៏ជាម្ចាស់ចម្ការទំពាំងបាយជូរម៉ូសែលផងដែរ។

ហ៊ែនរីច ម៉ាក្ស ឪពុកកាល់ ម៉ាក្ស គឺជាបុគ្គលដែលមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ម្នាក់ ហើយគាត់បានចាប់អារម្មណ៍ទៅនឹងគំនិតទស្សនៈរបស់ទស្សនវិទូមួយចំនួនដូចជា អេម៉ានុយអែល កង់ និងវ៉ុលទែរ។ ក្នុងនាមជាអ្នកសេរីនិយមម្នាក់ គាត់បានចូលរួមញុះញង់ឱ្យមានការធ្វើកំណែទម្រង់និងរដ្ឋធម្មនុញ្ញនៅក្នុងរាជាណាចក្រព្រុស ដែលកាលនុះត្រូវជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្តាច់ការ។ នៅឆ្នាំ១៨១៥ ហ៊ែនរីច ម៉ាក្សបានចាប់ផ្តើមប្រកបរបរជាមេធាវីហើយនៅក្នុងឆ្នាំ១៨១៩ គាត់និងគ្រួសារបានផ្លាស់ប្តូរទីលំនៅទៅនៅផ្ទះដប់បន្ទប់ក្បែរព័រតានីក្រា។ ភរិយារបស់គាត់ឈ្មោះហេនរីត ប្រេស៍ប៊ឺក ម្តាយកាល់ ម៉ាក្ស គឺជាស្ត្រីជនជាតិជីហ្វីកាត់ហុល្លង់ម្នាក់មកពីគ្រួសារអ្នកជំនួញដ៏ស្តុកស្តម្ភមួយ។ ប្អូនស្រីរបស់គាត់ឈ្មោះសូហ្វី ប្រេស៍ប៊ឺកបានចូលរៀបការជាមួយលោកលីអង ហ្វីលីព។ លីអង ហ្វីលីពគឺជាម្ចាស់ក្រុមហ៊ុនផលិតតូបាកូនិងជាអ្នកជំនាញឧស្សាហកម្មជនជាតិហុល្លង់ដ៏ស្តុកស្តម្ភម្នាក់ ហើយគាត់ជាអ្នកដែលផ្តល់ប្រាក់កម្ចីទៅឱ្យម៉ាក្សខណៈពេលដែលម៉ាក្សកំពុងស្នាក់នៅក្នុងទីក្រុងឡុងដ៍។

ប្រវត្តិលម្អិតអំពីកុមារភាពរបស់ម៉ាក្សគឺមិនសូវមានអ្នកដឹងឮនោះទេ។ គាត់គឺជាកូនទីបីក្នុងចំណោមបងប្អូនចំនួនប្រាំបួននាក់ហើយម៉ាក្សបានក្លាយជាកូនច្បងគេនៅពេលដែលបងប្រុសរបស់ម៉ាក្សឈ្មោះម៉ូរីតស៍បានទទួលអនិច្ចកម្មនៅឆ្នាំ១៨១៩។ ដំបូងឡើយ ម៉ាក្សត្រូវបានអប់រំបង្ហាត់បង្រៀនដោយឪពុករបស់គាត់ផ្ទាល់មុនពេលត្រូវបានបញ្ជូនទៅរៀននៅវិទ្យាល័យទ្រីអ៊ឺរក្នុងឆ្នាំ១៨៣០ ដែលមាននាយកសាលាឈ្មោះហ៊ូកូ វីថិនប៉ាកជាមិត្តរបស់ឪពុកគាត់។ ដោយបានជ្រើសយកអ្នកសេរីនិយមធ្វើជាគ្រូបង្រៀនភាគច្រើននៅក្នុងសាលាខ្លួន រដ្ឋាភិបាលអភិរក្សនិយមក្នុងតំបន់នោះក៏ចាប់ផ្តើមមានការសង្ស័យនិងខ្លឹងជាខ្លាំងជាមួយវីថិនប៉ាក។ នៅឆ្នាំ១៨៣២ ក្រុមនគរបាលបានចុះមកត្រួតពិនិត្យសាលានោះហើយបានរកឃើញថាគ្រូៗភាគច្រើនបានបង្ហាត់បង្រៀនសិស្សឱ្យស្រឡាញ់លទ្ធិសេរីនិយម។ ដោយឃើញបែបនេះ អាជ្ញាធរបានតែងតាំងគ្រូបង្រៀនថ្មីៗជាច្រើននាក់ឱ្យចូលជំនួសអ្នកសេរីនិយមទាំងអស់នោះ។

នៅខែតុលា ឆ្នាំ១៨៣៥ ក្នុងអាយុ ១៧ ឆ្នាំ ម៉ាក្សបានទៅចុះឈ្មោះនៅសកលវិទ្យាល័យបុនដោយមានបំណងចង់រៀនពីវិជ្ជាអក្សរសាស្ត្រនិងទស្សនវិជ្ជាប៉ុន្តែត្រូវបានឪពុកខ្លួនបង្ខំឱ្យចូលរៀនវិជ្ជាច្បាប់ទៅវិញ។ ដោយសារតែមានកាយលក្ខណៈមួយដែលគេច្រើនសម្តៅទៅថា"ខ្សោយដង្ហើម" ម៉ាក្សក៏បានគេចរួចផុតពីកាតព្វកិច្ចយោធានៅពេលឆ្លងចូលអាយុ ១៨ ឆ្នាំ។ អំឡុងពេលនៅសកលវិទ្យាល័យបុន ម៉ាក្សបានចូលរួមជាមួយក្រុមនិស្សិតនយោបាយមូលវិវដ្តមួយដែលមានឈ្មោះថា"ក្លិបកវី" ដោយមានការឃ្លាំមើលយ៉ាងស្អិតជាប់ពីសំណាក់ក្រុមនគរបាល។ ម៉ាក្សក៏បានចូលរួមជាមួយក្រុមមួយទៀតដែរដែលមានឈ្មោះថា Landsmannschaft der Treveraner ដែលគំនិតជាច្រើនត្រូវបានបោះពិភាក្សាវិភាគទៅវិញទៅមកដោយសមាជិកក្រុមហើយមានគេបាននិយាយថាម៉ាក្សបានធ្វើជានាយករងនៃក្លិបនោះថែមទៀតផង។ ម៉ាក្សក៏បានជួបនូវបញ្ហាជម្លោះដ៏ធ្ងន់ធ្ងរមួយចំនួនផងដែរ ឧទាហរណ៍៖ នៅអំឡុងខែសីហា ឆ្នាំ១៨៣៦ ម៉ាក្សបានចូលវាយគ្នាមួយស្មើជាមួយនឹងសមាជិកម្នាក់មកពីក្រុមបូរ៉ូស៊ាក័ប។ ចំណាត់ថ្នាក់លេខនៃការសិក្សារបស់ម៉ាក្សដំបូងគឺមានលក្ខណៈល្អប្រសើរប៉ុន្តែយូរៗទៅ វាក៏ចាប់ផ្តើមធ្លាក់ចុះ, ដោយហេតុនេះហើយ ឪពុករបស់ម៉ាក្សក៏ត្រូវបង្ខំចិត្តបញ្ជូនម៉ាក្សទៅរៀនបន្តនៅឯសកលវិទ្យាល័យប៊ែរឡាំង។