Back

ⓘ វេជ្ជសាស្រ្តបូរាណខ្មែរ. ឯកសារជាច្រើនបានបញ្ជាក់ពីការរៀបចំថែទាំសុខភាពរបស់ប្រជាពលរដ្ឋខ្មែរតាំងពីសម័យនគរភ្នំរហូតដល់សម័យអង្គរ។ ពលរដ្ឋខ្មែរតែងតែលើកតំកើងនិងឲ្យតំលៃទៅលើ ..




                                     

ⓘ វេជ្ជសាស្រ្តបូរាណខ្មែរ

ឯកសារជាច្រើនបានបញ្ជាក់ពីការរៀបចំថែទាំសុខភាពរបស់ប្រជាពលរដ្ឋខ្មែរតាំងពីសម័យនគរភ្នំរហូតដល់សម័យអង្គរ។ ពលរដ្ឋខ្មែរតែងតែលើកតំកើងនិងឲ្យតំលៃទៅលើបព្វជិតជាគ្រូពេទ្យព្យាបាលដោយលើកពីលក្ខណៈសម្បត្តិ​ និងទឹកចិត្តជួយសង្គ្រោះជីវិតមនុស្សនិងសត្វ រហូតដល់គេសាងរូបសំរាប់គោរពបូជា ដូចជារូបសំណាកឥសីនៅភ្នំសន្ទុកខេត្តកំពង់ធំ និងសង់អាស្រមឬវិហារឧទ្ទិសដល់គ្រូពេទ្យទាំងនោះផង ដូចជាអាស្រមមហាឫសីនៅភ្នំដា និងកសាងសិវលឺង្គតំំណាងព្រះឥសូរតំកល់ក្នុងប្រាសាទសំខាន់នានានៅពាសពេញផ្ទៃប្រទេសខ្មែរយើង។ សិសាចារិកក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១ បានបញ្ជាក់ពីមុខងារបស់បងប្អូនប្រុសពីរនាក់ជាគ្រូពេទ្យព្យាបាលបំរើព្រះបាទ រុទ្រ្ទវរ្ម័ន ។

បន្តមកទៀត ធម៌ទេវៈ និង សឹម្ហទត្ត ជាមន្ត្រីរបស់ព្រះបាទ ភវរ្ម័ន និងព្រះបាទ មហេន្ទ្រវរ្ម័ន ។ សឹម្ហទត្ត ជាគ្រូពេទ្យព្យាបាលរបស់ព្រះបាទ ជ័យវរ្ម័នទី១ និងជាអភិបាលក្រុងវ្យាធបុរៈផងដែរ។ នៅសម្បូរព្រៃគុក៍ ប្រាសាទជ្រៃ​ និងប្រាសាទលេខ៨ ជាមន្ទីរផ្សំថ្នាំសំរាប់ព្យាបាលដោយមានប្រើប្រាស់នូវវត្ថុធាតុដើមជាឱសថធម្មជាតិ ដូចជាតិណជាតិមានឫស ដើម ស្លឹក ដែលគេកិនឬបុកឲ្យម៉ដ្ឋរួចលាយជាមួយនឹងទឹកស្អាត ហើយយកមកស្រោចលើសិវលឺង្គដែលតំណាងអនុភាពបង្កើតនិងថែរក្សាលោករបស់ទេវៈ ហើយចាក់បង្ហូរតាមទដែលគេចោះបញ្ចេញតាមជញ្ជាំងខាងជើងនៃប្រាសាទ។ ប្រជាពលរដ្ឋនាំគ្នាត្រងទឹកឱសថនោះយកទៅព្យាបាលជំងឺផ្សេងៗតាមប្រភេទជំងឺរបស់ខ្លួន។ សិលាចារិកតាព្រហ្មនិងសិលាចារិកសាយហ្វុងបានបញ្ជាក់ពីការកសាងសំណង់សំខាន់ៗទាក់ទងនិងសាសនាផងនិងជាមន្ទីរពេទ្យផង។ គេរកឃើញថារជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ មានមន្ទីរពេទ្យចំនួន ១០២ ដែលកសាងពាសពេញផ្ទៃប្រទេសកម្ពុជា។

                                     

1. ​ បញ្ជីរាយឈ្មោះប្រាសាទដែលជាមន្ទីរពេទ្យនៃព្រះបាទជ័យវរ្ម័នទី៧

តាមសិសាចារិកខ្មែរ អ្នកស្រាវជ្រាវ ហ្សក សឺដេស George Cœdès បានបញ្ជាក់ពីមន្ទីរពេទ្យចំនួន១៥ក្នុងបណ្តាមន្ទីរពេទ្យទាំង១០២ដែលព្រះបាទជ័យវរ្ម័នទី៧បានស្ថាបនាពង្រាយទូទាំងប្រទេសកម្ពុជា។ ទីតាំងនៃមន្ទីរពេទ្យទាំង១៥នោះមាន ៖

  • ប្រាសាទខ្នា Prasat Khna K-160 p.240
  • នំរ័ន Nom Van K-395 Inv.II p.265
  • គោបុរៈខាងលិចអង្គរធំ
  • ប្រាសាទបន្ទាយថ្លែង Prasat Banteay Thleng
  • គោករកា Kok Roka
  • គន់បូរី Konburi K.387 Inv.II p.238
  • ប្រាសាទតាមាន់តូច Prasat Ta Man Toch K-375 Inv.II p.132
  • វត្តផ្គាំ Wat Pakam K.386 Inv.II p.223
  • ប្រាសាទតាព្រហ្មកិល Prasat Ta Prohm Kel K-614 Inv.III, p.116
  • វត្តស្វាយ Wat Svay
  • ប្រាសាទតាកេពង់ Prasat Ta Ke Pon K-209 Inv,III p.438
  • សាយហ្វុង Sai Fong K-368 Inv.II p.96
  • វត្តគុ Wat Ku K-402 Inv,II p.310
  • ប្រាសាទតាកែវ Takeo, Temple de lhopital K-537 BCA1, 1917-30
  • ជាន់ជំុ Can Cum K-11 Inv.I p.3

សិសាចារិកនៅតាមមន្ទីរពេទ្យខាងលើបានរៀបរាប់ពីចំនួនមនុស្សដែលបំពេញមុខងារជាគ្រូពេទ្យព្យាបាល អ្នកគ្រប់គ្រងមន្ទីរពេទ្យ អ្នកផ្សំថ្នាំ អ្នកដាំទឹក អ្នកកិនថ្នាំ និងអ្នកផ្តល់ថ្នាំឲ្យអ្នកជំងឺផឹកឬលេប។

តាមការសិក្សាស្រាវជ្រាវ យើងមានទិន្នន័យខ្លះបញ្ជាក់ពីមន្ទីរថែទាំសុខភាពដូចមានរូបចំលាក់នៅតាមបរិវេណប្រាសាទដែលកសាងក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ជាពិសេសរូបចំលាក់នៅហោជាងប្រាសាទតូចៗទាំងបួនទិសនៃប្រាសាទនាគព័ន្ធ ដូចជារូបលោកេស្វរៈកំពុងធ្វើការសង្គ្រោះមនុស្សក្រីក្រ មនុស្សឈឺចាប់ និងកំពុងប្រទានថ្នាំសំរាប់ព្យាបាល។ លោក ល្វី ហ្វីំណូ និង វ. ហ្គោឡូបេវ បានលើកខ្លឹមសារសិលាចារិកប្រាសាទភិមានអាកាសដែលបានបញ្ចាក់ថា ពោធិសត្វលោកេស្វរៈតំណែងជាសេះពលាហកៈ ហោះទៅស្រោចស្រង់មហាជនប្រុសស្រីដែលធ្លាយសំពៅនៅមហាសមុទ្រ ហើយបាននាំយកនូវបណ្តាជនទាំងនោះមកកាន់ជម្ពូទ្វីបប្រកបដោយសេចក្តីសុខសប្បាយ។ ដូចនេះយើងអាចសន្និដ្ឋានបានថា នៅតាមបរិវេណប្រាសាទសំខាន់ៗតែងមានអាស្រមដែលជាមន្ទីរព្យាបាលជំងឺតាមរយៈឱសថបុរាណ ឬតាមចិត្តសាស្រ្ត។