Back

ⓘ អង្គអេង. ព្រះបាទអង្គអេង គ្រងរាជ្យចាប់ពីឆ្នាំ នៅចុងឆ្នាំ ១៧៧៩ ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម​ ៧ ព្រះវស្សា។ ប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ ..




អង្គអេង
                                     

ⓘ អង្គអេង

ព្រះបាទអង្គអេង គ្រងរាជ្យចាប់ពីឆ្នាំ នៅចុងឆ្នាំ ១៧៧៩ ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម​ ៧ ព្រះវស្សា។ ប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ្វ៊ាមូទាំងអស់។

ក្នុងឆ្នាំ ១៧៩៤ ព្រះអង្គអេងបានរៀបអភិសេកនៅក្នុងព្រះជន្ម ២២ វស្សានៅទីក្រុងបាងកក។ គ្រឿងបញ្ចក្សេតជាពិសេសគឺព្រះខ័ឌ្គរាជ្យដែលចៅហ្វ៊ាបែនបានលួចយកទៅឲ្យសៀម ក៏ត្រូវបង្វិលមកឲ្យខ្មែរវិញ នៅដើមខែ មីនា ១៧៩៤។ ព្រះអង្គអេងទ្រង់យាងចូលមកក្នុងនគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង អស់រយៈពេល ២១ ថ្ងៃ។ នៅសងខាងផ្លូវមានប្រជារាស្ត្រឈរទទួលស្វាគមន៍ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ នៅរាជវាំងឧដុង្គ ពួកមន្ត្រីបាននាំគ្នារៀបចំពិធីទទួលយ៉ាងអឹកធឹក ដើម្បីទទួលព្រះមហាក្សត្រថ្មី។ ប៉ុន្តែមានមន្ត្រីក្បត់ខ្លះដូចជា បែន កែប និងកន ដូចជាពុំសូវពេញចិត្ត ក៏ធ្វើជាទទួលរាក់ទាក់ទាំងបង្ខំចិត្ត។ នៅក្នុងរជ្ជកាលព្រះអង្គ ប្រជារាស្ត្រនៅក្នុងនគរហាក់ដូចជាបានសុខស្រួល លើកលែងតែខេត្តភាគខាងត្បូង រាស្ត្រខ្មែរត្រូវរងទុក្ខវេទនាដោយសារគូបដិបក្ខយួន គឺពួកចលនាតៃសឺន និងពួកស្ដេចង្វៀនតែងតែយកប្រទេសខ្មែរធ្វើជាសមរភូមិ។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទ័ព ដោយសារស្ដេចខ្មែរកែនទៅជួយយួន ខ្មែរជាអ្នកផ្ដល់ស្បៀង និងដឹកជញ្ជូនឲ្យយួន។ បក្សពួកយួនដែលឈ្លោះគ្នានៅលើទឹកដីខ្មែរ បានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ដុតបំផ្លាញផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរឥតឈប់ឈរ។ ជួនកាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សា នាំឲ្យការស្ទូងដករាំងស្ទះ បណ្ដាលឲ្យខ្មែរដាច់ស្បៀងគ្មានអ្វីចិញ្ចឹមគ្រួសាររហូតដល់ដាច់ពោះស្លាប់ក៏មាន។

ឆ្នាំ ១៧៨៣ ស្ដេចសៀមបានតែងតាំងមន្ត្រីបីនាក់ មានឈ្មោះ បែន កែប និងកន ដោយខុសច្បាប់ ឲ្យធ្វើជាចៅហ្វាយខេត្តបាត់ដំបង និងពោធិ៍សាត់។ ដើម្បីបំពេញបំណងចៅហ្វាយសៀម មន្ត្រីទាំងនោះក៏បានសរសេរសំបុត្រមួយដោយចាត់ឲ្យមន្ត្រីសៀមយកមកថ្វាយព្រះអង្គអេងនៅឧដុង្គ មានសេចក្តីថា យើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារមកឲ្យស្ដេចស្រុកខ្មែរ ដើម្បីបញ្ចូលខេត្តបាត់ដំបង មហានគរ និងចុងកាល់ ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀម ដែលបានចិញ្ចឹមបីបាច់ថែរក្សាព្រះអង្គ អង្គអេង នៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុកសៀម។ លុះអានសំបុត្រនោះចប់ហើយ ព្រះអង្គអេង មានការក្ដុកក្ដួលក្នុងព្រះទ័យដោយនឹកស្ដាយទឹកដីយ៉ាងក្រៃលែងរួចក៏បាន​ផ្ញើរសារត្រឡប់ទៅឲ្យសៀមវិញដែលមានសេចក្តីថា ខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា បើខ្មែរលើកខេត្តទាំងនោះទៅឲ្យព្រះចៅសៀម នោះប្រទេសកម្ពុជានៅសល់តែចម្រៀកដីមួយដ៏តូច មិនសក្ដិសមឈ្មោះជាប្រទេសឡើយ។ ចម្លើយរបស់ស្ដេចអង្គអេង ធ្វើឲ្យព្រះចៅតាកស៊ីន ក្រេវក្រោធជាខ្លាំង រួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថា បើមហាក្សត្រខ្មែរមិនព្រមកាត់ខេត្តទាំងនោះទៅឲ្យសៀមទេនោះ ប្រទេសយើងទាំងពីរនឹងក្លាយជាសត្រូវនឹងគ្នា។ ប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាព និងស្មោះត្រង់ ចំណែកឯវិស័យការពារប្រទេស យើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់នឹងការវាយលុកណាមួយពីខាងក្រៅ។ ចំណែកឯវិស័យសេដ្ឋកិច្ចទៀតសោត បានធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុក។ កត្តាអស់ទាំងនេះដែលធ្វើឲ្យព្រះអង្គពុំហ៊ានតបតនឹងការលោភលន់របស់សៀម ក៏សូមអង្វរឲ្យព្រះចៅសៀមយកខេត្តទាំងនោះតែក្នុងខណៈដែលព្រះចៅសៀម តាកស៊ីន មានព្រះជន្មនៅឡើយ។ លុះដល់ព្រះអង្គសុគត ខ្មែរសុំយកខេត្តនេះមកបញ្ចូលក្នុងនគរកម្ពុជាដូចដើមវិញ។ ខេត្តទាំងនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ ១៧៩៥ ដោយសារមន្ត្រីក្បត់ជាតិល្ងង់ខ្លៅឆ្កួតវង្វេងនឹងបុណ្យសក្តិ ភ្លេចគិតដល់កំណើតខ្លួន។ ខែ មីនា ១៧៩៦ ព្រះអង្គអេងបានផ្ទេរកិច្ចការប្រទេសទៅឲ្យឧបរាជប៉ុក រួចក៏យាងទៅកាន់រាជធានីបាងកក ក្នុងបំណងសុំឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញ។ តែស្ដេចសៀមធ្វើឫកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្ដីទទូចអង្វរឡើយ។ បន្ទាប់ពីគង់នៅប្រទេសសៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញ នៅខែ ឧសភា ឆ្នាំ ១៧៩៦។ ប្រាំពីរខែក្រោយមក ព្រះអង្គក៏សុគតនៅរាជធានីឧដុង្គដោយជំងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ ១៧៩៦ ដល់ ១៨០៥ មក កិច្ចការប្រទេសស្ថិតនៅក្នុងដៃចៅហ្វ៊ាប៉ុក។ មន្ត្រីប៉ុកបានបញ្ជាឲ្យគេសង់ចេតិយ៍នៅលើកំពូលភ្នំឧដុង្គប៉ែកខាងកើតសម្រាប់ដាក់​អដ្ឋិធាតុព្រះអង្គអេង។ ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គចន្ទជារាជបុត្រទើបតែមានព្រះជន្មបាន ៦ វស្សា ដូចនេះកិច្ចការប្រទេសជាតិត្រូវមន្ត្រីប៉ុកជាអ្នកទទួលបន្ទុក។

                                     

1. អន្តរាគមន៍របស់ខ្មែរដើម្បីជួយសៀម និងយួន

នៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រីប៉ុកបានលើកទ័ពទៅជួយសៀម នៅពេលដែលស្ដេចភូមាឈ្មោះ ប៉ូដាវប៉ាយា វាយលុកប្រទេសសៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ ១៧៨២ - ១៨១៩។ ស្ដេចយួនក៏បានបញ្ជាឲ្យខ្មែរកែនទ័ពចំនួន ១០ ពាន់នាក់នៅឆ្នាំ ១៧៩៩ នៅតាមខេត្តព្រៃវែង ស្រុកបាភ្នំ ស្រុករំដួល និងស្រុកស្វាយទាប បញ្ជាដោយឧកញ៉ាវាំងឈ្មោះឡុង ដើម្បីជួយស្ដេចង្វៀង ប្រឆាំងនឹងចលនាតៃសឺន។ ទ័ពខ្មែរធ្វើដំណើរកាត់ប្រទេសទៅទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជំងឺគ្រុនចាញ់ រួចចុះមកតាមទិសខាងជើងក្នុងខេត្តង៉ែអាន ដោយបានធ្វើឲ្យទ័ពតៃសឺនបរាជ័យ រួចក៏ត្រឡប់មកប្រទេសវិញនៅឆ្នាំ ១៨០២។