Back

ⓘ ហាំង ង៉ោ. វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ ឬ​ហៅ​យ៉ាង​ខ្លី​ថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង និង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន ..




ហាំង ង៉ោ
                                     

ⓘ ហាំង ង៉ោ

វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ ឬ​ហៅ​យ៉ាង​ខ្លី​ថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង និង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​បាន​ទទួល​ពាន​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​១៩៨៥ ក្នុង​ផ្នែក តួ​សម្ដែង​រង​ល្អ​បំផុត សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោក នៅ​ក្នុង​រឿង​វាលពិឃាត ដែល​ស្ដី​អំពី​ជីវិត​របស់​អ្នក​សារព័ត៌មាន លោក ឌិត ប្រន។ លោក​​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​បុរសរបស់​អាស៊ី​​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ពានរង្វាន់ Oscar ក្នុង​ផ្នែក​សម្ដែង។ ម្តាយ​របស់​គាត់​គឺ​ជា​ជនជាតិខ្មែរ​ រី​ឯ​​ឪពុក​របស់​គាត់​គឺ​ជនជាតិ​ចិនតឺជីីវ​។ លោក​ហាំង ង៉ោ ​និង ​ហា​រ៉ូ​ល​រ៉ូសេល ​ គឺ​ជា​តារា​សម្តែង​មិន​មាន​ជំនាញ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ក្នុង​ផ្នែក​សម្ដែង។

                                     

1. ជីវិត​ក្រោម​របប​ខ្មែរ​ក្រហម

កើត​នៅ​សំរោង​យ៉ោង ប្រទេស​​កម្ពុជា​ លោក​ហាំង ង៉ោ​​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជា​គ្រូពេទ្យ​វះកាត់​​និង​ជំនាញរោគ​ស្ត្រី​។ លោក​បាន​ចុះអនុ​វត្ត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​ឆ្នាំ 1975 នៅ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ដ​ណ្តើ​ម​បាន​អំណាច ​ហើយ​បាន​ប្រកាស​ថា​​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​ត្រូវ​បង្ខំ​ចិត្ត​លាក់​បាំង​ប្រវត្តិ​សិក្សា ជំនាញ​វេជ្ជសាស្ត្រ ហើយ​សូម្បី​តែ​ការ​ពាក់​វ៉ែនតា​ក៏​គាត់​ត្រូវ​លាក់​ដែរ ដើម្បី​ជៀសវាង​ពី​ការ​រង្គាស​ចិត្ត និង​ចង​សត្រូវ​របស់​របប​ថ្មី​ទៅ​លើ​អ្នក​ជំនាញ និង​បញ្ញវន្ត។ គាត់​ត្រូវ​បាន​ជន្លៀស​ចេញ​ពី​រាជធានី​ភ្នំពេញ រួម​ជាមួយ​ប្រជាជាន​ជាង​ពីរ​លាន​នាក់​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធ​សង្គម "ឆ្នាំ​សូន្យ" របស់​ខ្មែរ​ក្រហម។ លោក​ហាំង ង៉ោ ក៏​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរុំ​មួយ​ជាមួយ​ប្រពន្ធ​របស់​គាត់ គឺ​លោក​ស្រី ម៉ី ហួយ ដែល​ក្រោយ​មក​បាន​ស្លាប់​ដោយ​សារ​ការ​សម្រាល​កូន។ បើ​ទោះ​បី​ជាគាត់​មាន​ជំនាញ​​រោគ​ស្ត្រី​ គាត់​នៅ​តែ​​មិន​អាច​ព្យាបាល​ប្រពន្ធ​របស់​គាត់​ដែល​តម្រូវ​ឱ្យ​មាន​ការវះកាត់​ផ្នែក​ណាមួយ​ទេ ព្រោះ​គាត់​គិត​ថា​​អាច​នឹងមាន​ផល​ប៉ះពាល់​ចំពោះ​ខ្លួន​ឯង​និង​ប្រពន្ធ​របស់​គាត់ ក៏​ដូច​ជា​កូន​របស់​គាត់​ ហើយ​អាច​នឹង​ត្រូវ​គេ​សម្លាប់​ថែម​ទៀត។ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ 1979 លោក​ហាំង ង៉ោ ​បាន​ធ្វើ​ការ​ជា​គ្រូ​ពេទ្យ​មួយ​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ចាក​ចេញ​ជាមួយ​នឹង​ក្មួយ​ស្រី​របស់គាត់​​ទៅ​​សហរដ្ឋ​អាមេរិក​កាល​នៅ​ថ្ងៃ៣០ ខែ​សីហា ​ឆ្នាំ១៩៨០។ ក្មួយ​ស្រី​របស់​លោក គឺ ង៉ោ សុភីយ៉ា ឌីមេទ្រី Ngor Sophia Demetri ជា​អ្នក​ផ្ដល់​សាក្សី​មួយ​រូប​នៅ​សវនាការ​ក្នុង​រឿង​ក្ដី​ឃាតកម្ម​លោក ហាំង ង៉ោ។ បច្ចុប្បន្ន​នាង​គឺ​ជា​ប្រធាន​មូលនិធិ។

                                     

2. អាជីព​សម្ដែង

លោក​ហាំង ង៉ោ បាន​សម្ដែង​ជា​តួអង្គ ឌិត ប្រន នៅ​ក្នុង​ភាពយន្ត វាល​ពិឃាដ បើ​ទោះបី​ជា​លោក​គ្មាន​បទពិសោធ​សម្ដែង​ពី​មុន​មក​ក្ដី។ ហើយ​បន្ទាប់​ពី​នោះ​មក លោក​បាន​ពាន​រង្វាន់​ចំនួន​បី​ដោយ​រួម​មាន Golden Globe Award និង​ពាន​រង្វាន់ Academy Award ក្នុង​ផ្នែក Best Supporting Actor ផង​ដែរ។ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​កក្នុង​ភាពយន្ត វាល​ពិឃាដ មក លោក​បាន​ប្រាប់​ទៅ​ទស្សនាវដ្ដី People ថា "ខ្ញុំ​ចង់​បង្ហាញ​ទៅ​ពិភព​លោក​អំពី​ភាព​ស្រេកឃ្លាន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា និង​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្រោម​របប​កុម្មុយនិស្ដ​មួយ​នេះ​។ បេះដូង​របស់​ខ្ញុំ​ស្កប់​ស្កល់​ហើយ។ ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ដែល​ល្អ​រួច​ហើយ"។ អង់គ្លេស៖ "I wanted to show the world how deep starvation is in Cambodia, how many people die under communist regime. My heart is satisfied. I have done something perfect."

លោក​ហាំង ង៉ោ ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ផ្សេងៗ​ទៀត ព្រម​ទាំង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ដែរ ដូច​ជា Heaven & Earth របស់ Oliver Stone និង​រឿងភាគ​ខ្លី Vanishing Son ។ លោក​ក៏​មាន​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ហុងកុង​ចំណង​ជើង "សត្វ​ត្មាត​ភាគ​ខាង​កើត" Eastern Condors ដែល​បាន​ដឹកនាំ​និង​សម្ដែង​ដោយ Sammo Hung ។

លោក​ក៏​បាន​សម្ដែង​ជា​តួ​រង​នៅ​ក្នុង​រឿងភាគ​វៀតណាម​ឆ្នាំ​១៩៨៩ ចំណង​ជើង "The Iron Triangle" ។ លោក​ក៏​ធ្លាប់​បាន​សម្ដែង​ជា​តារា​កិត្តិយស guest-starred នៅ​ក្នុង​សាច់​រឿង​ពីរ​ភាគ​នៃ​ខ្សែ​ភាពយន្ត ឆ្នេរ​សមុទ្រ​ចិន ក្នុង​ភាគ "How to Stay Alive in Vietname 1 & 2" ដោយ​ដើរ​តួ​ជា​ឈ្លើយ​សង្គ្រាម​ជនជាតិ​ខ្មែរ​ម្នាក់​បាន​រង​របួស ហើយ​បាន​ជួយ​នាង Collen McMurphy ពេល​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​នាង។ គាត់​ក៏​បាន​សម្ដែង​ជា​តារា​កិត្តិយស​ក្នុង​ខ្សែភាពយន្ត Miami Vice មួយ​ភាគ​ចំណង​ជើង "The Savage / Duty and Hornor" ។ លោក​ក៏​បាន​ដើរតួ​នៅ​ក្នុង​រឿង My Life បន្ទាប់​ពី​លោក Michael Keaton ។

                                     

3. មូលនិធិ​និង​មត៌ក

មូលនិធិ​វេជ្ជបណ្ឌិត ហាំង ង៉ោ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ​១៩៩០ ដោយ​លោក​ហាំង ង៉ោ និង Jack Ong ។ តារា​សម្ដែង​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ឆ្នាំ​១៩៨៩ ពេល​ថត​រឿង "The Iron Triangle" ហើយ​ក្រោយ​មក ព្រះ​វិហារ​របស់​អ្នក​គង្វាល Ong សមាគម​គ្រិស្ត​បរិស័ទ​នៅ Venice, CA បាន​ចាប់​ផ្ដើម គម្រោង​កម្ពុជា ស្វែងរក​ថវិកា​ដើម្បី​ថែទាំ​កុមារ​កំព្រា និង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ប្រទេស​កម្ពុជា។ គម្រោង​កម្ពុជា Project Cambodia គឺ​ជា​មូលនិធិ​ដើម​នៃ​មូលនិធិ​របស់​លោក​ហាំង ង៉ោ ដែល​បាន​ដាក់​បញ្ចូល​ជា​អង្គការ​សប្បុរសធម៌​នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ឃាតកម្ម​របស់​លោក​ហាំង ង៉ោ ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦។ គោលដៅ​នៃ​មូលនិធិ​នេះ​រួម​មាន​ការ​ថែរក្សា​ការ​សម្រេច សមិទ្ធផល របស់​លោក​ហាំង ង៉ោ និង​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្ត​និង​វប្បធម៌​កម្ពុជា​តាមរយៈ​ការ​អប់រំ សកម្មភាព និង​សិល្បៈ។ ក្មួយ​ស្រី​របស់​លោក​ហាំង ង៉ោ គឺ សុភីយ៉ា ង៉ោ ឌីមេទ្រី Sophia Ngor Demetri ដែល​ជា​អ្នក​ផ្ដល់​ភស្តុតាង​នៅ​ក្នុង​សវនាការ​ឃាតកម្ម​របស់​លោក និង​ជា​អ្នក​ដែល​លោក​បាន​យក​មក​នៅ​អាមេរិក​ជាមួយ បច្ចុប្បន្ន​នេះ​នាង​គឺ​ប្រធាន​មូលនិធិ ហើយ​លោក Ong គឺ​ជា​នាយក​ប្រតិបត្តិ។



                                     

4. ឃាតកម្ម

នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ លោក​ហាំង ង៉ោ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្រោយ​ផ្ទះ​គាត់ នៅ សង្កាត់​ចិន, ក្នុង​ទី​ប្រជុំជន ឡូសអាន់ជើឡេស, កាលីហ្វ័រញ៉ា។ ជនជាតិ​ខ្មែរ​ជា​ច្រើន​បាន​អះអាង​ថា​ពួក​គេ​មាន​ជាប់​ជំពាក់​នៅ​ក្នុង​អចលទ្រព្យ​របស់​គាត់ ហើយ​មាន​ស្ត្រី​ម្នាក់​ទៀត​ថា លោក​បាន​រៀបការ​ជាមួយ​នាង​ក្រោយ​ពេល​មក​ដល់​សហរដ្ឋ​អាមេរិក។ ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​លោក​ហាំង ង៉ោ បាន​ទៅ​ប្អូន​របស់​គាត់​គឺ​លោក ចាន់ សារុន(ចិន ៖ 吳和顺 or 吴汉顺 ; ភិងអ៊ិង: Wú Hànshùn, ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៅ​កម្ពុជា ខណៈ​ពេល​ដែល​ទ្រព្យ​សម្បត្តិ​អាមេរិក​របស់​គាត់​ត្រូវ​បាន​ប្រើ​ក្នុង​ថ្លៃ​សេវា​ច្បាប់​នៃ​ការ​ពន្យារ​ពាក្យ​បណ្ដឹង​ចំពោះ​អចលនទ្រព្យ​របស់​គាត់។ គេ​បាន​បញ្ចុះ​សព​របស់​គាត់​នៅ Rose Hills Memorial Park ឯ Whittier, កាលីហ្វ័រញ៉ា។

សមាជិក​បី​នាក់​នៃ​ក្រុម "Oriental Lazy Boyz" ដែល​ជា​ក្រុម​ពាល​តាម​ផ្លូវ ត្រូវ​បាន​ចោទ​ពីបទ​ឃាតកម្ម ហើយ​ក៏​ធ្លាប់​បាន​ចាប់​ខ្លួន​ពី​មុន​មក​ដែរ​ក្នុង​បទ​ឆក់​កាបូប​អលង្ការ។ ពួក​គេ​ត្រូវ​បាន​កាត់​ទោស​រួម​គ្នា​នៅ​ក្នុង​តុលាការ​កំពូល​នៃ​រដ្ឋ​ឡូសអាន់ជើឡេស ទោះ​បី​ជា​រឿង​ក្ដី​របស់​ពួក​គេ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​តុលាការ​ដឹង​ដាច់​ដោយឡែក​ពី​គ្នា​ក៏​ដោយ។ ព្រះ​រាជ​អាជ្ញា​បាន​អះអាង​ថា ពួក​គេ​បាន​សម្លាប់​លោក​ហាំង ង៉ោ ក្រោយ​ពេល​ប្រគល់​នាឡិកា​ដៃ​មាស​ម៉ាក Rolex របស់​លោក​ឲ្យ​គេ ប៉ុន្តែ​បដិសេធ​មិន​ឲ្យ​បន្តោង​ខ្សែ​ក​ដែល​មាន​រូប​ប្រពន្ធ​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ គឺ​លោក​ស្រី ម៉ី ហួយ។ មេធាវី​ការពារ​ក្ដី​បាន​លើក​ឡើង​ថា​ឃាតកម្ម​នេះ​ទាក់ទង​នឹង​រឿង​នយោបាយ ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មិន​មាន​ភស្តុតាង​ណា​មួយ​គាំទ្រ​ទស្សនៈ​នេះ​ទេ។ កាំង ហ្គេកអ៊ាវ ដែល​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម ហើយ​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​នៅ​កម្ពុជា បាន​អះអាង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ថា​ការ​សម្លាប់​លោក​ហាំង ង៉ោ គឺ​ជា​បញ្ជា​ពី​ប៉ុលពត។ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​អង្កេត​អាមេរិក​រក​មិន​ឃើញ​ថា​គាត់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទេ។

មនុស្ស​មួយ​ចំនួន​បាន​រិះគន់​មតិ​ដែល​ថា​លោក​ហាំង ង៉ោ ត្រូវ​បាន​គេ​សម្លាប់​ក្នុង​អំពើ​ប្លន់​មិន​បាន​សម្រេច ដោយ​ផ្អែក​ទៅ​លើ​សាច់​ប្រាក់ ២៩០០ដុល្លារ​អាមេរិក ដែល​បាន​បន្សល់​ទុក ហើយ​ការ​ពិត​នោះ ចោរ​មិន​បាន​រើ​កកាយ​កាបបូប​លុយ​របស់​គាត់​ទេ។ មក​ទល់​ពេល​នេះ គ្មាន​ចម្លើយ​ពីមូលហេតុ​ដែល​ចោរ​ទាមទារ​បន្តោង​ខ្សែ​ក​របស់​គាត់​នោះ​ទេ ហើយ​ជា​ធម្មតា លោក​ហាំង ង៉ោ តែង​ពាក់​បន្តោង​ខ្សែ​ក​នោះ​នៅ​ខាង​ក្នុង​សម្លៀក​បំពាក់ ហើយ​ពិបាក​នឹង​មើល​ដឹង​ណាស់។ នៅ​ឆ្នាំ​២០០៣ បន្តោង​ខ្សែ​ក​នោះ​នៅ​តែ​មិន​ទាន់​រក​ឃើញ។

អ្នក​ទាំង​បី​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​នៅ​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​១៩៩៨ នៅ​ចំ​ថ្ងៃ​ដែល​គេ​បាន​បញ្ជាក់​អំពី​ការ​ស្លាប់​របស់ ប៉ុលពត នៅ​កម្ពុជា​ដែរ។ Tak Sun Tan ត្រូវ​បាន​ផ្ដន្ទាទោស​ចាប់​ពី ៥៦​ឆ្នាំ ដល់​មួយ​ជីវិត, Indra Lim ពី ២៦​ឆ្នាំ ដល់​មួយ​ជីវិត ចំណែក​ឯ Jason Chan គឺ​ជាប់​ទោស​មួយ​ជីវិត​ដោយ​គ្មាន​លក្ខខណ្ឌ​ដោះ​លែង។ នៅ​ឆ្នាំ​២០០៤ តុលាការ​សង្កាត់​អាមេរិក​នៃ​សង្កាត់​កណ្ដាល​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ចេញ​ដីកាលើក​លែង​ទោស ជា​សេចក្ដី​សម្រេច​ដែល​ព្រះ​រាជ​អាជ្ញា​បាន​ប្រើ​ការ​អាណិត​អាសូរ​របស់​ក្រុម​ប្រឹក្សា​តាមរយៈ​ការ​បង្ហាញ​ភស្តុតាង​មិន​ពិត ការ​សម្រេច​នេះ​ត្រូវ​បាន​បដិសេធ។ ហើយ​ជា​ចុង​ក្រោយ ការ​ផ្ដន្ទាទោស​នៅ​តែ​បន្ត​តម្កល់​ទុក​ដោយ តុលាការ​សហរដ្ឋ​អាមេរិក​នៃ​បណ្ដឹង​ឧទ្ធរណ៍​សម្រាប់​មណ្ឌល​ទី​ប្រាំ​បួន នៅ​ឆ្នាំ​២០០៥។

ក្រោយ​ពេល​ចេញ​ផ្សាយ​ខ្សែ​ភាព​យន្ត វាល​ពិឃាត លោក​ហាំង ង៉ោ បាន​ប្រាប់​ទៅ​អ្នក​យក​ព័ត៌មាន New York Times ថា "ប្រសិន​បើ​ខ្ញុំ​ស្លាប់​នៅ​ពេល​ឥឡូវ គឺ​គ្មាន​បញ្ហា​ទេ ព្រោះ​ភាពយន្ត​នេះ​នឹង​ស្ថិត​នៅ​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត"។ អង់គ្លេស៖ "If I die from now on, OK! This film will go on for a hundred years."

លោក​ឌិត ប្រន ដែល​លោក​ហាំង ង៉ោ បាន​ដើរ​តួ​នៅ​ក្នុង​រឿងវាល​ពិឃាត បាន​ថ្លែង​ចំពោះ​ការ​ស្លាប់​របស់​លោក​ហាំង ង៉ោ ថា "គាត់​ប្រៀប​ដូច​ជា​កូន​ភ្លោះ​ជាមួយ​ខ្ញុំ។ គាត់​ប្រៀប​បាន​ជា​អ្នក​ផ្ញើ​សារ​ជាមួយ​ខ្ញុំ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ហើយ"។ អង់គ្លេស៖ "He is like a twin with me. He is like a co-messenger and right now I am alone."

                                     

5. គួរ​អាន​បន្ត

  • Ngor, Haing with Roger Warner. Survival in the Killing Fields. Carroll & Graf Publishers, 2003. ISBN 0-7867-1315-1.
  • Ngor, Haing with Roger Warner. A Cambodian Odyssey. Macmillian Publishing Company, 1987. ISBN 0-02-589330-0.
                                     

6. តំណ​ខាង​ក្រៅ

  • {{Find a Grave|5681}តុកតា
  • ហាំង ង៉ោ នៅក្នុង Internet Movie Database

}

  • CNN story on his death
  • Yahoo! Biography
  • Los Angeles Times article on his murder
  • Haing Ngor Foundation website