Back

ⓘ គហេ. តា គហេ​ លោកតាគឺជាអ្នកជ្រោមជ្រែង និង ទំនុកបំរុងតាំងពីព្រះបាទបក្សីចាំក្រុងនៅវ័យកុមារ។ លោកជាមន្ត្រីចាស់កំសត់កម្រនឹងព្រះបាទបក្សីចាំក្រុងនិងព្រះមាតារបស់ទ្រង់។ ..




                                     

ⓘ គហេ

តា គហេ​ លោកតាគឺជាអ្នកជ្រោមជ្រែង និង ទំនុកបំរុងតាំងពីព្រះបាទបក្សីចាំក្រុងនៅវ័យកុមារ។ លោកជាមន្ត្រីចាស់កំសត់កម្រនឹងព្រះបាទបក្សីចាំក្រុងនិងព្រះមាតារបស់ទ្រង់។

                                     

1. កាលបានជួបបក្សីចាំក្រុង

កាលណោះ​ ព្រះបាទ​ចក្រព័ត្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​មាន​មហេសី​មួយ​ឈ្មោះអ្នកម្នាងកែវ។​ ​ព្រះ​នាង​ទ្រង់​មានគភ៌​នៅ​ក្នុង​ឆ្នាំជូត​ ​ព.ស ​១៥៤៤ ដែល​ត្រូវជា​ ​គ.ស ​១០០០ គឺ​នៅ​ក្នុង​សម័យ​កាលដែល​ដំបងគ្រញូង​បាន​បះបោរ​ ​លើក​កងទ័ព​មក​វាយប្រហារ​ដណ្ដើម​យក​រាជ្យ។​ ​ក្នុង​ឱកាស​នោះ ព្រះ​នាង​បាន​បន្លំ​ធ្វើ​ជា​អ្នកស្រុក​អ្នក​ភូមិ​សាមញ្ញ​ ​លួច​រត់គេច​ភៀសខ្លួន​ ​ចេញ​ផុត​ពី​មហានគរ​ ​ទៅ​រស់នៅ​តាម​ជាយ​ជនបទ​ ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេឯង។​ ​ព្រះ​នាង​បាន​តា​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ​តា​គហេ​ ​យាយ​លក្ខណ៍​ ​ទទួលយក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ជួយ​លាក់​បំពួន​បំបិទ​បំបាំង​ ​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​ ​ពួក​ក្រុម​ស្ដេច​ដំបងគ្រញូង។​ ​ខែមាឃ​ ​ឆ្នាំឆ្លូវ​ ​ព.ស ​១៥៤៥ ត្រូវជា​ម.ស​. ៩២៣ ច.ស ​៣៦៣ និង​គ.ស ​១០០១​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ ​មាន​សម្បុរ​ភ្លឺ​ស្រស់បំព្រង​ ​ហើយ​មាន​សញ្ញា​កងចក្រ​លើ​បាត​ដៃ​ ​និង​បាត​ជើង​ ដែល​បញ្ជាក់​លក្ខណៈ​ជា​អ្នក​មានបុណ្យ។​ តា​គហេ ​យាយ​លក្ខណ៍​ ​បាន​ស្រឡាញ់​ថ្នាក់ថ្នម​ទំនុកបំរុង​ព្រះ​នាង​កែវ​ ​និង​ទារក​ដូច​ជា​កូន​ ​និង​ចៅ​បង្កើត។​ ​សម័យ​ថ្ងៃមួយ​ ប្ដី​ប្រពន្ធ​តា​គហេ​ ​យាយ​លក្ខណ៍​ ​និង​ព្រះ​នាង​កែវ​បាន​នាំ​ព្រះរាជបុត្រ​ទៅ​ច្រូតស្រូវ​ជាមួយ។​ ​ទៅ​ដល់​កន្លែងធ្វើការ​ ​គេ​បាន​យក​ព្រះរាជបុត្រ​ទៅ​ដាក់​ឲ្យ​ផ្ទុំ​ក្រោម​ម្លប់ឈើ។​ ​ដោយ​រវល់​ជាប់​ជក់​នឹង​ការងារ​ពេក​ ​ម្នាក់ៗ​មិន​បាន​នឹកភ្នក​ចាប់​អារម្មណ៍​ដល់​ទារក​ដែល​កំពុង​តែ​ត្រូវ​ស្ថិត ​នៅ​ក្រោម​កំដៅកាំរស្មីព្រះអាទិត្យ​ឡើយ។​ ​ពេល​នោះ​ ​ទិដ្ឋភាព​ដ៏​សែន​អស្ចារ្យ​ដែល​គេ​មិន​ធ្លាប់​ឃើញ​ ​ហើយ​ដែល​មិន​ធ្លាប់​កើត​មាន​នោះ​ ​បាន​កើតឡើង​ ​គឺ​ទេព​ឥន្ទ្រី​ ​និង​បក្សាបក្សី​ជា​ច្រើន​ទាំង​ហ្វូង​បាន​ហោះ​ចុះ​មក​ ​កក​កុំ​ ​ក្រុង​ព័ទ្ធ​ជិតជុំ​ ​ការពារ​ទារក​មិន​ឲ្យ​ត្រូវ​កំដៅ​ថ្ងៃ។​ ​តា​គហេ​ឃើញ​ដូច្នេះ​ ​ភ័យ​លោះ​ព្រលឹង​ ​ខំ​រត់​យ៉ាង​លឿន​ស្លេវ​ទៅ​ដេញ​បង្អើល​ហ្វូង​សត្វ​បក្សាបក្សី។​ ​ទៅ​ដល់​ ​តា​គហេ​ខំ​ពិនិត្យ​មើល​ខ្លាចក្រែង​ទារក​រងគ្រោះថ្នាក់​ ​ឬ​មាន​របួស​ស្លាក​ស្នាម​ ​តែ​គាត់​មើល​មិនឃើញ​មាន​អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​ភ័យ​ព្រួយបារម្ភ​ ឡើយ។​ ​ផ្ទុយ​ទៅ​វិញ​ទារក​ហាក់បីដូចជា​បាន​ទទួល​នូវ​សេចក្ដីសុខ​ ​និង​ការ​ថ្នាក់ថ្នម​ឥត​ហ្មង​ពី​ហ្វូង​បក្សាបក្សី។​ ​បាតុភូត​ដ៏​សែន​អស្ចារ្យ​នេះ​ បាន​បណ្ដាល​ឲ្យ​ព្រះ​នាង​កែវ​ ​តា​គហេ​ ​និង​យាយ​លក្ខណ៍​ដាក់​ឈ្មោះ​ទារក​នោះ​ថា​ ​បក្សីចាំក្រុង។​ តែបើយោង​ទៅ​តាម​ពង្សាវតារ​វត្ដ​កោកកាក​វិញ​ ​គេ​អាច​ដឹង​ថា​ ​មហេសី​របស់​ព្រះបាទ​ចក្រព័ត្រ​ទ្រង់​មានគភ៌​ ​នៅ​ពេល​ដែល​ដំបងគ្រញូង​លើកទ័ព​មក​វាយប្រហារ​ដណ្ដើម​រាជ្យ។​ ​ព្រះ​នាង​បាន​រត់​រួច​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ ​នៅ​តាម​ភូមិស្ថាន​តំបន់​ឆ្ងាយ​ដាច់​ស្រយាល។​ ​បន្ទាប់​មក​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ។​ ​តែ គេ​មិន​បាន​ស្គាល់ឈ្មោះ​ព្រះរាជបុត្រ​អង្គ​នេះ​ទេ​ ​ធំ​ឡើង​ពេញវ័យ​កាលណា​ព្រះរាជបុត្រ​បាន​មាន​មហេសី។​ ​ព្រះ​មហេសី​ទ្រង់​គភ៌​​បាន ​១០ ​ខែ ​កាល​ក្នុង​រាជ្យ​ ​និង​សម័យ​ដែល​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​កោះហៅ​ហោរា​ឲ្យមក​ទស្សន៍​ទាយ​មើល​រក​អ្នកមាន​បុណ្យ។​ ​គ្រានោះ​ព្រះរាជបុត្រ​ក៏​បាន​សុគត​ដែរ​ ​តែ​គេ​មិន​បានដឹង​ដោយ​ប្រកា​ណាមួយ​ឡើយ​ទេ។​ ​ព្រះរាជបុត្រ​អង្គ​នេះ​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​មានឈ្មោះ​ថា​ ពញាពេជ្រ។​ ​ព្រះ​មាតា​ ​ដែល​ជា​មហេសី​ព្រះបាទ​ចក្រព័ត្រ​ ​មានឈ្មោះ​ថា​ អ្នកម្នាងទង។​ ​ឯ​មហេសី​របស់​ពញាពេជ្រ​ឈ្មោះ​ អ្នកម្នាងទេព។​ ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​ ​កាលបើ​បាន​ព្យាករ​ទាយ​ថា​ ​អ្នកមាន​បុណ្យ​ ​បាន​មក​ចាប់កំណើត​បាន​ ​១០​ ខែក្នុង​ត្រកូល​ក្សត្រ​ហើយ​ ​ក៏​ចេញ​បញ្ជា​ឲ្យ​នាម៉ឺន​ពល​ទ័ព​សេនា​គ្រប់​ទិស​ទី​ ​ចាប់​ប្រមូល​ស្ដ្រី​ទាំងអស់​ក្នុង​នគរ​ ​ដែល​មាន​ផ្ទៃពោះ​ចំនួន​​ ១០​ ខែ យក​ទៅ​ប្រហារ​ជីវិត​កុំឲ្យ​មាន​សល់។​ ​ពេជ្ឈឃាដ​ត្រូវ​កាប់​ស្ដ្រី​ទាំងនោះ​ជា​បី​កង់​ ​គឺ​ត្រង់​ក​ ​និង​ពោះ។​ អ្នក​ម្នាង​ទេព​ ​ដែល​កាលនោះ​ ​បាន​មក​លាក់ខ្លួន​រស់នៅ​ក្នុងស្រុក​ស្ទោង​ ​មិន​បាន​គេច​ផុត​ពី​គ្រោះ​កំណាច​នោះ​ទេ។​ ​ព្រះ​នាង​ត្រូវ​ស្ដេច​ចាម​សេន្ទ្រា​ ​ជា​ស្ដេច​ចាម​ចំណុះ​ខ្មែរ​ ​តាំង​តែ​ពី​សម័យ​រាជ្យ​ ​ព្រះថោងនាងនាគ​ ​ឬ​ស្ដេចកុម៉ែរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ ​នៅស្រុកស្ទោង ​ចាប់​យក​ទៅ​ថ្វាយ​ព្រះរាជា។​ ​ព្រះ​សិន្ធព​អមរិន្ទ​ក៏​បង្គាប់​ឲ្យ​ក្រុម​ពេជ្ឈឃាដ​ស្ដេច​ចាម​យក​ទៅ​ ប្រហារជីវិត​ដោយ​គ្មាន​ស្រណោះ​ប្រោសប្រណី។​ ​កន្លែង​ពិឃាដ​អ្នក​ម្នាង​ទេព​ស្ថិត​នៅ​ខាងត្បូង​កំពង់ព្រះ​ជិន​ ប្រហែលជា​ កំពង់ចិន​ ​ក្នុងស្រុក​ស្ទោង​ ​ខេត្ដកំពង់ធំ ហើយ​នៅ​ខាងលិច​វាំង​ស្ដេច​ចាម​សេន្ទ្រា។​ ​នៅ​ពេល​ដែល​ពួក​ពេជ្ឈឃាដ​ ​កាប់​ប្រហារ​ត្រង់​ពោះ​ ​ព្រះ​នាង​ទេព​ទារក​នោះ​រត់ឡើង​ទៅ​នៅ​ទ្រូង​ម្ដាយ​ ​ហើយ​ដល់​ពួក​ពេជ្ឈឃាដ​ចេញ​ទៅ​បាត់​ទារក​ក៏​ធ្លាក់​ចេញ​មក​ក្រៅ។​ ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទេពឥន្ទ្រី​ ​និង​ហ្វូង​បក្សាបក្សី​ជា​ច្រើន​បាន​ហោះ​កុះករ​ ​កក​កុំ​ចុះ​មក​រោម​ក្រុង​ការពារ​ ​ព័ទ្ធ​ជុំវិញ។​ ​សត្វ​ខ្លះ​ទៀត​ត្រដាងស្លាប​ដាក់​ក្រោម​ទារក​ ​ការពារ​កុំឲ្យ​ប៉ះ​ប្រឡាក់​នឹង​ដី។​ ​តា​គហេ​ដែល​ឃ្វាលគោ​នៅ​ជិត​នោះ​ ​ឃើញ​ហ្វូង​សត្វ​បក្សាបក្សី​ជា​ច្រើន​ហោះ​ក្រវែល​ ​ក្រឡឹង​ចុះ​ក្រឡឹង​ឡើង​ ​ឆ្វាត់ឆ្វែង​ច្រើន​ពេក​ក្នុង​មេឃ​ ​កើតក្ដី​ឆ្ងល់​សង្ស័យ​ ហើយ​ក៏​ដើរ​តម្រង់​ទៅ​មើល​ដល់​កន្លែង។​ ​ស្រាប់តែ​គាត់​ភ្ញាក់​ព្រើត​ ​នឹកគិត​ទៅ​អស្ចារ្យ​ខ្លាំង​ពេក​ ​កាលបើ​ឃើញ​ទារក​មួយ​ ​ត្រូវ​បាន​ហ្វូង​បក្សាបក្សី​ចោមរោម​ ​ក្រុង​ការពារ​ ​គាត់​ក៏​លើក​បី​ទារក​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ថ្នាក់ថ្នម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​និង​ស្រឡាញ់​ជាទី​បំផុត។​ ​តា​គហេ​បាន​ដាក់​ឈ្មោះ​ ​បក្សីចាំក្រុង​ ​ឲ្យ​ទារក​នោះ​ជាប់​រៀង​រហូត​មក។

                                     

2. ការតាមចាប់បក្សីចាំក្រុង

តាគហេ​ត្រូវ​នាំ​បក្សីចាំក្រុង​ទៅ​មហានគរ​ធ្វើការ​ពិសោធន៍​នឹង​គេ​ដែរ។ ​បក្សីចាំក្រុង​ដាក់​ដៃ​ដាក់​ជើង​ទៅ​លើ​ម្សៅ​ ​ហើយ​ដក​មក​វិញ​កាលណា​ ​ស្រាប់តែ​រូប​កងចក្រ​ដាម​ដិត​ជាប់​ក្រឡៅ​ ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​នាម៉ឺនពល​រេហ៍​ទាំងឡាយ​ភ្ញាក់ផ្អើល​ឆោឡោ​ ​ឈូឆរ​ ​ច្របូកច្របល់​ទ្រហឹង​អឺងកង។​ ​មើលឃើញ​មិន​ស្រួល​ ​យល់​ថា​ស្ថានការណ៍​មិនល្អ​ ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ ​តា​គហេ​ក៏​ចាប់​កញ្ឆក់​ដៃ​ ​លើក​បក្សីចាំក្រុង​ដាក់​អៀវ​លើ-ក​ ​រត់​យ៉ាង​លឿន​ហើយ​គេចខ្លួន​យ៉ាង​រហ័ស​ចេញ​ផុត​ពី​ទីប្រជុំជន​ដែល​មាន​ មនុស្ស​អ៊ូអរ។​ ​គ្រានោះ​មាន​សត្វ​ម្រឹគីម្រឹគា​បក្សាបក្សី​ទាំង​ហ្វូងៗ​ ​រត់​ស្រុះ​ស្រ​ដង្ហែ​អម​តាម​ផ្លូវ​ចាំ​ការពារ​​បក្សីចាំក្រុង​ ពីក្រោយ។​ ​ព្រះ​មហាក្សត្រ​ព្រះ​សិន្ធពអមរិន្ទ​ ​ឬ​ស្ដេច​ព្រហ្មកិល​ ​គ្រាន់តែ​បាន​ទទួល​ដំណឹង ​ដឹង​អស់​គ្រប់​ហេតុការណ៍​ច្បាស់លាស់​ភ្លាម​កាលណា​ ​ក៏​បញ្ជា​ឲ្យ​កងទ័ព​ដេញ​តាម​ចាប់​បក្សីចាំក្រុង​ ​និង​តា​គហេ។​ តា​គហេ​អៀវ​បក្សីចាំក្រុង​បណ្ដើរ​ ​រត់​បណ្ដើរ​ ​ងាកឆ្វេង​ស្ដាំ​មើល​ក្រោយ​បណ្ដើរ។​ ​គាត់​ភ័យ​តក្កមា​ ​នៅ​ពេល​ដែល​ងាក​មើលទៅ​ឃើញ​ទ័ព​ស្ដេច​ដេញ​តាម​ប្រកិត​ពីក្រោយ។​ ​រត់​ចូល​ទៅ​ដល់​ព្រៃ​មួយ​ ​គាត់​យក​បក្សីចាំក្រុង​ទៅ​ដាក់​លាក់​ហើយ​មាន​ប្រសាសន៍​ថា​ ​ "បាពួន​នៅ​ឲ្យ​ស្ងៀម​កុំ​មាត់ក​អ្វី​ទាំងអស់​!" ។ បន្ទាប់​មក​គាត់​ចេញ​ទៅ​ស៊ើប​លប​លួច​មើល​ចលនា​ទ័ព​ស្ដេច។​ ​ហេតុតែ​បក្សីចាំក្រុង​ជា​អ្នកមាន​បុណ្យ​បារមី​ ​ទ័ព​ពញាក្រែក​ដេញ​តាម​មិន​ទាន់​ ​រក​មិនឃើញ​ឡើយ​ ​ហើយ​ចេះ​តែ​ទៅ​ផុត​ ​មក​ផុត​ ​ដើរ​ហួស​ទៅ​ហួស​មក។​ ​កាលបើ​ស្ថានភាព​បាន​ធូរស្រាល​បន្ដិច​ហើយ​ ​តា​គហេ​លើក​បក្សីចាំក្រុង​ដាក់​លើ-​ក​ ​ហើយ​អៀវ​រត់​កាត់​វាល​ចូល​ព្រៃតូច​ ​ចូល​ព្រៃធំ​មាន​ព្រៃ​ក្រាស់​ មានព្រៃ​ស្ដើង​ ​វិល​ត្រលប់​តំរង់​ទៅ​គេហដ្ឋាន​វិញ។​ ​មក​ដល់​ជិត​ផ្ទះ​ ​តា​គហេ​យក​បក្សីចាំក្រុង​ទៅ​លាក់​ក្នុង​គម្ពោត​ព្រៃ​ដោយ​ពោល​ថា​ ​ "បា​រង់ចាំ​នៅ​ទី​នេះ​សិន​ហើយ​!" ។

                                     

3. ដំណើរភៀសព្រះកាយជាមួយតាគហេ

លោកតា​បាន​ រៀបរាប់​គ្រប់​ហេតុការណ៍​ពី​ដើម​ដល់​ចប់​ប្រាប់​ប្រពន្ធ​ ​និង​ទូល​ថ្វាយ អ្នកម្នាងកែវ ​ហើយ​គាត់​ក៏​ឲ្យ​ភរិយា​ចាត់ចែង​រៀបចំ​បាយ​ទឹក​ស្បៀងអាហារ​ ​និង​បង្វេច​សំរាប់​រត់​ភៀសខ្លួន​ចាក​ចេញពី​ទីប្រជុំជន​ ​ទៅ​នៅ​ឲ្យ​ឆ្ងាយ​ដាច់​ស្រយាល​ ​ក្នុង​គោលបំណង​សង្ឃឹមថា​ ​នឹង​បាន​សន្ដិសុខ​ដល់​រូប​បក្សីចាំក្រុង។​ ​រួច​ស្រេច​ហើយ​កាលណា​ ​តា​គហេ​ត្រលប់​ទៅ​យក​បក្សីចាំក្រុង​លើក​អៀវ​ដាក់​លើ​-ក​ ​ហើយ​ធ្វើ​ដំណើរ​ផ្សងព្រេង​ ​កាត់​វាល​ចូល​ព្រៃ​ដោយ​គ្មាន​ទិស​ដៅ​អ្វី​ជា​ពិតប្រាកដ។​

                                     

3.1. ដំណើរភៀសព្រះកាយជាមួយតាគហេ តំបន់សៀមរាប

​ទៅ​ដល់​ទួល​មួយ​ ​មាន​ដើម​រលួស​ដុះ​ជា​ច្រើន​ ​យល់​ឃើញ​ថា​ ​ជា​កន្លែង​ល្អ​សមរម្យ​តា​គហេ​ ​និងបក្សីចាំក្រុងក៏​នាំ​គ្នា​ឈប់​សំរាកនិទ្រា។​ ​ទីកន្លែង​ដើម​រលួស​នេះ​ ​ថ្ងៃក្រោយ​ក្លាយជា​ខេត្ដ​រលួស​ ​ហើយ​មាន​វត្ដ​មួយ​ឈ្មោះ​វត្ដ​រលួស ​ក្នុង​ស្រុក​និគម​ ​ខេត្តសៀមរាប ជាប់​រហូត​ដល់​សព្វថ្ងៃ។​ ព្រឹក​ព្រហាម​ ​តា​គហេ​នាំ​បក្សីចាំក្រុង​ធ្វើ​ដំណើរ​រត់​ភៀសខ្លួន​ទៅ​មុខ​ទៀត។​ ​ទៅ​ដល់​ព្រែក​មួយ​ ​គាត់​បាន​ជួប​អ្នក​កំលោះ​ម្នាក់​ឈ្មោះ​ជីក្រែង​ ​ដែល​កំពុង​តែ​អុំទូក​ស្ទូចត្រី​ ​ជីក្រែង​បាន​យកអាសា​ ​ជួយចម្លង​ទូក​យក​ទៅ​ដាក់​ត្រើយម្ខាង​ ​ព្រែក​នោះ​ជាប់​ឈ្មោះ​ថា​ "ព្រែក​ជីក្រែង" រហូត​មក​ដល់​សព្វថ្ងៃ​ ​ដើម្បី​រំលឹក​ប្រវត្ដិ​បក្សីចាំក្រុង​ និង​គុណ​បំណាច់​របស់​ជីក្រែង។​

                                     

3.2. ដំណើរភៀសព្រះកាយជាមួយតាគហេ តំបន់កំពង់ធំ

តា​គហេ​ និង​បក្សីចាំក្រុង​ ​ខំ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ ​កាត់​វាល​ចូល​ព្រៃ​ ​កាត់​ព្រៃ​ចូល​វាល​រហូត​ដល់​ភ្នំ​មួយ។​ ​នៅ​ទី​នេះ​គាត់​បាន​ជួប​តា​ម្នាក់​ឈ្មោះ​តា​ម៉ឹង​ ​គាត់​រៀបរាប់​រឿងរ៉ាវ​ទាំងអស់​ប្រាប់​តា​ម៉ឹង​ ​ពី​ដើម​ដល់​ចប់។​ ​គាត់​បាន​ពោល​បន្ថែម​ថា​ ​ "ឥឡូវ​នេះ​ ​តា​ក៏​រឹងរឹត​តែ​អាសន្ន​មានទុក្ខ​ពិបាក​យ៉ាង​ធ្ងន់​ ​ពីព្រោះ​គាត់​អស់​ស្បៀងអាហារ" ។ តា​ម៉ឹង​ស្ដាប់​ឮ​សូរ​ដូច្នេះ​ ​កើត​មានចិត្ដ​អាណិតអាសូរ​ស្រឡាញ់​រាប់អាន​ ​ហើយ​ជួយ​លាក់​បំពួន​ផ្គត់ផ្គង់​តា​គហេ​ ​និង​បក្សីចាំក្រុង។​ ​រួច​ហើយ​ ​គាត់​ចេញ​ទៅ​ប្រមែប្រមូល​ ​វេច​ខ្ចប់​បាយ​ទឹក​អង្ករ​ត្រី​សាច់​ ​ទុក​ឲ្យ​តា​គហេ​ធ្វើ​ជា​ស្បៀង​ ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ។​ ​កន្លែង​ព្រៃ​ភ្នំ​នោះ​ ​តាំង​តែ​ពី​សម័យ​បក្សីចាំក្រុង​ ​មក​ដល់​សព្វថ្ងៃ​បាន​ទទួល​ឈ្មោះ​ថា​ ​ភ្នំ​អាសន្ន​ទុក្ខ​ ​ដែល​ឥឡូវ​ក្លាយទៅជា​ ​ភ្នំ​សន្ទុក នៅ​ក្នុង​ខេត្តកំពង់ធំ។ ​ឆ្លង​ផុត​ពី​ព្រៃ​ភ្នំ​ចូល​មក​ដល់​វាល​ ​តា​ ​និង​ចៅ​នាំ​គ្នា​ឈប់​សំរាក។​ ​សត្វ​ល្មាំង​មួយ​ហ្វូង​បាន​ចេញ​មក​យាម​កា​ពារ​បក្សីចាំក្រុង​ ​កន្លែង​នោះ​ក៏​ជាប់​ឈ្មោះ​ថា​ ​គោកល្មាំង ឬ​គោកព្រះកង​ ​តរៀង​មក។​ ​អ្នកខ្លះ​ហៅ​ថា​ គោកព្រះកង​ ​ពីព្រោះ​នៅ​ក្បែរ​បឹង​ជិត​នោះ​ ​ពេល​បក្សីចាំក្រុង​ ​ព្រះ​អង្គ​ច្រត់​ដៃ​អោនក្បាល​សោយ​ទឹក​ ​ស្នាម​កងចក្រ​បាន​ដិត​ដៅ​ក្រឡៅ​ជាប់​លើ​ដី​ភក់។​ ចេញផុត​ពី​ស្រុក​អាសន្នទុក្ខ​ទៅ​ដល់​វាល​ផ្សេង​មួយទៀត​ ​បក្សីចាំក្រុង​បាន​ជួបនឹង​សេះ​ពណ៌​ខៀវ​មួយ​មានកំពស់​ប្រមាណ​ជា​បី​ហត្ថ។​ ​សេះ​ពណ៌​ខៀវ​ដើរ​ចេញ​មក​លុតជង្គង់​សំពះ​បក្សីចាំក្រុង​បី​ដង។​ ​បក្សីចាំក្រុង​ក៏​បាន​សេះ​នោះ​មក​ធ្វើ​ជា​ជំនិះ​ ​ឯ​តា​គហេ​វិញ​គាត់​ដើរ​ពីមុខ​នាំ​ផ្លូវ។​ ​កន្លែង​ដែល​បក្សីចាំក្រុង​ជួប​សេះ​ ​បាន​មានឈ្មោះ​ជាប់​មក​ថា​ ​គោកសេះ។



                                     

3.3. ដំណើរភៀសព្រះកាយជាមួយតាគហេ តំបន់ក្នុងកំពង់ចាម-ចូលកណ្ដាល

តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ទាំង​តា​ទាំង​ចៅ​ ​នាំ​គ្នា​រត់គេច​បន្ដ​ជា​និច្ច​ ​ឆ្លងកាត់​ព្រែក ​ស្ទឹង ទន្លេ​ធ្លាក់​ទៅ​ដល់​ខេត្ដ​ជើងព្រៃ។​ ពេល​នោះ​ ​កងទ័ព​ពល​រេហ៍​របស់​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អនុរាជ​ ​ក៏​បាន​ដេញ​តាម​ប្រកិត​ផិត​មក​ដល់​ដែរ។ ​អ្នក​ទាំង​ពីរ​ខំ​ពួន​លាក់ខ្លួន​ក្នុង​ព្រៃ​យ៉ាង​សែន​វេទនា​ជាទី​បំផុត។​ ​យប់​ឡើង​គេ​យក​ផែន​ពសុធា​ធ្វើ​ជា​គ្រែ​ យក​មេឃ​ធ្វើ​មុង​ យក​សូរ​សព្ទ​សព្វ​សត្វ​ ​ក្នុង​ព្រៃ​ស្ងាត់​ជ្រៅ​ជ្រងំ​ ​ធ្វើ​ជា​វង់​ដូរតន្ដ្រី​ប្រគំ​បទ​ភ្លេង​ ​បំពេរ​លួងលោម​ក្ដី​ទុក្ខ​ព្រួយ។​ ​ទៅ​ដល់​កន្លែង​មួយ​ឈ្មោះ​ ​ត្រពាំង​កងមាស​ ​ជួន​ចំ​ជា​ពេក​យប់​ ​តា​ ​និង​ចៅ​នាំ​គ្នា​ឈប់​សំរាកនិទ្រា​យកកំលាំង។ ​ទីនោះ​ ​មាន​មូស​ច្រើន​ណាស់​ ​ដែល​រំខាន​ធ្វើ​ឲ្យ​សំរាក​មិន​បាន​ ​បក្សីចាំក្រុង​ ​ក៏​បន់ស្រន់​សំបូងសង្រូង​ ​សុំ​កុំឲ្យ​មាន​មូស។​ ​រំពេច​នោះ​មូស​យ៉ាងច្រើន​ខ្មៅ​ងងឹត​ ​ក៏​បាត់​អស់​ដូច​តាម​មាត់​មែន។​ ​កន្លែង​នោះ​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​មានឈ្មោះ​ថា​ ​មុងមាស​អ្នកតា​គហេ​ ​តែ​ពង្សាវតារ​របស់​សម្ដេច​វាំ​ជួន​ ​បញ្ជាក់​ថា​ ​កន្លែង​ដែល​បក្សីចាំក្រុង​សំពះ​បន់​កុំឲ្យ​មាន​មូស​មាន​ឈ្មោះ​ថា​ ​ទូលតាគហេ​ ​ដែល​ស្ថិត​នៅ​ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាលសព្វថ្ងៃ។​ តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ចេះ​តែ​ខំប្រឹង​រត់​តទៅ​ទៀត​ ​ទាំង​យប់​ទាំង​ថ្ងៃ​ ​ឥត​មាន​ហ៊ាន​ឈប់​ឈរ។​ ​យូរថ្ងៃ​មក​ ​គេ​បាន​រត់ទៅ​ដល់​មាត់​ទន្លេធំ​ ​ដែល​សព្វថ្ងៃ​ខ្មែរ​យើង​បាន​ដាក់​ឈ្មោះ​ថា​ទន្លេមេគង្គ។​ ​ចំណែក​ខាង​កងទ័ព​របស់​ស្ដេចព្រហ្មកិល​វិញ​ក៏​ដេញ​កិត​ជាប់​ពីក្រោយ​ ដែរ។​ ​តា​ ​និង​ចៅ​ទាំង​ពីរ​នាក់​ ​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក​ ​ចង់​ឆ្លង​ទឹក​ក៏​មិន​រួច​ ​ព្រោះ​គ្មាន​ទូក ចង់​ថយក្រោយ​រក​ផ្លូវ​ផ្សេង​ទៀត​រត់​ក៏​មិន​រួច។​ ​គ្រានោះ​បក្សីចាំក្រុង​ក្រឡេក​មើលទៅ​មាត់ទន្លេ​ ​ឃើញ​ដើម​រកា​ ​និង​ដើម​ល្វា​ ​ហើយ​នឹកគិត​ថា​ ​បើ​ដើម​រកា​កោង​ទៅ​ ​ហើយ​ដើម​ល្វា​ទេរ​មក​ ​នោះ​យើង​ច្បាស់​ជា​អាច​ឆ្លង​រត់​រួច​ជា​មិន​ខាន។​ ​ទាល់​ចំណេះ​ ​អស់​មធ្យោបាយ​ ​បក្សីចាំក្រុង​ក៏​លុតជង្គង់​ទៅ​នឹង​ដី ​លើក​ដៃ​ប្រទូល​ដាក់​លើ​ក្បាល​ ​ឧទ្ទិស​បួងសួង​ថា​ ​បើ​ទូលព្រះបង្គំជាខ្ញុំ​ពិតជា​អ្នកមាន​បុណ្យ​មែន​ ​ហើយ​ត្រូវ​ឡើង​គ្រង​នគរ​នោះ​ ​សូម​ឲ្យ​រកា​កោង​ទៅ​ ​ល្វា​ទេរ​មក​!។ ភ្លាម​នោះ​ដោយ​អំណាច​គុណ​បុណ្យ​តេជ​បារមី​ ​និង​មាត់ទិព្វ​របស់​បក្សីចាំក្រុង​ ​ដើម​រកា​ក៏​កោង​ទៅ​មែន​ ​ហើយ​ដើម​ល្វា​ក៏​ទេរ​មក​ជួប​គ្នា​ ​ក្លាយជា​ស្ពាន​ដូច​ក្ដី​ប្រាថ្នា។​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​ក៏​នាំ​គ្នា​ដើរ​សួ​លើ​ដើមឈើ​ទាំង​ពីរ​ឆ្លងកាត់​ទៅ​ ត្រើយម្ខាង។​ ​កងទ័ព​ស្ដេច​ពញាក្រែក​ ​ក៏​មក​ដល់​ដែរ​ ​តែ​រក​ឆ្លង​ដេញចាប់​មិន​បាន​ ​ពីព្រោះ​ដើម​រកា​ ​និង​ល្វា​បាន​ងើបឡើង​ត្រង់​វិញ​ដូច​ដើម។​ ​ដោយសារ​ភាព​អច្ឆរិយៈ​ដ៏​អស្ចារ្យ​នេះ​ ​ទើបបាន​ជាទី​កន្លែង​នោះ​ ​មានឈ្មោះ​ជាប់​មក​ថា​ ​រកាកោង និង​ល្វាទេរ ហើយ​ថ្ងៃ​ក្រោយមក​ក៏​កើត​មាន​ជា​លំនៅ​ស្ថាន​ភូមិ​ស្រុក​ រកាកោង​ ​ល្វាទេរ រៀង​រហូត​មក​ដល់​បច្ចុប្បន្ន។ ​ចំណែក​សេះ​ពណ៌​ខៀវ​វិញ​ ​មក​ដល់​កន្លែង​រកាកោង​ ​ល្វាទេរ​នេះ​ ​ក៏​បាត់​រូបរាង​ក្នុង​ភាព​យ៉ាង​អស្ចារ្យ​ដែរ។​ ​ពី​ពេល​នោះ​មក​បក្សីចាំក្រុង​ចាប់ផ្ដើម​មាន​ជំនឿ​ថា​ខ្លួន​ពិតជា​អ្នកមាន​បុណ្យ​ ​មាន​ឫទ្ធិ​អំណាច​តេជៈ​បារមី​ខ្លាំងពូកែ​មែន។​ អ្នកទាំង​ពីរ​ធ្វើ​ដំណើរ​គេចខ្លួន​ ​កាត់​វាល​កាត់​ព្រៃ​តទៅ​មុខ​ទៀត។​ ​ទៅ​ដល់​ក្រោម​ដើម​ល្វា​មួយ​យ៉ាង​ធំ​មាន​ម្លប់​ត្រឈឹងត្រឈៃ​ ​គេ​ឈប់​សំរាក​ប្រាស​ខ្លួន​លើ​ផែន​ថ្មដា​មួយ​ធំ​ ​ដែល​ជប់​ឡើង​ដោយ​ទេវតា​រក្សា​ដើម​ល្វា​ ​សំរាប់​ទុក​ថ្វាយ​បក្សីចាំក្រុង។​ ​កន្លែង​នោះ​ក៏​ជាប់​ឈ្មោះ​ថា​ ថ្មដា​ ​ដែល​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ​ខេត្តកំពង់ចាម។​ ថ្ងៃមួយ​តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ទួល​មួយ​កន្លែង​ ​ដែល​មាន​បឹង​នៅ​ជិតជាប់​នោះ​ ​តា​គហេ​បាន​ទៅ​កាច់​មែក​ជ្រៃ​យក​មក​ដោត​បាំង​ធ្វើ​ម្លប់​ឲ្យ​ បក្សីចាំក្រុង។​ ​ដោយ​អស់កំលាំង​ពេក​ ​បក្សីចាំក្រុង​ ​ក៏​ផ្ទំ​លក់​ទៅ។​ ​គ្រានោះ​ ​មាន​ហ្វូង​បក្សាបក្សី​ជាច្រើន ចុះ​មក​ក្នុង​បឹង​ដើម្បី​រាវរក​ចាប់​ចំណី។ មិនយូរប៉ុន្មាន​ផង ​ស្រាប់​តែ​បក្សាបក្សី​ទាំងនោះ​ស្រែក​ផ្អើល​កោកកាក​ឆោឡោ​ហោះហើរ​ចេញ​ទៅ។​ ​ឮ​សូរ​ខ្ញៀវខ្ញា​សន្ធឹក​សន្ធប់​ដូច្នេះ​ ​តា​គហេ​នឹក​ស្មានថា​កងទ័ព​ស្ដេច​លើក​មក​ដល់​ហើយ​ ​កំពុង​តែ​ឡោម​ព័ទ្ធ​ចាប់។​ ​គាត់​ភ័យ​ណាស់​ខំ​រត់​ទៅ​ដាស់​បក្សីចាំក្រុង។​ ​បក្សីចាំក្រុង​ភ្ញាក់​ទាំង​សើងមម៉ើង​ ភ័យ​ចំប្រប់​ ​ហើយ​ខំ​ស្ទុះស្ទារ​ឡើង​ដើម​ជ្រៃ​សំលឹង​មើល​គ្រប់​ទិស​ទី។​ ​តែ​បក្សីចាំក្រុង​មើល​មិនឃើញ​កងទ័ព​ស្ដេច​ទេ​ ​ឃើញ​តែ​ហ្វូង​សត្វ​ជា​ច្រើន​ដែល​កំពុង​តែ​ហោះហើរ។​ ​បាត់​ភ័យ​ធូរទ្រូង​បន្ដិច​ ​បក្សីចាំក្រុង​ចុះ​ពី​មែក​ជ្រៃ​ដោយ​ទាំង​ទុក​ស្នាម​ដានជើង​ជាប់​នៅ​លើ​ មែកឈើ។​ ​ដើម​ជ្រៃ​នោះ​បាន​គង់​រស់​រហូត​មក​ដល់​សព្វថ្ងៃ។​ ​បក្សីចាំក្រុង​នឹក​ខឹង​មួរ​ម៉ៅ​ចំពោះ​តា​គហេ​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ភ័យ​ លួស​ព្រលឹង​ ​ព្រះ​អង្គ​មាន​បន្ទូល​លលេង​ថា​ ​កាលណា​បាន​ឡើង​សោយរាជ្យ​ខ្ញុំ​នឹង​កាប់​តា​ធ្វើបុណ្យ​! តាម​ឪពុក​ខ្ញុំ​ ​ដែល​ធ្លាប់​និទានរឿង​បក្សីចាំក្រុង​ឲ្យ​ស្ដាប់ ​កាល​ខ្ញុំ​នៅ​ក្មេង​ ​ពាក្យ​សំដី​នេះ​គ្រាន់តែ​ជា​ការ​និយាយ​ចំអន់​លេងសើច​កំប្លែង​តែ​ប៉ុណ្ណោះ​ ​បក្សីចាំក្រុង​មិន​ដែល​មានចិត្ដ​អាក្រក់​រមឹលគុណ​ដូច្នេះ​ឡើយ។ ទីទួល​ដែល​តា​គហេ​បាន​យក​មែក​ជ្រៃ​ទៅ​ដោត​ធ្វើ​ម្លប់​ ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា​ ​ទួលស្រួល​ទឹកមិនលិច។ ចំណែក​ដើម​ជ្រៃ​វិញ​ ​យូរ​ខែ​ឆ្នាំ​មក​ ​ក៏​ដុះ​ធំ​ត្រសុំត្រសាយ​ ​ក្លាយទៅជា​ទីកន្លែង​សក្ការៈបូជា​យ៉ាង​ឆុតឆាប់​ ​ដែល​ខ្មែរ​តែងតែ​នាំ​គ្នា​មក​បន់ស្រន់​ជា​ហូរហែ។​ ​ឈ្មោះ​នេះ​ក្លាយ​បន្ដិច​ម្ដងៗ​ ​ទៅ​ជា​ទួលសួគ៌លោក ហើយ​ឥឡូវ​នេះ​ទៅ​ជា​វិហារសួគ៌។ រីឯ​កងទ័ព​ពល​ រេហ៍​របស់​ស្ដេច​ព្រហ្មកិល​ ​នៅ​តែ​បន្ដ​បេសកកម្ម​រុករក​ដេញ​តាម​ចាប់​បក្សីចាំក្រុង​ឥត​សំចៃ​ដៃ។​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​នៅ​តែ​ខំ​រត់គេច​ដដែល​ ​ហើយ​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ទិស​ខាងត្បូង។​ ​ទៅ​ជិត​ដល់​មាត់ទន្លេ​​ប្រទះ​ឃើញ​មាន​ផ្លែ​ល្វា​ល្អល្អះ​គួរ​ឲ្យ​ឆ្ងាញ់​ ​បក្សីចាំក្រុង​ក៏​បេះ​ផ្លែ​ល្វា​យក​មក​សោយ​ចំអែត​កាយ។​ ​ផ្លែ​ល្វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា​ ​ធ្វើ​ឲ្យ​បក្សីចាំក្រុង​កើន​កំលាំង​ខ្លាំងក្លា។​ ​ទឹកដី​ម្ដុំ​ដើម​ល្វា​ ​ក៏​ជាប់​ឈ្មោះ​ថា​ ​ល្វាផ្អែម ហើយ​ក្លាយទៅជា​ល្វាឯមរហូត​មក​ដល់​សព្វថ្ងៃ​ ​គឺ​នៅ​ក្នុងខេត្តកណ្ដាល។​ កងទ័ព​ស្ដេច​ ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​ ​ដែល​ដឹកនាំ​ដោយ​មេទ័ព​ពីរ​នាក់​គឺ​ ​ចៅពញាចក្រី ​និង​ចៅពញារាជាសេដ្ឋា​ ​បាន​តាមដាន​ដេញ​រក​ចាប់​បក្សីចាំក្រុង​អស់​រយៈពេល​បី​ឆ្នាំ​ ​តែ​នៅ​តែ​រក​ចាប់​មិន​បាន។​ ​មិនតែប៉ុណ្ណោះ​ ​មេទ័ព​ស្ដេច​ទាំង​ពីរ​នាក់​ត្រូវ​បាត់បង់​ជីវិត​នៅ​ភ្នំ​អាសន្នទុក្ខ​ ​ដោយ​ចាញ់​បុណ្យ​បារមី​របស់​បក្សីចាំក្រុង។​ ​ព្រះមហាក្សត្រ​ខ្មែរ​ខឹង​ច្រឡោត​ខ្លាំង​ណាស់​ ​ដោយ​មេទ័ព​របស់​ខ្លួន​ទាំង​ប៉ុន្មាន​គ្មាន​សមត្ថភាព​ ​ទទួល​បរាជ័យ​ ​រក​ចាប់ចង​ ​និងកំទេចសំលាប់​បក្សីចាំក្រុង​មិន​បាន​ដូច​បំណង។​ ​ព្រះ​អង្គ​រឹងរឹតតែ​ភ័យ​ព្រួយបារម្ភ​ខ្លាំង​ឡើងៗ​ រក​បិទ​ភ្នែក​មិន​ជិត​ ​ពីព្រោះ​ព្រះ​អង្គ​ភ័យ​ខ្លាច​អស់បុណ្យ​ ​អស់អំណាច​ ​អស់​រាជសម្បត្ដិ​ ​អស់​បាន​ធ្វើ​ជា​ស្ដេច។​ ​ព្រះ​អង្គ​ក៏​សំរេចចិត្ដ​លើក​កងទ័ព​ពល​សេនា​ទៅ​ដោយ​ខ្លួនឯង​ ​ដើម្បី​ដេញ​តាម​រុករក​ចាប់​សំលាប់​បក្សីចាំក្រុង​ ​អ្នកមាន​បុណ្យ​ឲ្យ​ទាល់តែ​បាន​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល។​



                                     

3.4. ដំណើរភៀសព្រះកាយជាមួយតាគហេ បរិវេណភ្នំពេញដល់កណ្ដាលវិញ

ចំណែក ​តា​គហេ​ ​និង​បក្សីចាំក្រុង​ ​កាលបើ​ដល់​មាត់ទន្លេ​ ​ក៏​សុំ​តាម​ទូក​គេ​ឆ្លង​ទៅ​ត្រើយ​ខាងលិច​ត្រង់​ម្ដុំ​កោះ​ឫស្សីកែវ សង្កាត់​មួយ​នៅ​ផ្នែក​ខាងជើង​នៃ​ទីក្រុងភ្នំពេញ។ គ្រានោះ​កងទ័ព​ស្ដេច​ក៏​តាម​មក​ដល់​ដែរ​ ​តា​គហេ​ ​និង​បក្សីចាំក្រុង​ ​នាំ​គ្នា​រត់​ចូល​ពួន​ក្នុង​បឹង​រាជ​ ​ដែល​មាន​ឈូក​ដុះ​ពាសពេញ។​ ​កងពល​សេនា​ស្ដេច​ដេញ​តាម​ស្អិត​ពីក្រោយ​ ​ហើយ​យក​ដំរី​ គោ ​ក្របី​ ​មក​ឲ្យ​ដើរ​សាចុះសាឡើង​ជាន់ឈ្លី​បឹង​ឈូក​ ​បែក​ភក់​វក់វល់​ ​ដើម្បី​សំលាប់​បក្សីចាំក្រុង​កុំឲ្យ​រត់​រួច។​ ​តែ​ដំរី​ គោ ក្របី​ ​កាល​ដើរមក​ដល់​ម្ដុំ​ដើម​ឈូក​ដែល​បក្សីចាំក្រុង​ ​និង​តា​គហេ​ពួន​ ​ចេះ​តែ​នាំ​គ្នា​ដើរ​ឃ្វាង​រហូត​ ​តា​ ​និង​ចៅ​បាន​រួច​ជីវិត​ជា​ថ្មី​ម្ដងទៀត។​ ​បឹង​ឈូក​ដោយសារ​គោ ក្របី ​ដំរី​ ដើរ​ជាន់ឈ្លី​មិន​ឈប់​ឈរ​ ​ក៏​រឹង​ខះទឹក​បែរជា​គោក​ស្ងួត។​ ​ដើម្បី​ទុកជា​អនុស្សាវរីយរំលឹក​ដល់​ប្រវត្ដិ​តស៊ូ​ ​រត់គេច​ភៀសខ្លួន​របស់​បក្សីចាំក្រុង​ ​និង​តា​គហេ​ ​គេ​បាន​ដាក់​ឈ្មោះ​ទឹកដី​នោះ​ថា​ ​គោកបញ្ជាន់។ បក្សីចាំក្រុង ​ ​និង​តា​គហេ​ ​នាំ​គ្នា​រត់​បន្ដដំណើរ​សំដៅ​ទៅ​ទិស​ខាងលិច។​ ​តាម​ផ្លូវ​បក្សីចាំក្រុង​បាន​ប្រទះ​ជួប​ឃើញ​នារី​ក្រមុំ​ម្នាក់​មាន​រូបរាង ​ ​ដំណើរ​ ​សម្ផស្ស​ ​សាច់​ល្អ​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់ចិត្ដ​ស្នេហា​ ​នាង​កំពុង​តែ​ដងទឹក។​ ​កន្លែង​ជួប​ប្រទះ​ស្រី​ស្រស់​ ​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​ ​ប្រទះនាង ដែល​ក្លាយជា​ ប្រទះឡាង។ នៅ​តាម​ផ្លូវ​ ​ទៅ​ដល់​ទួល​មួយ​ ​តា​ ​និង​ចៅ​ ​ដោយ​ស្រេកឃ្លាន​ខ្លាំង​ពេក​ ​បាន​បេះ​ផ្លែ​ឈើ​ឪជ្រឹង​ ​យក​មក​បរិភោគ​ចម្អែត​កាយ។​ ​ទីនោះ​ជាប់​ឈ្មោះ​ថា​ ​ទ្រនំជ្រឹង ជា​រៀង​រហូត​ត​មក។​ ​ដើរ​ហួស​កន្លែង​នោះ​ឆ្ងាយ​បន្ដិច​ ​ស្រាប់តែ​បក្សីចាំក្រុង​ និង​តា​គហេ​ត្រូវ​កងពល​ទាហាន​ស្ដេច​ឡោម​ចោម​ចាំ​ចាប់។​ ​កន្លែង​ចោមចាប់​ទី​១​ ​បាន​ក្លាយទៅជា​ ​ភូមិ​ចោមចាប់។​ ​កន្លែង​ចោមចាប់​ទី​ពីរ​ ​នៅ​ម្ដុំ​ជិត​គ្នា​នោះ​ដែរ​ ​បាន​ក្លាយទៅជា​ភូមិ​ចោមចៅ។​ ដើម្បី​រត់​ដោះដៃ ​រក​រួចខ្លួន​ ​ម្ដងនេះ​ដូច​លើក​មុន​ដែរ​ ​តា​គហេ​​នាំ​បក្សីចាំក្រុង​ចុះ​ពួន​ក្នុង​បឹង​ទៀត។​ ​ពួក​ពល​រេហ៍​ស្ដេច​ក៏​នាំ​យក​ដំរី​ គោ ក្របី​ ​ប្រើ​ឲ្យ​ជាន់​ដី​ជាន់ឈ្លី​បញ្ជាន់​បឹង​ដូច​លើក​មុន​ ​តែ​នៅ​តែ​មិន​បាន​សម្រេច។​ ​បក្សីចាំក្រុង​ និង​តា​គហេ​នៅ​តែ​រត់​រួច​ពី​កណ្ដាប់ដៃ​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ។​ ​បឹង​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ​បឹងបុកបែន ដែល​ថ្ងៃ​ក្រោយមក​ ​ក្លាយជា​បឹង​ ​បឹង​ក្បែន។ រត់ ​រួច​ចេញពី​បឹង​កាលណា​ ​ចៅ​ ​និង​តា​ ​នាំ​គ្នា​រត់​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ក្រាស់​ជិត​នោះ។​ ​ព្រៃ​នោះ​មានឈ្មោះ​ថា​ ព្រៃពួន ដែល​ឥឡូវ​ក្លាយទៅជា​ ព្រៃពួច ឈ្មោះ​ទីកន្លែង​ ​ភូមិស្ថាន​ ​ដែល​យើង​បាន​រៀបរាប់​ជា​ហូរហែ​ ​ក្រោយ​ពេល​ដែល​បក្សីចាំក្រុង​រត់​មក​ដល់​កោះ​ឫស្សីកែវ សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ខេត្តកណ្ដាល ខាងលិច និង​ទិស​ខាងជើង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ។ កងទ័ព​ស្ដេច​នៅ​តែ​ដេញ​តាម​ប្រកិត​ពីក្រោយ​ជា​និច្ច។​ ​តា​គហេ​ ​និង​បក្សីចាំក្រុង​ចេះ​តែ​ខំ​រត់​ពួន​គេចវេះ​ ​ខំ​ដើរ​ ​ខំ​រត់​កាត់​វាល​ចូល​ព្រៃ​ទៅ​ដល់​ជើងភ្នំ​រូង​ គឺ​ភ្នំ​បាសិទ្ធ​ ​សព្វថ្ងៃ​ ​ដែល​ស្ថិត​នៅ​ប្រវែង​ប្រមាណ​ជា​ជាង ​​២០​ គ.ម​ ខាងជើង​ក្រុងភ្នំពេញ។​ ​ភ្នំ​បាសិទ្ធ​មាន​កំពូល​ទាំងអស់​ពីរ​ ​មួយ​ក្នុង​ឃុំ​ម្កាក់​ ​ស្រុក​ភ្នំពេញ​ ខេត្តកណ្ដាល ​និង​កំពូល​មួយទៀត​ ​ស្ថិត​ក្នុងខេត្តកណ្ដាល​ដដែល​ ​តែ​ក្នុង​ឃុំ​ឈ្វាំង​ ស្រុកពញាឮ។ នៅ​ក្នុង​ភ្នំ​នេះ​មាន​រូង​មួយ​យ៉ាង​ធំ​​របស់​ស្ដេច​កណ្ដុរស។​ ​ស្ដេច​កណ្ដុរស​ក៏​បាន​ជួយ​សង្គ្រោះ​យកអាសា​បក្សីចាំក្រុង​ ​នាំ​យក​ទៅ​លាក់​ទុក​ក្នុង​រូង​របស់​ខ្លួន។ ​រំពេច​នោះ​ដែរ​ ​ពីងពាង​ជា​ច្រើន​ក៏​នាំ​គ្នា​បញ្ចេញ​កំលាំង​ធ្វើ​មង​ ​ចាក់​ស្រះ​ព័ទ្ធព័ន្ធ​បិទ​បាំង​មាត់​រន្ធ​ស្ដេច​កណ្ដុរស។​ ​កង​ទាហាន​ស្ដេច​ព្រហ្មកិល​មក​ដល់ទី​នោះ​ដែរ​ ​តែ​រក​បក្សីចាំក្រុង​ ​និង​តា​គហេ​មិនឃើញ។​ មក​ដល់​រូងភ្នំ​ បក្សីចាំក្រុង​ ​និង​តា​គហេ​បាន​បុណ្យ​គុណ​បារមី​វត្ថុ​ស័ក្ដិ​សិទ្ធ​ ​និង​អ្នក​សច្ចំបំបាំង​បាត់​ ​ជួយ​ថែរក្សា​ទំនុកបំរុង​ ឧបត្ថម្ភ ​ណែនាំ​ បង្ហាត់បង្រៀន​ អប់រំ​ ប្រដែប្រដៅ​ ​ផ្ដល់​នូវ​មុខ​វិជ្ជា​សិល្ប៍សាស្ដ្រ​គ្រប់​បែបបទ​ ​និង​ជួយ​ចំលងឲ្យ​ផុត​ពី​គ្រោះកាច​ចង្រៃ​គ្រប់​បែប​យ៉ាង។​ ​តាំង​តែ​ពី​ពេល​នោះ​មក​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​ ​រស់នៅ​ឯ​ភ្នំ​រូង​ដោយ​សុវត្ថិភាព​សុខ​សប្បាយ​ ​គ្មាន​សៅហ្មង​ ​គ្មាន​ភ័យ​ព្រួយបារម្ភ​ខ្លាច​ស្ដេច​សិន្ធព​អមរិន្ទ​ឡើយ។​

                                     

3.5. ដំណើរភៀសព្រះកាយជាមួយតាគហេ សម្ដេចចៅហ្វាទឡ្ហៈ

ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​បាន​សរសេរ​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​ ​បាន​យាង​ព្រះ​មាតា​ ​អ្នក​ម្នាង​កែវ​ឲ្យ​មក​គង់​ក្នុង​បរមរាជវាំង​ជាមួយ។​ ​ព្រះ​អង្គ​បាន​ប្រទាន​ដល់​ព្រះ​មាតា​ព្រះ​បរម​នាម​ ​សម្ដេច​ព្រះ​វររាជនី​ទេវី​លក្ខិណា​មហាក្សត្រី។​ ​តា​គហេ​ ​និង​យាយ​លក្ខណ៍​ត្រូវ​បាន​ព្រះ​អង្គ​ទុកដាក់​ ​និង​ប្រទាន​ឋានៈ​ជា​ជីដូន​ជីតា​ចិញ្ចឹម​ ​មិនតែប៉ុណ្ណោះ​ ​តា​គហេ​បាទ​ទទួល​ឋានន្ដរសក្ដិ​ជា​សម្ដេច​ចៅហ្វា​ ​ដោយ​មាន​អំណាច​គ្រប់គ្រាន់​ពេញលេញ​ ​ក្នុង​ការ​ចាត់ចែង​រៀបចំ​សំរេចកិច្ចការ​ធំៗ​ក្នុង​នគរ។​

ព្រះបាទបក្សីចាំក្រុង​ ​ព្រោះតែ​ពាក្យសំដីចំអន់​លេងសើច​ ​ដោយ​ស្មានថា​ពាក្យ​សំដីទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ​ ​គ្មាន​ន័យ​គ្មាន​ផល​រមាស់​ ​ត្រូវ​គ្រប់កំលាំង​បារមី​ ​និង​វត្ថុ​ស័ក្ដិ​សិទ្ធិ​យាងចុះ​មក​ព្រមាន​ប្រដែប្រដៅ​ឲ្យ​គោរព​ធ្វើ​តាម​ ពាក្យពេចន៍​ដែល​ពោល​និយាយ​ចេញ​មក។​ ​ពីព្រោះ​ពាក្យ​សម្ដី​របស់​ស្ដេច​ ​ឬ​អ្នកដឹកនាំ​នគរ​ ​ដែល​ហា​ខ្ជាក់​ចេញ​មក​ជា​ពាក្យ​សច្ចៈ។​ ​បក្សីចាំក្រុង​ខំប្រឹង​រៀបចំ​ធ្វើ​ពិធី​ឧបកិច្ច​ ​បន្លែបន្លំ​បោក​បញ្ឆោត​ទេវតា​ដែរ​ ​តែ​បារមី​ទាំងអស់​នៅ​តែ​មិន​ព្រម​ទទួល​ និង​សុខចិត្ដ។​ ​ទេវតា​ ​និង​វត្ថុ​សក្ដិ​សិទ្ធិនៅ​តែ​ទាមទារ​ឲ្យ​គោរព​ធ្វើ​តាម​ពាក្យ​សច្ចៈ​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​នឹង​មក​ផ្ដាច់​យកអាយុ​ជីវិត​ប្រជាពលរដ្ឋ​ ​ហើយ​នឹង​ធ្វើ​ឲ្យ​នគរ​ស្រុក​ទេស​ទាំងមូល​ ​ជួប​ប្រទះ​តែ​ទុក្ខ​ភ័យ​វេទនា​ ​វិនាស​អន្ដរាយ​ហិនហោច​ ​ព្រាត់ប្រាស​គ្នា​ជា​មិន​ខាន។​ ​បើ​គោរព​តាម​ពាក្យ​សច្ចៈ​ ​ដើម្បី​ប្រទេស​ជាតិ​ ​បក្សីចាំក្រុង​ ​ត្រូវ​ដាច់​ចិត្ដ​លះបង់​ ​ប្រហារជីវិត​លោកតា​គហេ​អ្នក​មានគុណ​ដ៏​ធំ​ ​និង​ដ៏​ធ្ងន់​របស់​ព្រះ​អង្គ។​