Back

ⓘ វត្តត្រឡែងកែង ស្ថិតនៅចំកណ្ដាលអតីតរាជធានីលង្វែកដែលត្រូវបានកសាងឡើងនៅ ស.វ. ទី ១៦។ ការដាក់ឈ្មោះវត្តថាត្រឡែងកែង គឺចាប់តាំងពីការកកើតវត្តនេះដំបូងមកម្ល៉េះ ដោយសារតែនៅក្ន ..




                                     

ⓘ វត្តត្រឡែងកែង

វត្តត្រឡែងកែង ស្ថិតនៅចំកណ្ដាលអតីតរាជធានីលង្វែកដែលត្រូវបានកសាងឡើងនៅ ស.វ. ទី ១៦។ ការដាក់ឈ្មោះវត្តថា"ត្រឡែងកែង" គឺចាប់តាំងពីការកកើតវត្តនេះដំបូងមកម្ល៉េះ ដោយសារតែនៅក្នុងព្រះវិហារមានតម្កល់ព្រះពុទ្ធបដិមា ៤អង្គឈរទល់ខ្នងគ្នា បែរព្រះភក្ត្រទៅទិសធំៗ ទាំង ៤។ ប៉ុន្តែគួរអោយសោកស្តាយជាពន់ពេក ស្តេចសត្ថាទីមួយដ៏ល្ងង់ខ្លៅ បានលង់ចាញ់ឧបាយកលព្រះសង្ឃសៀម ហើយបានបញ្ជាអោយគាស់រំលើងព្រះបដិមាដ៏ស័ក្តិសិទ្ធទៅចោលនៅក្នុងទឹកទន្លេឯពាមលង្វែក។ ប្រការដែលបាត់បង់បារមីស័ក្តសិទ្ធការពារនគរ និងការកាប់ឆ្ការកំផែងព្រៃឬស្សីឥតឈប់ឈរពីសំណាក់ប្រជារាស្ត្រ ដើម្បីរកប្រាក់ឌួងផងនោះ បានធ្វើអោយបន្ទាយលង្វែកដ៏ធំ និងរឹងមាំចុងក្រោយ ត្រូវបានពួកសៀមឈ្លានពានវាយបែកនៅឆ្នាំ១៥៩៣។បច្ចុប្បន្ន នៅសល់តែព្រះបាទាចំនួន ៨ នៃព្រះបដិមាដើមតែប៉ុណ្ណោះ ប៉ុន្តែព្រះត្រឡែងកែងថ្មី ត្រូវបានស្ថាបនាឡើងវិញ ដែលមានទំហំតូចជាងមុន។ក្រៅពីនេះ នៅឃើញមានសល់ស្លាកស្នាមសំណល់បាក់បែកនៃគ្រឹះព្រះវិហារ និងប្រាសាទមួយចំនួននៅក្នុងទីធ្លាវត្ត ដូចជាព្រះវិហារ ២, វិហារមួយនៅទិសខាងកើត សង់លើគ្រឹះថ្មបាយក្រៀម និងឃើញមានសន្លឹកសីមាផងដែរ។ ឯវិហារមួយទៀត ធំ សង់ជារាងកាកបាទ នៅលើទីទួលមួយ ដែលមានគ្រឹះជាថ្មបាយក្រៀម។ នៅមុខព្រះវិហារធំនេះ មានព្រះពុទ្ធបដិមាធំមួយអង្គ ធ្វើពីថ្មភក់ ហើយនៅជុំវិញនោះ គេឃើញមានបំណែកកំពូលប្រាសាទរាងជាផ្កាឈូកចំនួន ២ និងបំណែកថ្មដែលមានក្បូរក្បាច់ផងដែរ ដែលត្រូវបានកសាងឡើងតាំងពីមុនការសាងសង់វត្តត្រឡែងកែងនៅ ស.វ. ទី ១៦៕