Back

ⓘ លោក យិត សារិន. thumb លោក យិត សារិន ព្រឹទ្ធាចារ្យល្ខោនខោល ហៅលោកតា ស ដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិត នៅក្នុងសិល្បល្ខោនខោល បានទទួលមរណភាព កាលពីយប់ថ្ងៃសៅរ៌ នៅក្នុ ..




                                     

ⓘ លោក យិត សារិន

thumb លោក យិត សារិន ព្រឹទ្ធាចារ្យល្ខោនខោល ហៅលោកតា ស ដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិត នៅក្នុងសិល្បល្ខោនខោល បានទទួលមរណភាព កាលពីយប់ថ្ងៃសៅរ៌ នៅក្នុងជន្មាយុ ៩១ ឆ្នាំ។ មរណភាព របស់លោកតា ស បានធ្វើឲ្យសាធារណៈជន ពិសេស សិល្បករល្ខោនខោល សម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ធនធានមនុស្សមួយរូប ដ៏កម្រនៅក្នុងវិស័យសិល្បល្ខោនខោល។ សពរបស់លោកបានដំកល់នៅសាលាមធ្យមវិចិត្រសិល្បៈនៅថ្ងៃចន្ទ ស្អែក ហើយនៅម៉ោង៦ ៣០ល្ងាច មានរបាំទៀនបួងសួង និង របាំស្វាក្បាច់ និងវិយោគកថា និង ពិធីឲ្យភ្លើងបូជាសពដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា។ ឆ្លៀតក្នុងឱកាសនេះ សរ ពិសី សូមរំឮកពីជីវប្រវត្តិខ្លះៗ របស់ លោក ។ លោក យិត សារិន ឈ្មោះដើម កែវ ស ត្រូវបានគេប្រសិទ្ធនាមថា ជាបិតាសាស្រ្តាចារ្យល្ខោនខោល កើតថ្ងៃ ទី ១ កក្កដា ឆ្នាំ ១៩២៥ នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ លោកព្រឹទ្ធាចារ្យ ជាកូនទី ៦ ក្នុងចំណោម បងប្អូនចំនួន ៨ នាក់ ក្នុងគ្រួសារកសិករ។ លោក បានចាប់ចិត្តស្រលាញ់និងហាត់រៀនល្ខោនខោល តាំងពីអាយុ ៧ ឆ្នាំ នៅសាលាបឋមសិក្សាវត្តស្វាយអណ្តែត នៅស្រុកកំណើតរបស់លោក។ នៅឆ្នាំ ១៩៤០ លោក បានទទួលការសព្វព្រះទ័យពី សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្តិ មុនីវង្ស កុសមៈ នារីរត្នសិរីវឌ្ឍនា ឲ្យចូលរាំជាតួស្វាទុកសម្រាប់រាំជាមួយក្រុមរបាំព្រះរាជទ្រព្យនៅព្រះបរមរាជាវាំង។ នៅវ័យ ២៤ ឆ្នាំ ក្រោយពីរៀបអាពាហ៍ពិពាហ៍ លោក ចាប់ផ្តើមបោះជំហានចូលទៅកាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈល្ខោនខោល។ ពេលនោះហើយដែល លោកតា កែវ ស ត្រូវបានព្រះករុណា ព្រះបាទនរោត្តម សីហនុ សព្វព្រះទ័យប្រោសប្រទានដង្ហែព្រះអង្គ ដើម្បីធ្វើព្រះរាជបូជនីយកម្មតាមបណ្តាខេត្តនានា ដើម្បីតស៊ូទាមទារឯករាជ្យពីបារាំង។ ប៉ុន្តែក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ លោក ក៏បានឈប់ពីការងារសិល្បៈ ដោយចូលបម្រើការជាអ្នករត់សំបុត្រនៅក្រសួងការបរទេស។ មកដល់របបខ្មែរក្រហម លោក ត្រូវបានពួកខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅខេត្តតាកែវ។ ពេលនោះហើយ ដែលលោក ប្តូរឈ្មោះដើមពី កែវ ស មក យិត សារិន ដើម្បីបំភ័ន្តមិនឲ្យពួកខ្មែរក្រហមដឹង។លោក ក៏ធ្លាប់ត្រូវបានពួកខ្មែរក្រហម ចាប់ប៉ងយកទៅសម្លាប់ តែត្រូវបានដោះលែងវិញ ដោយថាចាប់ច្រឡំមនុស្ស។ thumb ដោយសារ លោក ចេះធ្វើជាសត្វស្វា ចេះលោតក្រម៉េចក្រមើម ធ្វើឲ្យកម្មាភិបាលខ្មែរក្រហមសើចសប្បាយ លោក ក៏ត្រូវបានខ្មែរក្រហមយកចិត្តទុកដាក់ ឲ្យលោក និងគ្រួសារ បានហូបចុកគ្រប់គ្រាន់ ដើម្បីទុកឲ្យលោករាំស្វាម្តងម្កាលពេលធ្វើមិទ្ទិញ។ ក្រោយខ្មែរក្រហមដួលរលំ លោក បានងាកបន្តអាជីពជាអ្នកបង្ហាត់ល្ខោនខោល នៅស្រុកកំណើតរបស់លោកវិញ។ ហើយនៅឆ្នាំ ១៩៨០ លោក ត្រូវបានអញ្ជើញឲ្យមកបង្ហាត់បង្រៀនល្ខោនខោល នៅយកដ្ឋានសិល្បៈនិងទស្សនីយភាពនៅក្នុងភ្នំពេញ។ ឆ្នាំ ១៩៨៨ លោក ត្រូវបានផ្លាស់ប្តូរមកបង្ហាត់បង្រៀនល្ខោនខោលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បន្ទាប់ពីចូលនិវត្តន៍។ ពេលនោះភរិយារបស់លោក បានទទួលមរណភាព រីឯកូនៗ ក៏មានគ្រួសារអស់បែកចេញពីលោក។ ដោយចង់ចែករំលែកចំណេះដឹងរបស់លោក លោកតា យិត សារិន បានចំណាយពេលពាក់កណ្តាលជីវិតរបស់លោកដែលនៅសេសសល់ នៅក្នុងសិល្បៈល្ខោនខោលជាបន្តទៀត ។ នៅឆ្នាំ ១៩៩៥ លោក ត្រូវបានអញ្ជើញឲ្យមកបង្រៀននិស្សិតលើឯកទេសល្ខោនខោល។ ក្រោមមកឆ្នាំ ២០០៨ លោក ក៏ត្រូវបានអញ្ជើញឲ្យមកបង្រៀនល្ខោនខោលដល់សិស្សថ្មីៗទៀត នៅសាលាមធ្យមវិចិត្រសិល្បៈ។ ចាប់ពីឆ្នាំ ២០១៥ សុខភាពរបស់លោក ចាប់ផ្តើមទ្រុឌទ្រាមជាខ្លាំង រហូតទទួលមរណៈភាព នៅយប់ថ្ងៃទី ០៥ មីនា ឆ្នាំ ២០១៧ ។ យ៉ាងណាក៏ដោយ លោកតា មានសំណូមពរចុងក្រោយមុនពេលលាចាកលោក ថា មួយជីវិតនេះ លោក ចង់ឃើញល្ខោនខោលដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពេលស្លាប់ទៅ ក៏បិទភ្នែកជិតដែរ។ សូមរំឮកជូនថា លោកតា យិត សារិន ហៅតា ស ជាតួឯកស្វា ស ក្នុងរឿងរាមកេរ្តិ៍ នៃសិល្បៈល្ខោនខោល។ លោក ធ្លាប់បានចូលរួមសម្ដែង ក្នុងកម្មវិធីធំៗនៅក្នុងព្រះបរមរាជវាំង និងមហោស្រពជាតិ- អន្តរជាតិជាច្រើន និងបង្រៀនល្ខោនខោល ដល់សិស្សជាច្រើនជំនាន់តាំងពីឆ្នាំ១៩៨០។ ក្រៅពីការលះបង់របស់លោកតាពេញមួយជីវិតក្នុងការបង្រៀន លោកក៏បានចងក្រងសៀវភៅ អំពីល្ខោនខោលខ្មែរ តាំងពីដើមរហូតដល់ចប់នូវរឿងរាមកេរ្តិ៍ មានចំនួនជាង១០០ភាគ។ ក្រៅពីនេះ ព្រឹទ្ធាចារ្យ យិត សារិន ក៏បានផលិតចងក្រងរូបក្បាំងមុខ តួអង្គល្ខោនខោលបានចំនួនជាង១០០តួអង្គ ដែលមានមុខ និងពណ៌ខុសៗគ្នា៕