Back

ⓘ ផែនការក៥ ឬអាចហៅបានថា វាំងននឫស្សី គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលចាប់អនុវត្តឡើងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ក្នុងគោលបំណងចង់បិតច្រ ..




                                     

ⓘ ផែនការក៥

ផែនការក៥ ឬអាចហៅបានថា វាំងននឫស្សី គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលចាប់អនុវត្តឡើងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ក្នុងគោលបំណងចង់បិតច្រកផ្លូវគ្រប់ប្រភេទនៅភាគខាងជើងប្រទេសកម្ពុជាដើម្បីរារាំងកុំឱ្យពួកខ្មែរក្រហមវាយលុកចូល។ ផែនការក៥ បានបំផ្លិចបំផ្លាញទាំងធនធានមនុស្សនិងធនធានធម្មជាតិនៅប្រទេសកម្ពុជាដោយសារការប្រើពលរដ្ឋខ្លួនឯងឱ្យធ្វើកិច្ចការពលកម្មធ្ងន់ៗច្រើន ការដាក់គ្រាប់មីន ការជីកលេណដ្ឋានប្រយុទ្ធ និងការកាប់ព្រៃឈើជាដើម។

                                     

1. ផ្ទៃរឿង

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំនៅក្នុងឆ្នាំ១៩៧៩ ពួកខ្មែរក្រហមក៏នាំគ្នារត់គេចទៅក្បែរព្រំដែនប្រទេសថៃ។ ដោយមានជំនួយពីប្រទេសថៃ និងមហាអំណាចលាក់មុខមួយចំនួនទៀត ប៉ុល ពតក៏អាចប្រមូលកងជីវពលខ្លួនប្រមាណពី ៣០,០០០ ទៅ ៣៥,០០០ នាក់ឡើងវិញឱ្យជុំគ្នានៅតំបន់ព្រៃភ្នំនៃព្រំដែនកម្ពុជា–ថៃ។ នៅកំឡុងដើមទស្សវត្ត ១៩៨០ កងកម្លាំងខ្មែរក្រហមក៏ចាប់រីកលូតលាស់ឡើងទាំងចំនួននិងកម្លាំងហើយបានទទួលគ្រឿងសព្វាវុធជាច្រើនពីបរទេស។ គ្រឿងសព្វាវុធភាគច្រើនគឺបានមកពីចិននិងអាមេរិកដោយបញ្ជូនតាមប្រទេសថៃមក ហើយម៉្យាងវិញទៀតនោះ កងកម្លាំងខ្មែរក្រហមក៏ទទួលបានជំនួយខ្លះៗដែរពីកងយោធពលខេមរភូមិន្ទថៃ។

ពីមូលដ្ឋានទ័ពសម្ងាត់នៅក្នុងព្រៃភ្នំតាមបណ្តោយព្រំដែនកម្ពុជា–ថៃ កងទ័ពខ្មែរក្រហមបានបើកយុទ្ធនាការយោធាប្រយុទ្ធប្រឆាំងឥតឈប់ឥតឈរទៅនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា សបក។ សត្រូវខ្មែរក្រហមមិនមែនមានតែកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាតែមួយនោះទេ កងទ័ពប្រជាជនវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក៏ត្រូវជាសត្រូវបង្ហូរឈាមជាមួយនឹងខ្មែរក្រហមផងដែរ។

បរិយាកាសនៃសង្គ្រាមតាមព្រំដែនគឺដើរទៅតាមរដូវនៃប្រទេសកម្ពុជាគឺមានរដូវប្រាំង និងរដូវវស្សា។ ជាទូទៅ កងកម្លាំងវៀតណាមច្រើនធ្វើប្រតិបត្តិការវាយលុកនៅរដូវប្រាំង ចំណែកឯខ្មែរក្រហមវិញបានវាយតបវិញនៅរដូវវស្សា។ នៅក្នុងឆ្នាំ១៩៨២ ពួកវៀតណាមបានផ្តើមការវាយលុកដ៏ធំមួយមកលើមូលដ្ឋានទ័ពខ្មែរក្រហមមួយនៅភ្នំម៉ាឡៃនៃជួរភ្នំក្រវាញ តែពុំបានទទួលជោគជ័យ។

សង្គ្រាមតាមព្រំដែននេះបានផ្តល់ផលវិបាកយ៉ាងខ្លាំងសម្រាប់ សបក ក្នុងការកសាងប្រទេសជាតិឡើងវិញ និងការបង្រួបបង្រួមតំបន់រដ្ឋបាលខ្លួន។ ការកាន់កាប់របស់ សបក នៅតាមខេត្តជាប់នឹងព្រំដែនប្រទេសថៃគឺមានលក្ខណៈធូរស្រាលមែនទែន ដោយសារតែមានវត្តមានក្រុមខ្មែរក្រហមនៅទីនោះ។

                                     

2. ប្រតិបត្តិការ

ស្ថាបត្យករនៃផែនការក៥ គឺលោកឧត្តមសេនីយ៍វៀតណាមម្នាក់ឈ្មោះឡេ ឌឹកអាញ់ដែលកាលនុះត្រូវជាមេបញ្ជាការកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា។ លោកបានលើកយកចំណុចចំនួន ៥ ដែលអាច"ការពារ"ប្រទេសកម្ពុជាពីខ្មែរក្រហមបាន។ ចំណុច ៥ ទាំងនោះគឺបានមកពីពាក្យ៖ កេណ្ឌ កម្លាំង កាប់ព្រៃ ការពារ និងកម្ពុជា។ កម្មករខ្មែរស្ទើរទាំងអស់ដែលបានចូលរួមក្នុងប្រតិបត្តិការនេះគឺមិនបានដឹងពាក្យថា"ក៥"ហ្នឹងគឺតំណាងឱ្យអ្វីឡើយ។

ផែនការក៥ បានចាប់ផ្តើមដំណើរការឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៨៤។ ប្រជាជនខ្មែរប្រុសៗពេញកម្លាំងត្រូវបានរដ្ឋាភិបាលហើយនិងពួកវៀតណាមកេណ្ឌយកទៅធ្វើជាឈ្នាន់ជាន់ដើម្បីឱ្យផែនការនេះដំណើរការទៅមុខ។ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបានបញ្ជាឱ្យកាប់ព្រៃព្រឹក្សានៅជុំវិញខេត្តភាគខាងជើងប្រទេសកម្ពុជា។ គោលបំណងរបស់រដ្ឋាភិបាល សបក និងយួនគឺចង់ឱ្យដីនៅតំបន់នោះក្លាយជាវាលលំហដ៏ធំមួយដែលអាចធ្វើឱ្យពួកគេងាយស្រួលក្នុងការសង្កេតមើលទាហានខ្មែរក្រហមនិងមិនចាំបាច់ត្រូវប្រយុទ្ធតតាំងនៅក្នុងព្រៃដ៏ក្រាស់។

របងការពារក៥ ប្រមាណ ៥០០ គីឡូម៉ែត្រត្រូវបានដាក់ព័ទ្ធទៅតាមបណ្តោយខ្សែនៃវាលនោះ។ មីនគ្រប់ប្រភេទត្រូវបានកប់ពង្រាយនៅតំបន់ទាំងនោះ គេបានប៉ាន់ស្មានថាក្នុងដីមួយគីឡូម៉ែត្រគឺមានមីនប្រមាណដល់ទៅ ៣,០០០ គ្រាប់ឯណោះ។

                                     

3. លទ្ធផល

ចំនួនភាគរយនៃធនធានធម្មជាតិនៅប្រទេសកម្ពុជាត្រូវបានធ្លាក់ចុះជាលំដាប់ដោយសារតែប្រតិបត្តិការនៃផែនការក៥ នេះឯង។ សកម្មភាពបំផ្លាញធនធានធម្មជាតិទាំងនោះបានបណ្តាលឱ្យប្រទេសកម្ពុជាមានចំនួនព្រៃឈើនៅសល់យ៉ាងតិចតួចបំផុត អស់ជម្រកសម្រាប់សត្វព្រៃ និងបានបន្សល់ទុកនូវដីដែលមានលក្ខណៈខូចខាតច្រើន។ កន្លែងដែលដាច់ស្រយាលជាច្រើនដូចជាតំបន់ជួរភ្នំក្រវាញដែលពីដើមឡើយពុំសូវមានមនុស្សណាមកបោះជំហានលើឡើយ ក៏ត្រូវបានក្លាយជាបន្ទាយនិងមូលដ្ឋានទ័ពរបស់ខ្មែរក្រហមនៅក្នុងទស្សវត្ត ១៩៨០។ ជួរភ្នំនេះបានទទួលផលប៉ះពាល់ខ្លះៗដែរពីសង្គ្រាម តែបច្ចុប្បន្នវាត្រូវបានចាត់ទុកថាជាតំបន់ដែលសម្បូរជីវៈចម្រុះបំផុតនៅកម្ពុជា។

ចំណែកឯលទ្ធផលខាងផ្នែកយោធានៃផែនការក៥ វិញគឺត្រូវបានទទួលបរាជ័យទាំងស្រុងដោយគេឃើញថាពួកខ្មែរក្រហមចេះតែរកឃើញផ្លូវថ្មីចូលមកវាយលុកជានិច្ច ដែលជាហេតុធ្វើឱ្យមានភាពពិបាកដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងការរក្សាស្ថេរភាពនៅភាគខាងជើងប្រទេស។

ផែនការក៥ នេះមានលក្ខណៈផ្ទុយស្រឡះពីអ្វីដែល សបក បានមើលឃើញ។ រដ្ឋាភិបាល សបក បានមើលឃើញថាផែនការនេះនឹងជួយឱ្យប្រទេសកម្ពុជាគេចផុតពីកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល សបក គឺត្រូវទទួលបរាជ័យ ហើយផលចំណេញត្រូវបានទៅលើសត្រូវរបស់ខ្លួនទៅវិញ។ កសិករខ្មែររាប់ពាន់នាក់ដែលធ្លាប់ស្វាគមន៍នូវការមកដល់របស់កងយោធាវៀតណាមដោយគិតថាពួកគេបានរំដោះខ្លួនឱ្យគេចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ បានចាប់កើតការមិនពេញចិត្តជាខ្លាំងជាមួយនឹងផែនការក៥។ ពួកគេនីមួយៗត្រូវបានបែកបាក់ចេញពីគ្រួសារជាលើកទីពីរដោយសារតែរដ្ឋាភិបាលនៃរបបថ្មីនោះបានចាត់បញ្ជាឱ្យពួកគេទៅកាប់ព្រៃព្រឹក្សានៅឯតំបន់ដាច់ស្រយាល។ ម៉្យាងវិញទៀតនោះ ពួកគេបាននាំគ្នាគិតថា ការកាប់ព្រៃនោះនឹងមិនផ្តល់ផលចំណេញអ្វីឱ្យពួកគេនិងរដ្ឋាភិបាល សបក ឡើយ។ ការមិនពេញចិត្តរបស់កម្មករនិងកសិករខ្មែរទាំងនោះក៏កាន់តែកើនឡើងខ្ពស់បន្ថែមនៅពេលដែលពួកគេបានយល់ដឹងថា កិច្ចការដែលរដ្ឋាភិបាល សបក បានចាត់ឱ្យពួកគេធ្វើនោះគឺមិនមានអ្វីខុសប្លែកពីរបបខ្មែរក្រហមនោះទេ។ អ្នកទាំងនោះត្រូវបង្ខំចិត្តធ្វើកិច្ចការនៅក្នុងបរិស្ថានដែលកខ្វក់គ្មានអនាម័យ សម្បូរទៅដោយសត្វមូស និងខ្វះស្បៀងអាហារលើកកម្លាំងជាដើម។ ជាលទ្ធផល កម្មករខ្មែរជាច្រើនត្រូវស្លាប់ដោយសារជំងឺគ្រុនចាញ់ ការធ្វើពលកម្មហួសកំណត់ និងពុំមានចំណីអាហារគ្រប់គ្រាន់ដើម្បីសងកម្លាំងពលកម្ម។

ដោយសារផែនការក៥ នេះហើយបានជាប្រទេសកម្ពុជាសព្វថ្ងៃត្រូវប្រឈមមុខជាមួយនឹងបញ្ហាគ្រាប់មីន ជាពិសេសគឺនៅតំបន់ក៥ នឹងឯង។ នៅក្នុងឆ្នាំ១៩៩០ គេបានប៉ាន់ស្មានថាជនជាតិខ្មែរប្រមាណ ៦,០០០ នាក់ត្រូវធ្លាក់ខ្លួនក្លាយជាជនពិការជើងដោយសារតែគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម។



                                     

4. តំណភ្ជាប់ក្រៅ

  • Comment on Esmeralda Luciolli, Le mur de bambou, ou le Cambodge après Pol Pot. ជាភាសាបារាំង
  • Sok Udom Deth, The Geopolitics of Cambodia During the Cold War Period, Ohio University ជាភាសាអង់គ្លេស