Back

ⓘ ទេវតា តាមព្រះពុទ្ធសាសនា ទេវតាគឺជាអមនុស្សមួយប្រភេទដែលស្ថិតនៅក្នុងកាមភព ៦ជាន់។ ទេវតាទំាងនោះស្ថិតនៅតាមជាន់ផ្សេងគ្នាតាមកំលាំងបុណ្យរបស់ខ្លួនដែលបានសន្សំទុក ដូចជាទេវតា ..




                                               

បវេណី

ទំនៀម; ពូជពង្ស, តំណ​វង្ស​ត្រកូល: រក្សា​បវេណី, ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី ។ បវេណី​ទេវតា: ទេវតា​ដែល​គេ​រាប់អាន​តាម​តំណ​វង្ស​ត្រកូល​ត​ៗ​មក ។ រួម​បវេណី: រួម​សុខ​ទុក្ខ​របស់​ស្វាមី​ភរិយា ។ អាច​សរសេរ​ ប្រពៃណី បាន ។

                                               

ធម៌ដែលគ្រហត្ថត្រូវប្រព្រឹត្ដ

ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា អោយវៀរក្តីរកស៊ីក្នុងការមិច្ឆាជីវៈ អោយរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះ ដូចម្តេច ផ្លូវសម្មាជីវៈនោះដូចម្តេច? គ. អោ! ផ្លូវមិច្ឆាជីវៈនោះ គឺក្របការរកស៊ីខុសកន្លងធម៌ មានលក់ដូរគ្រឿងសស្តា្រប្រហារជីវិតសត្វជាដើមមានលក់ដូរ ថ្នាំបំពុលជា បរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើ ជាបន្ទាល់កោងទាំងឆឆក់កុហកគេដោយអុបាយដោយគំនិតកោងផ្សេងៗ ការរកស៊ីខុសនឹងទទួលទុក្ខ ទោមនស្សផ្សេងៗ ឯការរកស៊ីផ្លូវសម្មាជីវៈនោះគឺវៀរបង់ផ្លូវមិច្ឆាជីវៈនេះឯង ហៅថាចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថាសម្មាជីវៈ ១ទៀត ត្រូវ វៀរផ្លូវដែលមហាក្សត្រទ្រង់ហាម ដូចយ៉ាងគយដារដែលរាជការតាំងហើយ ទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញា យ៉ាងនេះ ...

                                     

ⓘ ទេវតា

ទេវតា តាមព្រះពុទ្ធសាសនា ទេវតាគឺជាអមនុស្សមួយប្រភេទដែលស្ថិតនៅក្នុងកាមភព ៦ជាន់។ ទេវតាទំាងនោះស្ថិតនៅតាមជាន់ផ្សេងគ្នាតាមកំលាំងបុណ្យរបស់ខ្លួនដែលបានសន្សំទុក ដូចជាទេវតាណាមានស័កតូចគឺឋិតនៅជាន់ទី១ ទេវតាណាមានស័កធំបន្តិចក៏ឋិតនៅជាន់ទី២តាមលំដាប់រៀងដល់ជាន់ទី៦។

                                     

1.1. ឋានទេវតា ចាតុម្មហារាជិកា Cāturmahārājikakāyika

ទេព​ទំាង​ឡាយ​ដែល​មាន​ឈ្មោះ​ថា ចាតុម្មហារាជិកា ព្រោះ​អត្ថ​ថា មាន​ភក្តី​ក្នុង​ស្តេច​មយារាជទំាង ៤ ឬ​ថា ទេព​ដែល​កើត​ក្នុង​ជាន់​ចាតុម្មហារាជិកា ដែល​​ជា​​ស្ថាន​​ទី​​នៅ​របស់​ស្តេច​មហារាជទាំង ៤ នោះ ។

ទេវភូមិជាន់ចាតុម្មហារាជិកានេះ ស្ថិតនៅពាក់កណ្តាលភ្នំសិនេរុ តំាងនៅលើកំពូលភ្នំសត្តបរិភណ្ឌ ភ្នំ ៧ ជួរនៅព័ទ្ធជុំវិញភ្នំសិនេរុ បានដល់ភ្នំយុគន្ធរ ឥសិន្ធរ ករវិក សុទស្សនៈ នេមិន្ធរ វិនតកៈ និងភ្នំអស្សភណ្ណៈ។ មហាសមុទ្រដែលនៅចន្លោះ ភ្នំទាំង ៧ នោះហៅថា មហាសមុទ្រសីតន្តរ ។ មហាសមុទ្រនេះ ជាមហាសមុទ្រដែលមានទឹកថ្លា ល្អិត​ក្រៃ​លែង​ណាស់ មាន​ទំហំ​ និង​ជម្រៅ​ខាង​ក្នុង​ធំ​និង​ជ្រៅ ខាង​ក្រៅ​តូច​និង​រាក់​តាម​លំដាប់​គ្នា ។ ក្រោម​ផុត​ពី​ភ្នំ ៧ នោះ ក៏​ជា​មហាសមុទ្រ​ទឹក​ប្រៃ មាន​កោះ​ធំ តំាង​នៅ​ជុំវិញ​ភ្នំសិនេរុ ៤ ទិស ហៅ​កោះ​នោះ​ថា មហាទ្វីប ៤ ដូច្នេះ ។

ភូមិ​ទេវតា​ជាន់​នេះ មាន​ស្តេច​មហារាជ​ទំាង ៤ អង្គ ជា​អ្នក​គ្រប់​គ្រង គឺ ស្តេច​ធតរដ្ឋៈ គ្រប់​គ្រង​ពួក​គន្ធព្វ​ទេវតា ឋិត​នៅ​ទិស​ខាង​កើត​នៃ​ភ្នំ​សិនេរុ ។ ស្តេច​វិរុឡ្ហកៈ គ្រប់​គ្រង​ពួក​កុម្ភ័ណ្ឌទេវតា ឋិត​នៅ​ទិស​ខាង​ត្បូង​នៃ​ភ្នំ​សិនេរុ ។ ស្តេច​វិរូបក្ខៈ គ្រប់​គ្រង​ពួក​នាគទេវតា ឋិត​នៅ​ទិស​ខាង​លិច​នៃ​ភ្នំសិនេរុ ។ ស្តេច​កុវេរៈ ឬ​ហៅថា ស្តេច​វេស្សវណមហារាជ គ្រប់​គ្រង​ពួក​ទេវតា ឋិត​នៅ​ទិស​ខាង​ជើង​នៃ​ភ្នំ​សិនេរុ ។

ក្នុងអដ្ឋកថា ពោល​ថា "ទេវភូមិ​ដែល​ឈ្មោះ​ថា ចាតុម្មហាវាជិកា​មាន​ទេវតា ២ ពួក គឺភូមិដ្ឋទេវតា ១ អាកាសទេវតា ១" ។

ទេវតាដែលអាស្រ័យនៅលើភ្នំក្តី រុក្ខទេវតាក្តី សង្គ្រោះចូលក្នុងភូមិដ្ឋទេវតា ទេវតាទាំងនោះ មានវិមាននៅខ្លះ មិនមានវិមាននៅខ្លះ ចំណែកអាកាសទេវតានោះ មានវិមានអណ្តែតនៅក្នុង អាកាស។ទេវតាទាំង២ប្រភេទនេះអាស្រ័យឋិតនៅជាប់តគ្នាដរាបដល់ភ្នំចក្រវាឡដោយជុំវិញ។

សូម្បីទេវតាទាំងនេះក៏តាំងនៅក្នុងជាន់ចាតុម្មហារាជិកា គឺ ១. ខិឌ្ឌាបទោសិកៈ អ្នកត្រូវសេចក្តីលេងប្រទូសរ៉ាយ ២. មនោបទោសិកៈ អ្នកត្រូវសេចក្តីក្រោធប្រទូសរ៉ាយ ៣. សីតវលាហក អ្នកធ្វើអាកាសអោយត្រជាក់ ៤. ខណ្ហវលាហក អ្នកធ្វើអាកាសអោយក្តៅ ៥. ចន្ទទេវបុត្រ ទេវបុត្រនៅក្នុងព្រះចន្ទ ៦. សុរិយទេវបុត្រ ទេវបុត្រនៅក្នុងព្រះអាទិត្យ ។

                                     

1.2. ឋានទេវតា អធិប្បាយ

ភូម្មដ្ឋទេវតា បានដល់ទេវតាដែលអាស្រ័យនៅតាមស្ថានទីផ្សេងៗ គឺ តាមផែនដី តាមភ្នំ តាមទន្លេ មហាសមុទ្រ ក្រោមដី ក្នុងផ្ទះ និងចេតិយជាដើម ។ មហារាជទំាង ៤ មាន​វិមាន​របស់​ខ្លួន ដោយ​ចំពោះ​ទេវតា​ក្រៅ​ពី​នេះ មាន​វិមាន​របស់​ខ្លួន​ឯង​ខ្លះ មិន​មាន​វិមាន​នៅ​ខ្លះ ដូច​ទេវតា​ដែល​នៅ​តាម​ផ្ទះ និង​ស៊ុំ​ទ្វារ​ជា​ដើម ។ រុក្ខទេវតា​ពួក​ខ្លះ មាន​វិមាន​នៅ​លើ​ចុង​ឈើ លើ​មែក​ឈើ ពួក​ខ្លះ​នៅ​លើ​ដើម​ឈើ មិន​មាន​វិមាន​នៅ ។ ពួក​អាកាសដ្ឋទេវតា មាន​វិមាន​របស់​ខ្លួន​ដោយ​ចំពោះ ដូច​ចន្ទទេវបុត្រ មាន​វិមាន​នៅ​ក្នុង​ឋាន​ព្រះចន្ទ​ជា​ដើម វិមាន​នោះ​មាន​សេចក្តី​ល្អ​ប្រកប​ដោយ​រតនៈ​ទាំង​ឡាយ ។ ក្នុងចាតុម្មហារាជិកានេះ លោកពោលដល់ទេវតាដែលកាចៗ ៤ ពួកគឺ ១. ទេវតាដែលជាយក្ខទាំងស្រីទាំងប្រុស ២. ទេវតាដែលជាកុម្ភ័ណ្ឌទាំងស្រីទាំងប្រុស ៣. ទេវតាដែលជាពួកនាគទាំងស្រីទំាងប្រុស ៤. ទេវតាដែលអាស្រ័យកើតក្នុងដើមឈើ។ អន្តរាយដែលកើតពីទេវតាដែលកាចនោះ មានរឿងសម្តែងទុកថា "បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះព្រះមានប្រភាគក៏មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​ខ្ពស់​ ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏មាន ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខជាន់​កណ្តាល មិន​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​កណ្តាល ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​ទាប មិន​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​ទាប​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ឯ​យក្ខ​ដែល​មិន​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ច្រើន​ណាស់ ព្រោះ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សម្តែង​ធម៌ ដើម្បី​ឲ្យ​វៀរ​ចាក​បាណាតិបាត ទ្រង់​សម្តែង​ធម៌​ដើម្បី​ឲ្យ​វៀរ​ចាក​អទិន្នាទាន ទ្រង់​សម្តែង​ធម៌​ដើម្បី​ឲ្យ​វៀរ​ចាក​កាមេសុមិច្ឆាចារ ទ្រង់​សម្តែង​ធម៌​ដើម្បី​ឲ្យ​វៀរ​ចាក​មុសាវាទ ទ្រង់​សម្តែង​ធម៌ ដើម្បី​ឲ្យ​វៀរ​ចាក​សុរា​និង​មេរ័យ​ ដែល​ជា​ហេតុ ជា​ទី​តាំង​នៃ​សេចក្តី​ប្រមាទ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចំណែក​ខាង​យក្ខ​ទាំង​ឡាយ ច្រើន​តែ​មិន​វៀរ​ចាក​បាណាតិបាត​សោះ មិន​វៀរ​ចាក​អទិន្នាទាន​សោះ មិន​វៀរ​ចាក​កាមេសុមិច្ឆាចារ​សោះ មិន​វៀរ​ចាក​មុសាវាទ​សោះ មិន​វៀរ​ចាក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ ដែល​ជា​ហេតុ ជា​ទី​តាំង​នៃ​សេចក្តី​ប្រមាទ​សោះ បាន​ជា​ពួក​យក្ខ​ទាំង​នោះ មិន​គាប់​ចិត្ត មិន​ពេញ​ចិត្ត​នឹង​ការ​វៀរ​ចាក​នោះ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​សាវ័ក​របស់​ព្រះ​មាន​ព្រះ​ភាគ អាស្រ័យ​នៅ​សេនាសនៈ​ស្ងាត់ ដែល​តាំង​នៅ​ក្នុង​ព្រៃ មាន​សូរ​ស័ព្ទ​កង​រំពង​តិច ប្រាស​ចាក​សំដី​នៃ​មនុស្ស​អ្នក​ដើរ​ទៅ​មក សម​គួរ​ដល់​ការ​កំបាំង​អំពី​ពួក​មនុស្ស ជា​ទី​គួរ​ដល់​ការ​លាក់​ខ្លួន​ពួន​អាត្មា​បាន ពួក​យក្ខ​ជាន់​ខ្ពស់ កណ្តាល ទាប តែង​នៅ​ជា​និច្ច​ក្នុង​ព្រៃ គេ​មិន​ជ្រះ​ថ្លា​ក្នុង​សាសនា​របស់​ព្រះ​មាន​ព្រះ​ភាគ​ ក៏​មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រោះ​ហេតុ​នោះ សូម​ព្រះ​មាន​ព្រះ​ភាគ ប្រៀន​ប្រដៅ​នូវ​ព្រះ​បរិត្ត​សម្រាប់​រក្សា​ក្នុង​នគរ ឈ្មោះ អាដានាដា ដល់​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដើម្បី​ឲ្យយក្ខ​ទាំង​នោះ​ជ្រះ​ថ្លា ដើម្បី​ការ​គ្រប់​គ្រង​រក្សា ដើម្បី​មិន​បៀត​បៀន​គ្នា ដើម្បី​នៅ​សប្បាយ" ព្រះ​មាន​ព្រះភាគ ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព ។ លំដាប់​នោះ ស្តេច​ជា​ធំ​ ឈ្មោះ វេស្សវ័ណ ជ្រាប​នូវ​ការ​ទទួល​និមន្ត​ព្រះ​មាន​ព្រះ​ភាគ​ហើយ ទើប​សម្តែង​នូវ​ព្រះ​បរិត្ត​សម្រាប់​រក្សា​ដែល​ទាក់​ទង ក្នុង​អាដានាដានគរ​នេះ ក្នុង​វេលា​នោះ មាន​ពាក្យ​ថា "វិបស្សិស្សនមត្ថុ" ជា​ដើម ។ ព្រះ​អដ្ឋកថាចារ្យ អធិប្បាយ​ថា ការ​ចំរើន​សូត្រ​នេះ នឹង​មាន​អានុភាព​សម្រេច​ប្រយោជន៍​បាន ត្រូវ​ជម្រះ​អត្ថ និង​ព្យញ្ជនៈ ឲ្យ​​ល្អ​មិន​ខ្វះ​ខាត បើ​រៀន​ព្រោះ​លោភ​ជា​ហេតុ មិន​សម្រេច​ទេ ។

                                     

1.3. ឋានទេវតា តាវត្តិង្សា Trāyastriṃśa

ទេវភូមិដែលឈ្មោះថា តាវត្តិង្ស មានផ្ទៃក្រឡា១០០០០យោជន៍ តំាងនៅលើកំពូលភ្នំសិនេរុដែលមានកំពស់ ៨៤០០០យោជន៍ ព្រះឥន្ទ្រជាអ្នកគ្រប់គ្រងនគរ ជាធំជាងទេវតាទំាងឡាយក្នុងជាន់តាវត្តិង្ស។ ក្នុងសួគ៌ជាន់នេះ ក៏មានទេវតាពីរពួក គឺភូម្មដ្ឋទេវតា និងអាកាសទេវតា។ ស្តេចសក្កទេវរាជ និងទេវតាជាធំ ៣២អង្គ ព្រមទាំងបរិវារ សូម្បីស្តេចអាសូរ មានស្តេចវេបចិត្តិជាដើម តំាងនៅក្រោមភ្នំសិនេរុ ក៏សង្គ្រោះចូលក្នុងភូម្មដ្ឋទេវតា ចំណែកពួកទេវតាមានវិមានអណ្តែតក្នុងអាកាស ជាពួកអាកាសទេវតា។ ទេវតាទំាង២ពួកនេះ មានវិមាននៅតៗគ្នាទល់ភ្នំចក្រវាឡ។ តាវត្តិង្សមាននគរឈ្មោះ សុទស្សនៈ តំាងនៅក្នុងទី១០០០០យោជន៍ មានកំផែង ៤ទិស ក្នុងទិសនិមួយៗ មានទ្វារ ២៥០ រួមទំាងអស់ ១០០០ទ្វារ។ នគរនេះប្រដាប់ដោយសួនផ្សេងៗ ជាស្ថានទីរីករាយ មានសួនបុណ្ឌរិក សួនមហាវ័ណ និងស្រះបោក្ខរណីផ្សេងៗ ត្រង់កណ្តាលទីក្រុងនោះ មានប្រាសាទមាសឈ្មោះវេជយន្ត កំពស់ ១០០០យោជន៍ សម្រាប់ជាទីប្រថាប់របស់ស្តេចសក្កទេវរាជ។ វេជយន្តនេះ មានការវិចិត្រដោយរតនៈ​ ៧ប្រការ និងប្រដាប់ដោយទង់រតនៈកំពស់ ៣០០យោជន៍ជាដើម ដែលជាផលកើតអំពីការសាងសាលា។ ក្នុងទេវនគរនោះ មានដើមបារិឆត្ត កំពស់ ១០០យោជន៍ មានមែកសាខាចេញទៅ ៥០យោជន៍ បរិមណ្ឌលជុំវិញ ៣០០យោជន៍ វេលាចេញផ្កា ក៏បញ្ចេញក្លិនទៅបានចំងាយ ១០០យោជន៍។ ខាងក្រោមដើមបារិឆត្តនោះ មានព្រះទែន ហៅថា បណ្ឌុកម្ពលសិលាអាសនៈ ដែលមានពណ៌ដូចផ្កាជយព្រឹក្សពណ៌លក្ខណ៍និងពណ៌ផ្កាឈូករោយ មានបណ្តោយ ៦០យោជន៍ ទទឹង ៥០យោជន៍ កំពស់​ ១៥យោជន៍ ជាទីប្រថាប់របស់ស្តេចសក្កទេវរាជ។ មានសាលាជាទីប្រជុំស្តាប់ធម៌ សម្តែងដោយបណ្ឌិតទាំងឡាយ មានសុនង្កកុមារជាដើម។ មានចេតិយកែវមរកត ហៅថា ព្រះចូឡាមណី កំពស់ ១០០យោជន៍ ខាងក្រោមបញ្ចុះព្រះចង្កូមកែវស្តាំ និងព្រះកេសាដែលទ្រង់កាត់ក្នុងថ្ងៃចេញបួស។ សក្កទេវរាជ មានរថឈ្មោះ វេជយន្ត ផ្នែកមុខជាទីអង្គុយរបស់សារថីឈ្មោះ មាតលីទេវបុត្រ ប្រវែង ៥០យោជន៍ ផ្នែកកណ្តាលប្រវែង ៥០យោជន៍ ជាទីប្រថាប់របស់ស្តេចសក្កទេវរាជ ផ្នែកក្រោយប្រវែង ៥០យោជន៍ រួមជា ១៥០យោជន៍ មានបល្ល័ង្កវិចិត្រដោយរតនៈ ៧ប្រការ កំពស់ ១យោជន៍ ទទឹង ១យោជន៍ បាំងដោយស្វេតច្ឆត្រធំ ៣យោជន៍ ទឹមដោយសេះសិន្ធពអាជានេយ្យ មួយខាង ១០០០ ព្រមដោយគ្រឿងប្រដាប់។ ស្តេចសក្កទេវរាជនោះ គ្រាខ្លះក៏ជិះដំរីឯរាវ័ណ ជាដំរីកំពស់១៥០យោជន៍ ទេវបុត្រដែលជាដំរីនោះឈ្មោះ សុទស្សនៈ មានមណ្ឌលកំពស់ ១២យោជន៍ ទទឹង ៥០យោជន៍ ខាងក្នុងមណ្ឌប មានបល្ល័ង្កកែវមណី ទទឹង ១យោជន៍ ជាទីប្រថាប់របស់សក្កទេវរាជ ដោយជុំវិញមណ្ឌប មានទង់រតនៈ បោះទុកក្នុងចន្លោះ មួយផ្ទាំង ប្រវែង ១យោជន៍ មានកណ្តឹងព្យួរទុកត្រង់ចុង កាលត្រូវខ្យល់ត្រសៀកៗ ក័ឮជាសំឡេងទិព្វសង្គិតដ៏ពិរោះផ្សំគ្នានឹងសំលេងដន្ត្រីដែលមានអង្គ៥។ ពោងក្រៅនេះ ជាទីប្រថាប់របស់ទេវបុត្រអ្នកបំពេញកុសល រួមគ្នាពីកាលមុន។ ពោងមួយៗមានភ្លុក ៧ ប្រវែង ៥០យោជន៍។ ភ្លុកមួយៗមានស្រះបោក្ខរណី៧។ ស្រះមួយៗមានផ្កាឈូក៧ផ្កា។ ផ្កាឈូកមួយៗមានត្របក៧។ ត្របកមួយៗមានទេពធីតា ៧អង្គ រាំច្រៀង។ មហោស្រពរាំច្រៀង រមែងមានលើភ្លុកដំរីដើម្បីទេវបុត្រ ៣៣អង្គ។ ស្តេចសក្កទេវរាជសោយយសធំ ស្តេចត្រាច់ទៅដោយប្រការដូច្នេះ។ សក្កទេវរាជនោះពីជាតិមុនជាមាណពឈ្មោះ មឃៈ អ្នកដែលបុគ្គលគប្បីបូជា។ មឃៈមាណពមានភរិយា៤នាក់គឺ នាងសុធម្មា នាងសុនន្ទា នាងសុចិត្រា និង​នាងសុជាតា។ នាងសុធម្មា ឱ្យគេធ្វើហោជាងសាលា ហើយអោយចារឹកអក្សរថា សាលាសុធម្មា។ នាងសុនន្ទា ឱ្យគេជីកស្រះបោក្ខរណី ធ្វើអោយជាទីរីករាយសប្បាយចិត្តដល់អ្នកដែលមកកាន់សាលានេះ។ នាងសុចិត្រា ឱ្យគេសាងសួនផ្កា ធ្វើឱ្យជាស្ថានទីរីករាយ ដល់អ្នកដែលមកកាន់សាលា។ ចំណែកនាងសុជាតា ជាមនុស្សល្ងង់ខ្លៅ មិនសាងកុសលណាៗ កង្វល់នៅតែការតែងខ្លួន ដោយគិតថា "បុណ្យកុសល ដូចទ្រព្យសម្បតិ្ត កាលជាសម្បត្តិរបស់ស្វាមី ក៏ជាសម្បត្តិរបស់ខ្លួនផង" កាលស្លាប់ទៅ ក័ទៅកើតជាកុក តែក្រោយមក បានរក្សាសីលតាមពាក្យរបស់ស្តេចសក្កៈ ដោយអំណាចសីលរក្សាយ៉ាងល្អ អស់២ជាតិ ទើបទៅកើតជា អសុរកញ្ញា មានរូបប្រកបដោយសិរីសោភា វិសេសជាងទេវកញ្ញាដទៃៗ ព្រោះហេតុដែលរក្សាសីលយ៉ាងល្អ។ ស្តេចវេបចិត្តដែលជាបិតាមានការហួងហែងក្រៃលែងណាស់ មិនព្រមអោយដល់អ្នកណាៗ ប្រាថ្នានឹងអោយធីតាជ្រើសរើសយកដោយខ្លួនឯង ទើបប្រកបពិធីសូមពរ។ កាលស្តេចសក្កៈទ្រង់ជ្រាប ទើបនិម្មិតព្រះអង្គជាអសុរចាស់ ទៅឈរក្នុងទីបំផុតនៃបរិស័ទអសុរ។ នាងអសុរកញ្ញាបានត្រួតមើលអសុរដែលមកប្រជុំគ្នា ល្មមមើលឃើញអសុរចាស់ ទើបកើតសេចក្តីស្រឡាញ់ឡើងក្នុងហរទ័យ ដោយអំណាចបុព្វេនិវាស ទើបបោះមាល័យទៅកាន់អសុរចាស់ ពួកអសុរទំាងឡាយ នាំគ្នាចំអកថា "រាជារបស់ពួកយើងសម្លឹងរកមើលស្វាមីអោយធីតាមកយូរហើយ រហូតបានមកអសុរចាស់ដូចតា" ហើយក៏នាំគ្នាគេចទៅ។ ចំណែកព្រះឥន្ទ្រទ្រង់បានប្រកាសព្រះអង្គឯងថា "យើងជាសក្កទេវរាជ" ហើយក៏ទ្រង់នាំអសុរកញ្ញាគេចទៅមួយរំពេច។



                                     

1.4. ឋានទេវតា មឃមាណពនោះបានសមាទានវត្តបទ៧ប្រការថា

  • ត្រូវមានវាចាល្អិតទន់ ផ្អែមល្ហែម អស់មួយជីវិត
  • ត្រូចកោតក្រែងបុគ្គលជារៀមច្បងក្នុងត្រកូលអស់មួយជីវិត
  • មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើងដល់អាត្មាអញ ៗត្រូវបន្ទោរបង់នូវសេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត។
  • ត្រូវមានចិត្តប្រាស់ចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកមានការបរិច្ចាករួសរាន់ មានដៃលាងហើយ ដើម្បីនឹងអោយទាន ត្រេកអរនឹងការលះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការអោយ និងការចែករំលែកទាន ហើយនៅគ្រប់គ្រងផ្ទះ អស់មួយជីវិត
  • មិនត្រូវមានវាចាញុះញង់អស់មួយជីវិត
  • ត្រូវមានវាចាទៀងទាត់អស់មួយជីវិត
  • អាត្មាអញត្រូវចិញ្ចឹមមាតាបិតាអស់មួយជីវិត

ព្រះមានព្រះភាគត្រាស់ថា សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានវត្តបទទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែសមាទានវត្តបទទាំង៧ប្រការនេះ ទើបសក្កទេវរាជបានដល់នូវភាពនៃខ្លួនជាសក្កៈ ដូច្នេះឯង។ មួយទៀតក្នុងតាវតឹង្សនេះ មានដើមបារិឆត្តព្រឹក្សជាដើមឈើប្រចាំកប្ប។

                                     

1.5. ឋានទេវតា ដើមឈើប្រចាំកប្ប ៧ដើម

  • ដើមជម្ពូ ដើមព្រីងប្រចាំនៅក្នុងជម្ពូទ្វីប
  • សិរីសៈ ដើបច្រេសក្នុងបុព្វវិទេហទ្វីប
  • ដើមសិម្ពលី ដើមរការបស់ពួកគ្រុឌ
  • កប្បរុក្ខ ដើមកប្បព្រឹក្សក្នុងឧត្តរកុរុទ្វីប
  • ដើមកទម្ព ដើមខ្ទម្ពប្រចាំនៅក្នុងអបរគោយានទ្វីប
  • បារិឆត្តកៈ ដើមបារិឆត្តកៈក្នុងឋានតាវតឹង្ស‌
  • ចិត្តបាដលិ ដើមច្រនៀងក្នុងភពអសុរ។
                                     

1.6. ឋានទេវតា យាមា​ Yāma

ទេវភូមិជាន់ទី៣ឈ្មោះថា យាមា ។ យាមា មានវចនត្ថៈថា ពួកទេវតា ដែលឈ្មោះថាយាម ព្រោះអត្ថថា ទៅ គឺគេចជៀសទៅពីទុក្ខ។ ស្ថានទីនៅនៃទេវតាយាមៈ ឈ្មោះថា យាមភូមិ។ ទេវតាដែលជាធំគ្រប់គ្រងនៅក្នុងជាន់នេះ ឈ្មោះស្តេច សុយាមៈ។ តាំងពីជាន់យាមៈឡើងទៅ មានតែអាកាសទេវតា មានវិមាននៅតៗគ្នា ទៅទល់នឹងភ្នំចក្រវាឡ។

                                     

1.7. ឋានទេវតា តុសិត Tuṣita

ទេវភូមិជាន់ទី៤ ឈ្មោះ តុសិត ។ តុសិត មានវចនត្ថៈថា ពួកទេវតា ដែលឈ្មោះថា តុសិត ព្រោះអត្ថថា ដល់ គឺ បានសម្រេចដល់ការត្រេកអរ ការឆ្អែតចិត្ត ក្នុងសិរីសម្បត្តិរបស់ខ្លួន។ ស្ថានទីនៅនៃទេវតាជាន់តុសិតទាំងឡាយ ឈ្មោះ តុសិតាភូមិ។ ទេពដែលជាព្រះរាជា គ្រប់គ្រងទេពជាន់នេះមាននាមថា ស្តេចសន្តុសិត។ ជាពិភពរបស់អ្នកមានបញ្ញា ព្រះសព្វញ្ញូពោធិសត្វគ្រប់ៗព្រះអង្គ ដែលទ្រង់បំពេញបារមី ៣០ គ្រប់បរិបូរណ៌ហើយ ក្នុងភពចុងក្រោយនឹងត្រូវទៅកើតក្នុងសួគ៌ជាន់តុសិតនេះ។ កាលទេវតាក្នុងមឿនលោកធាតុមកប្រជុំគ្នាទូលអរាធនាឱយស្តេចមកឧប្បត្តិក្នុងមនុស្សលោកនេះ ដើម្បីត្រាស់ជាព្រះពុទ្ធ ព្រះអង្គទ្រង់ពិចារណាមើលមហាវិលោកនៈ៥ប្រការ គឺ ពិចារណាដល់កាលវេលា ១ ពិចារណាដល់ទ្វីប១ ពិចារណាដល់ប្រទេស១ ពិចារណាដល់ត្រកូល១​ ពិចារណាដល់មាតានិងកំណត់អាយុរបស់មាតា១ ។ កាលឃើញថា មានការសមគួរព្រមហើយ ទើបបានស្តេចចុះមកឧប្បត្តិ។ ព្រះសិអារ្យមេត្រីពោធិសត្វ និងអ្នកដែលជាគូអគ្គសាវ័ក ក្នុងកាលនេះក៏ស្ថិតនៅក្នុងតិសិតទេវលោកនេះ កាលមានអាយុក្ខ័យ នៅត្រឹម ៨០.០០០ឆ្នាំ ព្រះពោធិសត្វ ក៏នឹងចុះមកត្រាស់ដឹង ជាព្រះសម្មាសម្ពុទ្ធប្រសើរបំផុតក្នុងលោក។

                                     

1.8. ឋានទេវតា និម្មានរតី Nirmāṇarati

ទេវភូមិជាន់ទី៥ឈ្មោះថា និម្មានរតី ។ មានវចនត្ថៈថា ពួកទេវតាដែលឈ្មោះថា និម្មានរតី ព្រោះអត្ថថា មានសេចក្តីត្រេកអរក្នុងភោគសម្បត្តិដែលខ្លួននិម្មិតឡើង។ ស្ថានទីនៅនៃទេវតាជាន់នេះឈ្មោះថា និម្មានរតីភូមិ។ ទេវតានិម្មានរតីនេះ មានការប្រាថ្នាសម្បត្តិដែលជាកាមគុណ៥ មានរូប ជាដើម ក្នុងវេលាណា ក៏និម្មិតឡើងដោយបុញ្ញានុភាព ក្នុងខណៈនោះ។ ទេពជាធំគ្រប់គ្រងនៅក្នុងជាន់នេះ ឈ្មោះសុនិមិត្តៈ ឬ និម្មានរាជា។

                                     

1.9. ឋានទេវតា បរនិម្មិតវសវត្តី Parinirmita

ពួកទេវតាជាន់ទី៦ឈ្មោះថា បរនិម្មិតវសវតី ។ បរនិម្មិតវសវតី មានវចនត្ថៈថា ពួកទេវតាដែលឈ្មោះថា បរនិម្មិតវសវតី ព្រោះអត្ថថា ញុំាងអំណាចរបស់ខ្លួនអោយប្រព្រឹត្តទៅក្នុងភោគសម្បត្តិទាំងឡាយ ដែលទេពដទៃដឹងចិត្តនិម្មិតអោយ។ ស្ថានទីនៅនៃទេវតាជាន់នោះ ឈ្មោះថា បរនិម្មិតវសវតី។ ទេវរាជជាធំគ្រប់គ្រងនៅក្នុងជាន់នេះ ឈ្មោះបរនិម្មិតវសវតីរាជា ជាមិច្ឆាទិដ្ឋិ មានការជំទាស់ចំពោះព្រះសាសនា បានព្យាយាមទម្លាយ ព្រះអរិយទាំងឡាយ តែក៏មិនអាចទម្លាយ បានតាមបំណង។ កាលព្រះពុទ្ធសាសនាកន្លងមកប្រមាណ ២១៨ វស្សា ដល់សម័យអសោករាជកុមារ បានកន្លងពិភពមហោសូរ្យសម្បត្តិ សោយរាជសម្បត្តិដ៏ធំលើផែនដី ទ្រង់ព្រះនាមថា អសោកមហារាជ។ ទ្រង់បានស្ថាបនាព្រះវិហារ និងស្តូបចំនួន ៨៤.០០០ បែងចែកទូទាំងជម្ពូទ្វីប។ ក្នុងគ្រានោះ ស្តេចមារាធិរាជនេះ ត្រូវបានព្រះកីសនាគត្ថេរ ឧបគុត្តត្ថេរ ទូន្មានអោយអស់យសហើយ មានសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានរលឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ដោយវាចាថា នមោ តេ បុរិសាជញ្ញ ជាដើម ហើយប្រាថ្នាពុទ្ធភូមិ។

                                     

2. ឯកសារយោង

  • វីគីផេឌា ជាភាសាអង់គ្លេស
  • ​​​ដកស្រង់ចេញពីឯកសារបស់លោកគ្រូធម្មានន្ទ
  • សៀវភៅអភិធម្មត្ថសង្គហៈ ៩បរិច្ឆេទ