Back

ⓘ រុស្ស៊ី. ប្រទេសរុស្ស៊ី មាន​ឈ្មោះ​ជាផ្លូវការថា សហព័ន្ធ​រុស្ស៊ី, គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុបចំ ..



                                               

លេអុនហាដ អយល័រ

លេអុនហាដ អយល័រ ជា​គណិតវិទូនិង​រូបវិទូ​​ស្វ៊ីស​ដ៏​ល្បី​ល្បាញ​មួយ​រូប។ គាត់​បាន​ស្រាវជ្រាវ​រក​ឃើញ​​របស់​សំខាន់​ៗ​ជា​ច្រើន​ក្នុង​វិស័យដ៏​ទូលំ​ទូលាយ​ដូចជា​ការ​គណនា​មិន​កំណត់ និង​ទ្រឹស្ដី​ក្រាប។ គាត់​ក៏​ជាអ្នក​បង្កើត​ពាក្យនិង​និមិត្តសញ្ញា​​គណិតវិទ្យា​​ទំនើបជា​ច្រើន​ផង​ដែរ ជា​ពិសេស​សម្រាប់​ផ្នែក​គណិត​វិភាគ ដូច​ជា​សញ្ញា​តំណាង​អនុគមន៍​ជា​ដើម។ គាត់​បាន​បង្កើត​ស្នាដៃ​ល្បី​ៗ​ក្នុង​វិស័យ​មេកានិច ឌីណាមិច​អង្គធាតុរាវ អុបទិច​និង​តារាវិទ្យា។ អយល័រ​បាន​ចំណាយ​ពេលវេលា​ភាគ​ច្រើន​នៃ​ជីវិត​ពេញ​វ័យ​របស់​គាត់​រស់​នៅ​ក្នុង​ក្រុងសាំង​ពេទ័របួគ៌ ប្រទេស​រុស្ស៊ី និង​ក្រុង​ប៊ែរឡាំង​ រាជាណាចក្រ​ព្រុស្ស៊ីយ៉ា សព្វ​ថ្ងៃ​ប្រ ...

                                               

Sukhoi Superjet 100

Sukhoi Superjet 100 គឺជាយន្តហោះក្នុងតំបន់ហោះហើរដោយលួសនៅក្នុង 75 - ដើម្បីប្រភេទ 95 អាសនៈ។ ជាមួយនឹងការអភិវឌ្ឍចាប់ផ្តើមនៅក្នុងឆ្នាំ 2000 ក្រុមហ៊ុននេះត្រូវបានរចនាឡើងដោយផ្នែកយន្តហោះស៊ីវិលរបស់ក្រុមហ៊ុនអាកាសរុស្ស៊ី Sukhoi នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូដ៏សំខាន់របស់ខ្លួនក្រុមហ៊ុន Boeing ។ ការហោះហើររបស់ខ្លួនជាលើកទីមួយបានធ្វើឡើងនៅថ្ងៃទី 19 ខែឧសភាឆ្នាំ 2008 ។ នៅថ្ងៃទី 21 ខែមេសាឆ្នាំ 2011 Superjet 100 បានទទួលការហោះហើរដឹកអ្នកដំណើរពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួននៅលើផ្លូវ Armavia ពីទីក្រុង YEREVAN ទៅទីក្រុងម៉ូស្គូ។ បានរចនាឡើងដើម្បីប្រកួតប្រជែងជាអន្តរជាតិជាមួយសមភាគីមួយ-148, Embraer និង Bombardier របស់ ...

                                               

T-80

ក្រុមហ៊ុន T-80 គឺជារថកុ្រះជំនាន់ទីបី រចនានិងផលិតនៅសហភាពសូវៀត។ ការអភិវឌ្ឍរបស់ក្រុមហ៊ុន T-64 នេះវាបានចូលបម្រើក្នុងឆ្នាំ 1976 និងជាធុង៏ផលិតដំបូងគេដែលត្រូវបានបំពាក់ដោយម៉ាស៊ីនកង្ហារឧស្ម័នសម្រាប់ propulsion មេ។ T-80U ត្រូវបានផលិតនៅក្នុងរោងចក្រនៅក្នុង Omsk, រុស្ស៊ីមួយមុន ខណៈដែលក្រុមហ៊ុន T-80UD និងបន្តការអភិវឌ្ឍន៍អា84 បន្តត្រូវបានផលិតនៅក្នុងអ៊ុយក្រែន។ T-80 និងវ៉ារ្យ៉ង់របស់ខ្លួននៅក្នុងការបម្រើនៅក្នុងប្រទេសបេឡារុស, Cyprus, កាហ្សាក់ស្ថាន ប្រទេសប៉ាគីស្ថាន, រុស្ស៊ី, កូរ៉េខាងត្បូងនិងអ៊ុយក្រែន។ ប្រធានអ្នករចនាម៉ូដរបស់ក្រុមហ៊ុន T-80 គឺជាវិស្វកររុស្ស៊ី Nikolai Popov ។

                                               

ត្រីពណ៌

ត្រីពណ៌ គឺជានាមនៃទង់ជាតិ់មានឆ្នូតបីទំហំដូចគ្នា បញ្ឈរឬផ្ដេកក៏បាន។ ទង់ជាតិត្រីពណ៌ផ្ដេកចាស់ជាងគេមួយគឺទង់ជាតិហូឡង់ ហើយទង់ជាតិត្រីពណ៌បញ្ឈរចាស់ជាងគេមួយគឺទង់ជាតិបារាំង។

                                               

មហាអំណាច កណ្ដាល

មហាអំណាចកណ្ដាល គឺជា​ប្លុកបដិបក្ខ​មួយ​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាមលោកលើកទី១ ដែល​មាន ចក្រភពអាល្លឺម៉ង់ អូទ្រីសហុងគ្រី ចក្រភពតូតូម៉ង់ និង ប្រទេស​បុលការី ដែល​បាន​ប្រយុទ្ធ​ទល់នឹង​ប្លុកសម្ព័ន្ធមិត្ត​។ ឈ្មោះ "មហាអំណាចកណ្ដាល" គឺ​ដោយសារតែ​ទីតាំង​នៃ​បណ្ដា​ប្រទេស​ទាំង​០៤​នេះ ស្ថិតនៅ​ចន្លោះ​ចក្រភពរុស្ស៊ី និង ប្រទេស​បារាំង និង​រាជាណាចក្ររួម ​។ អាល្លឺម៉ង់ និង​អូទ្រីស-ហុងគ្រី បាន​ចង​សម្ពន្ធភាព​ជាមួយគ្នា​នៅ​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​១៨៧៩ ហើយ​ក្រោយមក​ប្រទេស​អ៊ីតាលី បាន​ចូលរួម​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​១៨៨២ បង្កើត​បាន​ជា​"សម្ព័ន្ធត្រីភាគី" Triple Alliance ដែល​មាន​ទិសដៅ​ការពារ​ការគំរាមកំហែង ពី​មហាអំណាច​ខាងក្រ ...

                                               

សាកលវិទ្យាល័យរដ្ឋម៉ូស្គូ

សាកលវិទ្យាល័យរដ្ឋម៉ូស្គូ Московский государственный университет имени М. В. Ломоносова គឺជាសាកលវិទ្យាល័យធំបំផុតនិងចាស់ជាងគេនៅក្នុងប្រទេសរុស្ស៊ី។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ 1755 និងនៅម៉ូស្គូ។ វាត្រូវបានផលិតឡើងដោយលោក Ivan Shuvalov និងលោក Mikhail Lomonosov ។ វាត្រូវបានគេដាក់ឈ្មោះបន្ទាប់ពី Lomonosov ។

                                               

Sukhoi Su-30

300px|រូបភាពតូច Sukhoi Su- 30 គឺជា ម៉ាស៊ីន ភ្លោះ ពីរ កៅអី យន្ដហោះ ចម្បាំង ទំនើប បត់បែន បានបង្កើតឡើងដោយ Sukhoi អាកាសចរណ៍ Corporation របស់ ប្រទេសរុស្ស៊ី។ វាគឺជាការ ប្រយុទ្ធ multirole មួយសម្រាប់ គ្រប់ អាកាសធាតុ ខ្យល់ ទៅ ខ្យល់ និង បេសកកម្ម ការទប់ស្កាត់នៅ ជ្រៅ ខ្យល់ ទៅ ផ្ទៃ ។ Su- 30 បានចាប់ផ្តើម ជា មួយ គម្រោងអភិវឌ្ឍន៍ ខាងក្នុង នៅក្នុងគ្រួសារ Sukhoi Su- 27 ដោយ Sukhoi ។ ផែនការ ការរចនា ត្រូវបាន កែប្រែថ្មី និងឈ្មោះ នេះត្រូវបាន ធ្វើឡើង ជាផ្លូវការ ដោយក្រសួង ការពារជាតិ រុស្ស៊ី ក្នុងឆ្នាំ 1996 ។ គ្រួសារ Flanker តែ Su- 27 ស៊ូ 30 ស៊ូ 34 និង Su -35 ត្រូវបានគេ បញ្ជាឱ្យ ចូលទៅក្នុង ផលិតកម្ម សៀរៀល ដោយក្រសួង ក ...

                                               

ពុង ឈីវកេក

​អ្នកស្រី ពុង ឈីវកេក កើត​នៅ​ឆ្នាំ​១៩៤២ ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​អភិជន​មួយ​ដែល​មាន​កូនស្រី ២​នាក់។ ឪពុក​ឈ្មោះ ពុង ប៉េងចេង ធ្លាប់​ជា​គ្រូបង្រៀន ដែល​ក្រោយ​មក​បាន​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។ ម្ដាយ​ឈ្មោះ ស៊ីវ អេងតុង ជា​គ្រូបង្រៀន​ដែរ ក្រោយ​មក​ជា​តំណាងរាស្ត្រ​ស្ត្រី​ទី១ ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល។ អ្នកស្រី ពុង ឈីវកេក បាន​រៀន​ចប់​វិជ្ជា​ពេទ្យ​ពី​ប្រទេស​បារាំង និង​បាន​រៀបការ​លើក​ទី​១ នៅ​ទី​នោះ មុន​ពេល​វិល​មក​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ អ្នកស្រី​មាន​កូន​ស្រី ៣​នាក់​ មាន​ឈ្មោះ ណាលី ពូឡូក Naly Pilorge ...

រុស្ស៊ី
                                     

ⓘ រុស្ស៊ី

ប្រទេសរុស្ស៊ី មាន​ឈ្មោះ​ជាផ្លូវការថា សហព័ន្ធ​រុស្ស៊ី, គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមនុស្សរស់នៅលើភពផែនដីហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេសខណៈដែលទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។ ជនជាតិរុស្ស៊ីគឺជាក្រុមជនជាតិស្លាវដែលមានចំនួនច្រើនបំផុតចំណែកឯភាសារុស្ស៊ីគឺជាភាសាស្លាវដ៏និយមជាងគេហើយក៏ជាភាសាប្រជាប្រិយមួយនៅទ្វីបអឺរ៉ុបផងដែរ។

រុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអឺរ៉ុប។ រុស្ស៊ីគឺជាប្រទេសដែលមានដង់ស៊ីតេប្រជាជនទាបនិងមានចំនួនទីក្រុងច្រើនបំផុតនៅលើពិភពលោក។ ប្រហែលជាងពាក់កណ្តាលនៃផ្ទៃដីប្រទេសនេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ ប្រជាជនរុស្ស៊ីភាគច្រើនរស់នៅផ្នែកខាងលិចនៃប្រទេសហើយប្រជាជនភាគតិចណាស់ដែលមានទីលំនៅនៅផ្នែកខាងកើត។ រដ្ឋធានីម៉ូស្គូគឺជាទីក្រុងធំជាងគេបង្អស់នៅប៉ែកអឺរ៉ុបដោយមានប្រជាជនរស់នៅប្រមាណជាង ២០ លាននាក់។

តាមប្រវត្តិសាស្ត្រ ពួកស្លាវខាងកើតបានលេចខ្លួនឡើងជាក្រុមជនជាតិដ៏សំខាន់មួយនៅអឺរ៉ុបរវាងសតវត្សទី៣ និងទី៨ នៃគ.ស។ រដ្ឋមជ្ឈឹមសម័យមួយដែលមានឈ្មោះថា"រុស្ស"ត្រូវបានកកើតនៅអំឡុងសតវត្សទី៩។ នៅក្នុងឆ្នាំ៩៨៨ រដ្ឋមួយនេះបានទទួលជ្រើសយកគ្រិស្តសាសនាអូស្សូដក់ជាសាសនារបស់ខ្លួនតាមរយៈចក្រភពប៊ីហ្សង់ទីនរួចបានច្របាច់បញ្ចូលវប្បធម៌ប៊ីហ្សង់ទីននិងវប្បធម៌ស្លាវរបស់ខ្លួនចូលគ្នាដែលបង្កើតបានជាវប្បធម៌រុស្ស៊ីរហូតមកដល់សព្វថ្ងៃ។ ពីរបីសតវត្សក្រោយមក រដ្ឋរុស្សបានបែកទៅជារដ្ឋតូចៗរហូតដល់អំឡុងសតវត្សទី១៥ នៅពេលដែលពញារដ្ឋម៉ូស្គូបានបង្រួបបង្រួមរដ្ឋទាំងនោះឡើងវិញ។ នៅអំឡុងសតវត្សទី១៨ ប្រជាជាតិមួយនេះបានពង្រីកទឹកដីរបស់ខ្លួនទៅគ្រប់ទិសតំបន់ជាពិសេសគឺទិសខាងកើតរួចហើយក៏បានលេចឈ្មោះឡើងថា"ចក្រភពរុស្ស៊ី"ដែលត្រូវជារដ្ឋមហាអំណាចមួយនៅអឺរ៉ុបនិងជាចក្រភពធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ។ ក្រោយពីបដិវត្តន៍រុស្ស៊ីបានបញ្ចប់ រដ្ឋដែលមានឈ្មោះថា សសសស រុស្ស៊ីត្រូវបានក្លាយជារដ្ឋសមាជិកធំបង្អស់របស់សហភាពសូវៀតនិងត្រូវជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។ សហភាពសូវៀតបានដើរតួយ៉ាងសំខាន់នៅខាងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ រួចបានលេចខ្លួនឡើងជាប្រទេសមហាអំណាចដ៏ធំមួយនិងជាគូប្រជែងរបស់សហរដ្ឋអាមេរិកនៅអំឡុងសម័យសង្គ្រាមត្រជាក់។ នៅសម័យសូវៀត គេឃើញថារុស្ស៊ីបានសម្រេចនូវសមិទ្ធិផលបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនប្រចាំសតវត្សទី២០ ក្នុងនោះមានដូចជា ការបង្ហោះតារារណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអាកាស។ បន្ទាប់ពីការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ សសសស រុស្ស៊ីបានធ្វើបតិដ្ឋាកម្មក្លាយជា"សហព័ន្ធរុស្ស៊ី"។ បន្ទាប់ពីព្រឹត្តិការណ៍វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ចប់ ប្រទេសរុស្ស៊ីក៏អនុម័តរដ្ឋធម្មនុញ្ញថ្មីហើយបានក្លាយជាសាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយមចាប់តាំងពីពេលនោះមក។

រុស្ស៊ីត្រូវបានគេសម្តៅលើថាជាមហាអំណាចសក្តានុភូតមួយដោយមានកម្លាំងយោធាធំជាងគេទី២ នៅលើពិភពលោកនិងជាប្រទេសដែលចំណាយលើយោធាច្រើនបង្អស់ទី៤។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយខ្លួនមានប្រព័ន្ធថែទាំសុខភាពសកលនិងការអប់រំនៅសកលវិទ្យាល័យដោយឥតគិតថ្លៃ។ សេដ្ឋកិច្ចរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លំដាប់ទី១១ លើពិភពលោកបើគិតតាម ផសស ក្នុងមនុស្សម្នាក់ៗ និងជាប់លំដាប់ទី៦ បើគិតតាម យអទ។ ប្រទេសរុស្ស៊ីត្រូវគេទទួលស្គាល់ថាជារដ្ឋអាវុធនុយក្លេអ៊ែរដោយខ្លួនមានស្តុកទុកអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ធនធានរ៉ែ និងថាមពលរបស់រុស្ស៊ីគឺមានចំនួនខ្ពស់ជាងគេនៅលើពិភពលោកហើយសព្វថ្ងៃគឺជាប្រទេសឈានមុខគេក្នុងការផលិតប្រេងនិងឧស្ម័នធម្មជាតិ។ ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវជាសមាជិកនៃគ្រុប២០, ក្រុមប្រឹក្សាអឺរ៉ុប, វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក, អ.ស.ស.អ, ធ.វ.អ និង អ.ព.ព ហើយខ្លួនក៏ត្រូវជាសមាជិកនាំមុខនៃ សហគមន៍នៃរដ្ឋឯករាជ្យ, អ.ស.ស.រ និងសហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ីផងដែរ។

                                     

1. ឈ្មោះ

ឈ្មោះថា រុស្ស៊ី គឺមានដើមកំណើតមកពីពាក្យ"រុស្ស" ដែលជាឈ្មោះរបស់រដ្ឋឯករាជ្យមួយនៅអំឡុងមជ្ឈិមសម័យដែលមានប្រជាជនភាគច្រើនជាជនជាតិស្លាវខាងកើត។ ដើមឡើយ ជនជាតិស្លាវគឺមិនបានសម្តៅមកលើប្រជាជាតិខ្លួនថា"រុស្ស"នោះទេដោយពួកគេតែងហៅប្រទេសរបស់ខ្លួនថា"Русская земля" បកប្រែមកថា"ទឹកដីរុស្ស៊ី" ឬ"ទឹកដីនៃរុស្ស"។ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយរដ្ឋដទៃទៀត អ្នកប្រវត្តិវិទូសម័យបានសម្តៅមកលើរដ្ឋដំបូងរបស់រុស្ស៊ីនេះថា រូសកៀវ ។ ឈ្មោះថា"រុស្ស"នេះត្រូវបានដាក់ឱ្យដោយជនជាតិរូស អាចសរសេរបានថា"រុស្ស" ឈ្មួញនិងយុទ្ធជនជនជាតិស៊ុយអែត ដែលបានផ្លាស់ទីលំនៅឆ្លងសមុទ្របាល់ទិកមកលើទឹកដីរុស្ស៊ីបច្ចុប្បន្នរួចបង្កើតបានជារដ្ឋមួយដែលគេតែងស្គាល់ថា"រូសកៀវ"។

                                     

2.1. ប្រវត្តិសាស្ត្រ ប្រវត្តិដើម

បុព្វបុរសនៃជនជាតិរុស្ស៊ីសព្វថ្ងៃគឺមានដើមកំណើតមកពីកុលសម្ព័ន្ធស្លាវនៅតំបន់ព្រៃភ្នំនៃទំនាបបឹងភីនស៍។ ជនជាតិស្លាវខាងកើតបានមកតាំងទីលំនៅនៅតំបន់ភាគខាងលិចរុស្ស៊ីចំនួនពីរលើក៖ លើកទីមួយគឺពីកៀវមកកាន់ក្រុងស៊ូសដាលនិងមូរ៉ម និងលើកទីពីរគឺពីផូឡូតស្គ៍មកកាន់ណូវកូរ៉តនិងរ៉ូសតូវ។ ចាប់តាំងពីសតវត្សទី៧ មក ទឹកដីភាគខាងជើងរុស្ស៊ីគឺត្រូវបានជនជាតិស្លាវខាងកើតគ្រប់គ្រងនិងបង្កើតបានជាកូនចៅតៗគ្នារហូតមកដល់សព្វថ្ងៃ។

                                     

2.2. ប្រវត្តិសាស្ត្រ រូសកៀវ

បើយោងទៅតាមកាលប្បវត្តិដើម ជនជាតិរុស្សមួយរូបឈ្មោះរូរីគត្រូវបានគេជ្រើសតាំងជាមេដឹកនាំនៃបុរីណូវកូរ៉តនៅក្នុងឆ្នាំ៨៦២។ នៅឆ្នាំ៨៨២ អ្នកស្នងរាជ្យរបស់ទ្រង់ឈ្មោះថាអូឡេកបានដឹកនាំទ័ពធ្វើដំណើរទៅភាគខាងត្បូងហើយក៏បានវាយត្រួតត្រាបុរីកៀវ ដែលដើមឡើយត្រូវជាកម្មសិទ្ធិរបស់រដ្ឋកាហ្សារ។ ព្រះអង្គអូឡេករួមជាមួយនឹងបុត្ររបស់រូរីគព្រះនាមអ៊ីហ្គ័របានចាប់វិធានការដាក់កុលសម្ព័ន្ធក្នុងតំបន់ទាំងនោះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននិងលើកទ័ពបន្តវាយត្រួតត្រាទឹកដីកាហ្សារដែលនៅសេសសល់និងថែមទាំងវាយលុកលើពួកប៊ីហ្សាទីននិងពែរ្សទៀតផង។

នៅអំឡុងសតវត្សទី១០ និងទី១១ រូសកៀវត្រូវបានគេចាត់ទុកថាជារដ្ឋដែលធំនិងមានការរីកចម្រើនខ្លាំងជាគេនៅទ្វីបអឺរ៉ុប។ រជ្ជកាលរបស់ព្រះអង្គវ៉្លាឌឺមៀរទី១ ៩៨០–១០១៥ និងបុត្ររបស់ទ្រង់នាមយ៉ារ៉ូស្លាវទី១ ១០១៩–១០៥៤ ត្រូវបានគេចាត់ទុកថាជាយុគសម័យមាសរបស់មហារដ្ឋរូសកៀវហើយក្នុងរជ្ជកាលរបស់ក្សត្រទាំងពីរអង្គនេះ រដ្ឋរូសកៀវបានទទួលយកនូវគ្រិស្តសាសនាអូស្សូដក់ពីពួកប៊ីហ្សាទីនហើយបានបង្កើតក្រមច្បាប់ដំបូងបង្អស់របស់ពួកស្លាវខាងកើត។

នៅសតវត្សទី១១ និងទី១២ រូសកៀវបានទទួលរងនូវការលុកលុយពីកុលសម្ព័ន្ធជិតខាងឥតឈប់ឥតឈរមានដូចជា ពួកគីបឆាក់ និងប៉េជ្ឆេណេកជាដើម។ ការលុកលុយទាំងអស់នោះគឺជាមូលហេតុដែលបណ្តាលឱ្យប្រជាជនស្លាវខាងកើតផ្លាស់ប្តូរទីលំនៅទៅតំបន់ព្រៃភ្នំនៃភាគខាងជើងដែលត្រូវបានគេស្គាល់ជាទូទៅថាហ្សាលេស៊ី។

រូសកៀវត្រូវបានដួលរលំនៅពេលដែលពួកម៉ុងកូលបានធ្វើការចូលឈ្លានពាននៅរវាងឆ្នាំ១២៣៧ និងឆ្នាំ១២៤០។ ជាលទ្ធផល ទីប្រជុំជនជាច្រើនត្រូវបានដុតបំផ្លាញដោយពួកម៉ុងកូល ហើយប្រជាជនខ្លួនជាងពាក់កណ្តាលត្រូវបានសម្លាប់ដោយពួកម៉ុងកូល។ ក្រោយមក ក្រុមអ្នកឈ្លានពានទាំងនោះក៏បានបង្កើតរដ្ឋមួយនៅទឹកដីភាគកណ្តាលនិងភាគខាងត្បូងដោយមានឈ្មោះថានគរហ្វូងមាស ហើយអស់រយៈពេលពីរសតវត្សទៅមុខទៀត មហានគរមួយនេះគឺតែងតែឈ្លានពានក្សត្របុរីតូចៗរបស់រុស្ស៊ីជានិច្ច។

បន្ទាប់ពីរូសកៀវបានដួលរលំ សាធារណរដ្ឋណូវកូរ៉តក៏បានបង្កើតហើយវាត្រូវជារដ្ឋតែមួយគត់ដែលមិនទទួលរងការឈ្លានពាននិងការលុកលុយធ្ងន់ធ្ងរពីសំណាក់ពួកម៉ុងកូល។ ក្រោមការគ្រប់គ្រងរបស់អាឡិចសាន់ដឺ ណេវស្គី នគរណូវកូរ៉តបានបង្ក្រាបការឈ្លានពានរបស់ស៊ុយអែតនៅក្នុងសមរភូមិណេវ៉ានៃឆ្នាំ១២៤០ និងពួកសាសនាភាគខាងជើងនៅក្នុងសមរភូមិទឹកកកនៃឆ្នាំ១២៤២។



                                     

2.3. ប្រវត្តិសាស្ត្រ ពញារដ្ឋម៉ូស្គូ

ក្រោយពីរូសកៀវបានដួលរលំ រដ្ឋអំណាចថ្មីក៏បានកកើតឡើងដោយមានឈ្មោះថាពញារដ្ឋម៉ូស្គូដែលដើមឡើយគឺជាផ្នែកនៃពញារដ្ឋវ្លាឌឺមៀរ‐ស៊ូសដាល។ ខណៈពេលដែលខ្លួនកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់ម៉ុងកូលនិងពួកតាតារហើយដោយសារតែអ្នកត្រួតត្រាមិនសូវអើពើទៀតនោះ រដ្ឋម៉ូស្គូក៏ចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងអតីតទឹកដីភាគកណ្តាលនៃរូសក្នុងអំឡុងសតវត្សទី១៤។ ហើយបន្តិចម្តងៗ ម៉ូស្គូក៏ក្លាយជាកម្លាំងដឹកនាំក្នុងដំណើរការបង្រួបបង្រួមរដ្ឋរូសឡើងវិញនិងការពង្រីកទឹកដីរបស់ប្រទេសរុស្ស៊ីនាពេលខាងអនាគត។

ប៉ុន្តែដំណើរការបង្រួបបង្រួមរដ្ឋរបស់ពួកម៉ូស្គូគឺមិនងាយស្រួលនោះឡើយដោយពួកគេត្រូវទទួលរងការវាយលុកម្តងហើយម្តងទៀតពីពួកម៉ុងកូលនិងតាតារ។ ឯវិស័យកសិកម្មវិញត្រូវបានទទួលរងខូចខាតតាំងពីដំបូងមកម្លេះដោយសារតែរដូវធ្លាក់ព្រិលមានរយៈពេលយូរលើសពីធម្មតា។ ម៉្យាងវិញទៀត ទ្វីបអឺរ៉ុបទាំងមូលត្រូវប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវនៅរវាងឆ្នាំ១៣៥០ និងឆ្នាំ១៤៩០។ ជាភព្វសំណាង ទឹកដីអឺរ៉ុបខាងកើតពោលគឺទឹកដីរុស្ស៊ីមានសន្ទភាពប្រជាជនទាបហើយពួកគេមានវប្បធម៌អនាម័យស្អាត ឧទាហរណ៍៖ ការនាំគ្នាអនុវត្តបាញ៉ា, ជាការត្រាំខ្លួននៅក្នុងទឹកក្តៅ ដោយហេតុនេះហើយទើបករណីស្លាប់ដោយសារជំងឺនៅអឺរ៉ុបខាងកើតមានចំនួនតិចជាងពីអឺរ៉ុបខាងលិច ហើយចំនួនប្រជាជនក្នុងតំបន់ក៏ចាប់ផ្តើមកើនវិញនៅអំឡុងឆ្នាំ១៥០០។

កងទ័ពសហពញារដ្ឋរុស្ស៊ីដែលដឹកនាំដោយព្រះអង្គឌីមីទ្រី អ៊ីវ៉ាណូវិចនិងទទួលការគាំទ្រពីវិហារគ្រិស្តអូស្សូដក់រុស្ស៊ី បានប្រយុទ្ធឈ្នះលើទ័ពម៉ុងកូល-តាតារនៅក្នុងសមរភូមិគូលីកូវ៉ូនាឆ្នាំ១៣៨០។ ដោយជារដ្ឋដ៏មានឥទ្ធិពលជាងគេ ពញារដ្ឋម៉ូស្គូបានចាប់ផ្តើមលេបត្របាក់រដ្ឋជិតខាងរបស់ខ្លួនបន្តិចម្តងៗ។

ក្នុងរជ្ជកាលរបស់ព្រះអង្គអ៊ីវ៉ានទី៣ នៅទីបំផុតរុស្ស៊ី ម៉ូស្គូ បានយកឈ្នះហើយបានផ្តួររលំការគ្រប់គ្រងរបស់ពួកតាតារចោលរួចហើយរុស្ស៊ីក៏បានបង្រួបបង្រួមតំបន់ភាគកណ្តាលនិងខាងជើងទាំងមូលក្រោមការគ្រប់គ្រងរបស់ខ្លួន។ ព្រះអង្គបានក្លាយជាអង្គក្សត្ររុស្ស៊ីដំបូងបង្អស់ដែលមានគោរម្យងារថា"សម្តេចចៅពញានៃរុស្ស៊ីទាំងមូល"។ ក្រោយការដួលរលំនៃកុងស្តង់ទីណូប៉ូលក្នុងឆ្នាំ១៤៥៣ រុស្ស៊ីបានអះអាងថាខ្លួនគឺជារដ្ឋស្នងពេញលេញរបស់ចក្រភពរ៉ូម៉ាំងខាងកើត។ ព្រះបាទអ៊ីវ៉ានទី៣ បានរៀបអភិសេកជាមួយសូហ្វីយ៉ា ប៉ាលីអូឡូកដែលត្រូវជាក្មួយស្រីរបស់អធិរាជប៊ីហ្សង់ទីនចុងក្រោយបង្អស់គឺព្រះចៅកុងស្តង់ទីនទី១១។ ព្រះអង្គអ៊ីវ៉ានបានយករូបឥន្ទ្រីក្បាលពីររបស់ប៊ីហ្សង់ទីនធ្វើជានិមិត្តរូបជាតិខ្លួនហើយបច្ចុប្បន្នវាគឺជារូបនៅលើវរលញ្ឆករប្រទេសរុស្ស៊ី។

                                     

2.4. ប្រវត្តិសាស្ត្រ អាណាចក្រត្សាររុស្ស៊ី

នៅឆ្នាំ១៥៤៧ សម្តេចចៅពញាអ៊ីវ៉ានទី៤ បានឡើងសោយរាជ្យជាស្តេចត្សារដំបូងបង្អស់របស់រុស្ស៊ី។ ស្តេចត្សារបានប្រកាសឱ្យប្រើក្រមច្បាប់ថ្មី ១៥៥០ បានបង្កើតគណៈតំណាងសក្តិភូមិ និងបានណែនាំប្រព័ន្ធគ្រប់គ្រងក្នុងតំបន់ជនបទ។

នៅក្នុងរជ្ជកាលដ៏វែងរបស់ព្រះអង្គ អ៊ីវ៉ានបានពង្រីកទឹកដីរុស្ស៊ីឱ្យធំទ្វេដងជាងមុនដោយកាត់ទឹកដីខាន់ចក្រតាតារចំនួនបី ជាផ្នែកដែលនៅសេសសល់របស់ហ្វូងនគរមាស មាន៖ កាហ្សាន អាស្ត្រាខាន់ និងខាន់ចក្រស៊ីបេរី។ ដូច្នេះហើយគិតត្រឹមសតវត្សទី១៦ រុស្ស៊ីបានក្លាយជារដ្ឋឆ្លងទ្វីបមួយ។

ប៉ុន្តែមិនយូរប៉ុន្មាន អំណាចនិងឥទ្ធិពលរបស់អាណាចក្រត្សាររុស្ស៊ីក៏បានថយចុះដោយសារតែសង្គ្រាមដ៏មានរយៈពេលយូរមួយដែលគេតែងស្គាល់ថាសង្គ្រាមលីវ៉ូនី។ វាគឺជាសង្គ្រាមប្រយុទ្ធរវាងមហាអំណាចរុស្ស៊ីនឹងសម្ព័ន្ធភាពប៉ូឡូញ លីទុយអានី និងស៊ុយអែតដោយភាគីទាំងសងខាងមានគោលដៅដណ្តើមយកទឹកដីនៅជាប់សមុទ្របាលទិក។ ក្នុងពេលដំណើរគ្នានេះដែរ ខាន់ចក្រគ្រីមៀដែលត្រូវជារដ្ឋស្នងរបស់ហ្វូងនគរមាសតែមួយគត់បានបន្តវាយលុកលើទឹកដីភាគខាងត្បូងរុស្ស៊ី។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្តារខាន់ចក្រវ៉ុលហ្កាឡើងវិញ ពួកគ្រីមៀនិងសម្ព័ន្ធមិត្តខ្លួនគឺពួកអូតូម៉ង់បានរួមគ្នាវាយឈ្លានពានទឹកដីរុស្ស៊ីកណ្តាល ហើយជារឿងដែលមិនគួរឱ្យជឿ ទ័ពពួកគេបានទៅដល់ទីក្រុងម៉ូស្គូនិងបានដុតផ្នែកខ្លះនៃម៉ូស្គូបានថែមទៀតផង។ ប៉ុន្តែនៅឆ្នាំបន្ទាប់ ទ័ពសម្ព័ន្ធភាពទាំងពីរត្រូវបានបង្ក្រាបដោយទ័ពរុស្ស៊ីនៅក្នុងសមរភូមិម៉ូឡូឌី ហើយជាលទ្ធផល កងកម្លាំងភាគីគ្រីមៀនិងអូតូម៉ង់ក៏ត្រូវបែកបាក់ហើយការបន្តឈ្លានពានរុស្ស៊ីក៏ត្រូវបាត់បង់ទៅវិញ។ ដោយមិនទាន់អស់ចិត្ត ពួកគ្រីមៀនូវតែបន្តវាយលុកលើទឹកដីរុស្ស៊ីប៉ុន្តែលើកនេះពួកគេបានប្រើប្រាស់កម្លាំងទាសករជាជាងកម្លាំងកងទ័ព។ ដើម្បីបញ្ឈប់ការវាយលុករបស់គ្រីមៀ រុស្ស៊ីបានចាត់សាងសង់បន្ទាយនៅតាមព្រំដែនភាគខាងត្បូងហើយការវាយលុកក៏បានបញ្ចប់នៅអំឡុងសតវត្សទី១៧។

ការចូលទិវង្គតរបស់ព្រះរាជបុត្រត្សារអ៊ីវ៉ានបានធ្វើឱ្យដាច់ពូជពង្សរាជវង្សរូរីគនៅក្នុងឆ្នាំ១៥៩៨ ហើយបូករួមជាមួយនឹងគ្រោះទុរ្ភិក្សឆ្នាំ១៦០១–០៣ ទៀតបានធ្វើឱ្យរុស្ស៊ីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល គ្មានអង្គក្សត្រគ្រប់គ្រងច្បាស់លាស់។ គេបានសម្តៅលើសម័យនេះថា"វេលានៃភាពវឹកវរ"។ ដោយឃើញបែបនេះ សហធនរដ្ឋប៉ូឡូញ–លីទុយអានីក៏បានវាយលុកឈ្លានពានទឹកដីមួយផ្នែកនៃរុស្ស៊ីនិងថែមទាំងបានចូលត្រួតត្រារាជធានីម៉ូស្គូទៀតផង។ នៅក្នុងឆ្នាំ១៦១២ កងទ័ពប៉ូឡូញត្រូវបានអង្គភាពស្ម័គ្រចិត្តរុស្ស៊ីវាយថយមកវិញក្រោមការដឹកនាំរបស់វីរបុរសជាតិពីររូបគឺពាណិជ្ជករម្នាក់ឈ្មោះគូសម៉ា មីនីន និងព្រះអង្គម្ចាស់ឌីមីទ្រី ប៉ូស៍ហាស្គី។ នៅក្នុងឆ្នាំ១៦១៣ ប្រទេសរុស្ស៊ីក៏តែងតាំងរាជវង្សថ្មីដែលមាននាមថារាជវង្សរ៉ូម៉ាណូវហើយក្រោយៗមក រុស្ស៊ីក៏ចាប់ផ្តើមងើបខ្លួនឡើងវិញបន្តិចម្តងៗ។

បន្ទាប់ពីយកឈ្នះលើគ្រោះចលាចលពីមុនៗហើយ ប្រទេសរុស្ស៊ីក៏បានបង្វែរមកចាប់ផ្តើមពង្រីកទឹកដីរបស់ខ្លួនតទៅទៀតនៅក្នុងសតវត្សទី១៧។ នៅក្នុងឆ្នាំ១៦៤៨ ទាសករអ៊ុយក្រែនម្នាក់បានចូលរួមក្នុងក្រុមបះបោរមួយប្រឆាំងនឹងការត្រួតត្រារបស់ប៉ូឡូញ–លីទុយអានី។ នៅឆ្នាំ១៦៥៤ មេដឹកនាំអ៊ុយក្រែនឈ្មោះបុកដាន ឃ្មែរនីតស្គីបានស្នើដាក់ជាតិខ្លួនក្រោមអាណាព្យាបាលភាពរបស់ត្សារអាឡិចស៊ីនៃរុស្ស៊ី។ ត្សារអាឡិចស៊ីបានទទួលយល់ព្រមសំណើនោះហើយសង្គ្រាមរុស្ស៊ី‐ប៉ូឡូញក៏បានផ្ទុះឡើង។ ជាលទ្ធផល ទឹកដីអ៊ុយក្រែនត្រូវបានកាត់ទៅជាពីរផ្នែកដោយផ្នែកខាងលិចគឺស្ថិតនៅក្រោមប៉ូឡូញដដែរ រីឯផ្នែកខាងកើតត្រូវធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅឆ្នាំ១៦៧០–៧១ មានការបះបោរអ៊ុយក្រែនមួយនៅក្នុងតំបន់វ៉ុលហ្កាប៉ុន្តែវាត្រូវបានកម្លាំងទ័ពត្សារបង្ក្រាបបានដោយជោគជ័យ។

រុស្ស៊ីបានរុញពង្រីកទឹកដីខ្លួនទៅភាគខាងកើតរហូតនិងបានគ្រប់គ្រងលើទឹកដីស៊ីបេរីដ៏ធំអស្ចារ្យដែលសម្បូរទៅដោយព្រៃភ្នំនិងព្រិលធ្លាក់ជាច្រើន។ នៅក្នុងឆ្នាំ១៦៤៨ អ្នករុករកជនជាតិរុស្ស៊ីពីររូបឈ្មោះហ្វេដុត ប៉ូពូវនិងសេមយ៉ន ដេសណេវបានរកឃើញច្រកសមុទ្របេរីងហើយអ្នកទាំងពីរក៏ក្លាយជាជនជាតិអឺរ៉ុបដំបូងបង្អស់ដែលបានធ្វើនាវាចរណ៍ទៅទ្វីបអាមេរិកខាងជើង។

                                     

2.5. ប្រវត្តិសាស្ត្រ អធិរាជាណាចក្ររុស្ស៊ី

នៅក្រោមការដឹកនាំរបស់ពីទ័រទី១ ប្រទេសរុស្ស៊ីត្រូវបានប្រកាសក្លាយជារដ្ឋចក្រភពនៅឆ្នាំ១៧២១ ហើយត្រូវបានទទួលស្គាល់ថាជាមហាអំណាចពិភពលោកមួយផងដែរ។ នៅក្នុងរជ្ជកាលព្រះអង្គពីឆ្នាំ១៦៨២ ដល់ឆ្នាំ១៧២៥ ព្រះចៅពីទ័របានចម្បាំងយកឈ្នះលើពួកស៊ុយអែតនៅក្នុងមហាសង្គ្រាមភាគខាងជើងហើយជាលទ្ធផល ទឹកដីដែលបានបាត់បង់នៅក្នុងវេលានៃភាពវឹកវរក៏បានប្រគល់មកឱ្យរុស្ស៊ីវិញ។ ពីទ័របានស្ថាបនារាជធានីថ្មីនៅក្បែរសមុទ្របាលទិកដែលមានឈ្មោះថាសង់ពីទ័របួរ។ រុស្ស៊ីបានចាប់ផ្តើមទទួលនូវឥទ្ធិពលវប្បធម៌អឺរ៉ុបខាងលិចបន្ទាប់ពីព្រះអង្គបានសម្រេចអនុម័តកំណែទម្រង់រដ្ឋាភិបាល។

នៅក្នុងរជ្ជកាលរបស់ព្រះបុត្រីរបស់ពីទ័រគឺអធិរាជិនីអេលីហ្សាប៊ែត គេឃើញថាប្រទេសរុស្ស៊ីបានចូលរួមនៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ ១៧៥៦–៦៣។ នៅក្នុងជម្លោះនេះ រុស្ស៊ីបានចូលកាន់កាប់ទឹកដីព្រុសខាងកើតបានមួយរយៈនិងព្រមទាំងចូលទៅដល់រាជធានីប៊ែរឡាំងទៀតផង។ ក៏ប៉ុន្តែក្រោយពីអេលីហ្សាប៊ែតបានចូលទិវង្គតទៅ ទឹកដីទាំងប៉ុន្មានដែលរុស្ស៊ីដណ្តើមបាននៅក្នុងសង្គ្រាមត្រូវបានប្រគល់មកឱ្យរាជាណាចក្រព្រុសវិញដោយអធិរាជថ្មីគឺពីទ័រទី៣។

ព្រះអធិរាជិនីកាតឺរីនទី២ គ្រងរាជ្យក្នុងឆ្នាំ១៧៦២–៩៦ បានដឹកនាំប្រទេសរុស្ស៊ីទៅរកវិបុលភាពនិងវឌ្ឍកម្មស្ទើរគ្រប់វិស័យ។ ព្រះអធិរាជិនីបានពង្រីកឥទ្ធិពលនយោបាយរុស្ស៊ីចូលទៅក្នុងសហធនរដ្ឋប៉ូឡូញ–លីទុយអានីហើយបានកាត់បញ្ចូលទឹកដីមួយភាគធំរបស់ប៉ូឡូញ–លីទុយអានីដាក់ជាទឹកដីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍រំលែកទឹកដីប៉ូឡូញ។ ទាំងនេះបានធ្វើឱ្យទឹកដីរុស្ស៊ីកាន់តែខិតជិតទៅដល់អឺរ៉ុបកណ្តាល។ នៅភាគខាងត្បូងវិញ ជ័យជម្នះរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី‐តួកគីបានបណ្តាលឱ្យទឹកដីខ្លួនរុញច្រានរហូតទៅដល់សមុទ្រខ្មៅនិងថែមទាំងបានវាយត្រួតត្រាខាន់ចក្រគ្រីមៀនៅក្នុងដំណើរនេះផងដែរ។ ជាលទ្ធផលនៃជ័យជម្នះនៅក្នុងសង្គ្រាមរុស្ស៊ី‐ពែរ្សនៅអំឡុងសតវត្សទី១៩៖ រុស្ស៊ីបានចូលត្រួតត្រាតំបន់ត្រង់ក័រកាស៊ីនិងតំបន់ក័រកាស៊ីខាងជើង។ បុត្ររបស់កាតឺរីននាមប៉ូលបានឡើងស្នងរាជ្យជំនួសព្រះមាតាបន្ទាប់ពីអធិរាជិនីបានសោយទិវង្គតទៅ។ ការដឹកនាំរបស់ប៉ូលគឺមានលក្ខណៈមិនទៀងទាត់ហើយព្រះអង្គច្រើនតែផ្តោតលើបញ្ហាក្នុងស្រុក។ មិនយូរប៉ុន្មាន ប៉ូលត្រូវបានគេធ្វើឃាតហើយរាជបល្ល័ងត្រូវធ្លាក់មកបុត្រារបស់ទ្រង់ព្រះនាមអាឡិចសាន់ដឺទី១។ ក្នុងរជ្ជកាលរបស់ព្រះចៅអាឡិចសាន់ដឺ រុស្ស៊ីបានវាយយកទឹកដីហ្វាំងឡង់ពីស៊ុយអែតនៅក្នុងឆ្នាំ១៨០៩ និងទឹកដីបេសារ៉ាប៊ីពីចក្រភពអូតូម៉ង់ក្នុងឆ្នាំ១៨១២។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីបានក្លាយជាប្រទេសអឺរ៉ុបដំបូងបង្អស់ដែលធ្វើនិគមកិច្ចលើទឹកដីអាឡាស្កា។

នៅរវាងឆ្នាំ១៨០៣–១៨០៦ បរិនាវាចរណ៍ដំបូងរបស់រុស្ស៊ីបានប្រព្រឹត្តិទៅបានសម្រេចហើយក្រោយមក ដំណើររុករកនៅលើសមុទ្រក៏បានចាប់ផ្តើម។ នៅក្នុងឆ្នាំ១៨២០ បេសនជនរុស្ស៊ីបានដាក់ជើងលើមហាទឹកកកអង់តាកទិកជាលើកដំបូង។

នៅក្នុងសង្គ្រាមណាប៉ូឡេអូនីក រុស្ស៊ីគឺស្ថិតនៅក្នុងក្រុមសម្ព័ន្ធមិត្តប្រឆាំងនឹងចក្រភពបារាំងរបស់ណាប៉ូលេអុង។ ការឈ្លានពានរបស់បារាំងលើរុស្ស៊ីបានប្រព្រឹត្តិទៅបានសម្រេចហើយកងទ័ពណាប៉ូលេអុងបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូនៅឆ្នាំ១៨១២ ប៉ុន្តែមិនយូរប៉ុន្មាន កងទ័ពបារាំងទាំងនោះបាននាំគ្នាដកថយទៅវិញដោយសារតែការប្រយុទ្ធប្រឆាំងតទល់ដ៏ឈ្លាសវៃរបស់កងកម្លាំងរុស្ស៊ី បូករួមជាមួយនឹងសិសិររដូវដ៏ត្រជាក់លើដែនដីរុស្ស៊ី។ កងទ័ពរុស្ស៊ីបានរុញច្រានមហាទ័ពបារាំងចេញពីដែនចក្រភពខ្លួនរួចចេញពីទឹកដីប្រទេសអឺរ៉ុបផ្សេងទៀតរហូតទៅដល់ទីក្រុងប៉ារីស។ ព្រះចៅអាឡិចសាន់ដឺទី១ បានក្លាយជាគណៈប្រតិភូនាំមុខរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំសមាជវីយែនហើយទឹកដីអឺរ៉ុបក្រោយសម័យណាប៉ូឡេអុងក៏បានកំណត់នៅក្នុងសមាជនោះ។

មន្ត្រីនៃសង្គ្រាមណាប៉ូឡេអូនីកបាននាំចូលនូវគំនិតសេរីនិយមចូលក្នុងប្រទេសវិញហើយបានបង្កើតនូវកុបកម្មដេកាប៊្រីស្ត៍ក្នុងគោលបំណងកាត់បន្ថយអំណាចរបស់ស្តេចត្សារ។ នៅចុងរជ្ជកាលរបស់ព្រះចៅនីកូឡាសទី១ ១៨២៥–៥៥ ឥទ្ធិពលនិងអំណាចរបស់រុស្ស៊ីនៅអឺរ៉ុបត្រូវបានរំខានដោយការបរាជ័យនៅក្នុងសង្គ្រាមគ្រីមៀ។ នៅរវាងឆ្នាំ១៨៤៧ ដល់ឆ្នាំ១៨៥១ ប្រជាជនរុស្ស៊ីប្រមាណ ១ លាននាក់ត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺអាសន្នរោគ។

អ្នកស្នងរាជ្យបន្ទាប់ពីនីកូឡាសគឺព្រះចៅអាឡិចសាន់ដឺទី២ ១៨៥៥–៨១ ទ្រង់បានអនុម័តការប្លាស់ប្តូរជាច្រើននៅក្នុងប្រទេសដូចជាការធ្វើកំណែទម្រង់សេរីភាពនៃឆ្នាំ១៨៦១ជាដើម។ កំណែទម្រង់ទាំងនេះបានជម្រុញឱ្យមានកំណើនឧស្សាហូបនីយកម្មនិងទំនើបកម្មនៅក្នុងជួរយោធា។

នៅចុងសតវត្សទី១៩ គេឃើញមានចលនាសង្គមនិយមខ្លះៗបានចាប់ផុសឡើងនៅលើទឹកដីរុស្ស៊ី។ ព្រះអង្គអាឡិចសាន់ដឺទី២ ត្រូវបានភេរវករបដិវត្តន៍ធ្វើឃាតនៅក្នុងឆ្នាំ១៨៨១ ដោយបន្សល់ទុករាជបល្ល័ងឱ្យអាឡិចសាន់ដឺទី៣។ អធិរាជរុស្ស៊ីចុងក្រោយគេគឺព្រះចៅនីកូឡាសទី២ ១៨៩៤–១៩១៧ បានជួបនូវបញ្ហាធំៗមួយចំនួនដូចជា បដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥ ដែលកើតឡើងដោយការបរាជ័យរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី-ជប៉ុននិងឧប្បត្តិហេតុបាតុកម្មមួយដែលគេស្គាល់ថាការបង្ហូរឈាមថ្ងៃអាទិត្យ។ កុបកម្មនោះត្រូវបានបង្ក្រាបបានសម្រេចប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីត្រូវបង្ខំចិត្តទទួលធ្វើកំណែទម្រង់ដ៏ធំមួយ គឺកំណែទម្រង់រដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩០៦ ដោយនៅក្នុងនោះមានដូចជា៖ ការផ្តល់សេរីភាពក្នុងការបញ្ចេញមតិ បង្កើតសភា ផ្តល់សិទ្ធិឱ្យមានវត្តមានគណបក្សនយោបាយ និងការបង្កើតស្ថាប័ននីតិប្បញ្ញត្តិបោះឆ្នោតគឺសភាឌូម៉ានៃចក្រភពរុស្ស៊ី។ កំណែទម្រង់កសិកម្មស្តូលីពីនបាននាំឱ្យមានការធ្វើចំណាកស្រុកជាច្រើនដោយប្រជាកសិករទៅស៊ីបេរី។ នៅរវាងឆ្នាំ១៩០៥ និងឆ្នាំ១៩១៤ ពលរដ្ឋប្រមាណ ៤ លាននាក់បានរត់មកតាំងទីលំនៅលើតំបន់ស៊ីបេរី។



                                     

2.6. ប្រវត្តិសាស្ត្រ បដិវត្តន៍ខែកុម្ភៈ និងសាធារណរដ្ឋរុស្ស៊ី

នៅឆ្នាំ១៩១៤ រុស្ស៊ីបានសម្រេចចូលរួមក្នុងសង្គ្រាមលោកលើកទី១ បន្ទាប់ពីចក្រភពអូទ្រីស-ហុងគ្រីបានប្រកាសសង្គ្រាមលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសស៊ែប៊ី។ នៅឆ្នាំ១៩១៦ ការវាយតបប៊្រូស៊ីលូវរបស់រុស្ស៊ីស្ទើរតែបំបាក់កម្លាំងយោធារបស់អូទ្រីស-ហុងគ្រីទាំងអស់ទៅហើយ។ ប៉ុន្តែអ្វីដែលបញ្ឈប់រុស្ស៊ីមិនឱ្យបន្តបុកចូលទឹកដីអូទ្រីស-ហុងគ្រីតទៅទៀតនោះគឺការមិនជឿទុកចិត្តពីសំណាក់ប្រជាជន តម្លៃខាតបង់នៃសង្គ្រាម អត្រាមរណភាពខ្ពស់ អំពើពុករលួយ និងសកម្មភាពក្បត់ជាតិ។ល។ ទាំងនេះគឺជាកត្តាចម្បងដែលបង្កឱ្យមានបដិរត្តន៍រុស្ស៊ីឆ្នាំ១៩១៧ ដែលមានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ។

បដិវត្តន៍ខែកុម្ភៈបានបង្ខំឱ្យសម្តេចនីកូឡាសដាក់រាជ្យហើយទ្រង់និងគ្រួសារទ្រង់ត្រូវបានគេចាប់ឃុំឃាំងនិងក្រោយមកសម្លាប់នៅយេកាតឺរីនប៊ឺកខណៈពេលដែលសង្គ្រាមស៊ីវិលរុស្ស៊ីកំពុងតែឆាបឆេះ។ របបរាជាធិបតេយ្យត្រូវបានជំនួសមកវិញដោយរបបនយោបាយដែលពឹងផ្អែកលើសម្ព័ន្ធភាពបក្សនយោបាយដ៏ផុយស្រួយដែលបានប្រកាសខ្លួនថាជារដ្ឋាភិបាលបណ្តោះអាសន្ន។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩១៧ សាធារណរដ្ឋរុស្ស៊ីត្រូវបានប្រកាសបង្កើតឡើងបើយោងតាមក្រឹតរបស់រដ្ឋាភិបាលបណ្តោះអាសន្ន។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩១៨ សភាធម្មនុញ្ញរុស្ស៊ីបានប្រកាសថារុស្ស៊ីគឺជាសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ។ នៅថ្ងៃបន្ទាប់ សភាធម្មនុញ្ញក៏ត្រូវបានរំលាយដោយគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃរុស្ស៊ីរួម។

                                     

2.7. ប្រវត្តិសាស្ត្រ សង្គ្រាមស៊ីវិលរុស្ស៊ី

ជម្លោះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នចូលកាន់កាប់អំណាច។ បក្សបុលសេវិកក៏បានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ននោះដោយគេសម្តៅលើការបះបោរនោះថាបដិវត្តន៍ខែតុលា។ នៅទីបំផុត លោកវ្លាឌឺមៀរ លេនីន និងបក្សពួកកុម្មុយនិស្តរបស់លោកបានទទួលជ័យជម្នះដោយបានផ្តួររលំរបបសាធារណរដ្ឋចោលហើយអំណាចត្រូវបានធ្លាក់មកនៅក្នុងដៃពួកសូវៀត។ ដូច្នេះហើយ ប្រទេសរុស្ស៊ីបានក្លាយជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។

ក្រោយពីពួកសូវៀតចូលកាន់អំណាច សង្គ្រាមស៊ីវិលរុស្ស៊ីក៏បានផ្ទុះឡើងរវាងពួកចលនាទង់សនឹងរបបកុម្មុយនិស្តថ្មី។ ជាលទ្ធផលនៃការចុះហត្ថលេខាសន្តិភាពជាមួយមហាអំណាចកណ្តាល រដ្ឋបុលសេវិករុស្ស៊ីត្រូវលះបង់ទឹកដីធំៗមួយចំនួនដូចជាតំបន់ទឹកដីអ៊ុយក្រែន ប៉ូឡូញ បាលទិក និងហ្វាំងឡង់។ ក្រុមសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១ ក៏បានព្យាយាមចូលធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ក្រុមបុលសេវិកដែរប៉ុន្តែមិនបានសម្រេច។ នៅក្នុងអំឡុងសង្គ្រាម ភាគីទាំងពីរបានប្រើប្រាស់យុទ្ធនាការនិរទេសប្រជាជននិងសម្លាប់ជនណាដែលគាំទ្រសត្រូវរៀងខ្លួន ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ជាទូទៅថា សម្បដិភ័យក្រហម និងសម្បដិភ័យស។ នៅពេលសង្គ្រាមស៊ីវិលបានបញ្ចប់ ប្រទេសរុស្ស៊ីត្រូវជួបនឹងបន្ទុកវិបត្តិសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ។ គេបានប៉ាន់ស្មានថាមានមនុស្សប្រមាណពី ៧ លានទៅ ១២ លាននាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដែលភាគច្រើនជាជនស៊ីវិល។ ប្រជាជនរាប់លាននាក់បានរត់ភៀសខ្លួន ហើយគ្រោះទុរ្ភិក្សដ៏ធំមួយ ១៩២១–២២ បានឆក់យកជីវិតមនុស្សប្រមាណជាងប្រាំលាននាក់។

                                     

2.8. ប្រវត្តិសាស្ត្រ សហភាពសូវៀត

រដ្ឋរុស្ស៊ី អ៊ុយក្រែន បេឡារុស និងត្រង់ក័រកាស៊ីជាមួយគ្នាបានបង្កើតចេញជាសហភាពសូវៀតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២។ ក្នុងចំណោមសាធារណរដ្ឋទាំង ១៥ នៅក្នុងសហភាពសូវៀត សាធារណរដ្ឋធំជាងគេនោះគឺ សសសស រុស្ស៊ីហើយក៏ត្រូវជារដ្ឋដឹកនាំនៃសហភាពផងដែរ។

បន្ទាប់ពីមរណភាពរបស់លេនីននៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនត្រូវបានគេបោះឆ្នោតតែងតាំងជាលេខាបក្សថ្មី តំណែងខ្ពស់បំផុតនៅក្នុងគណបក្សកុម្មុយនិស្ត។ ស្តាលីនបានឡើងគ្រប់គ្រងប្រទេសដោយប្រើអំណាចផ្តាច់ការដោយលោកបានបំបិទមាត់រាល់ក្រុមប្រឆាំងទាំងអស់នៅក្នុងបក្សនិងនៅក្នុងប្រទេស។ លីយ៉ុង ទ្រុតស្គីដែលជាអ្នកគាំទ្រគំនិតបដិវត្តន៍ពិភពលោកមួយរូបបានធ្វើនិរទេសចេញពីសហភាពសូវៀតនៅឆ្នាំ១៩២៩ ដោយបន្សល់ទុកឱ្យគំនិតសង្គមនិយមក្នុងប្រទេសមួយរបស់ស្តាលីនក្លាយជាគំនិតមនោគមវិជ្ជាគោលនៅក្នុងសហភាពសូវៀត។ ទោះជាសង្គ្រាមបានបញ្ចប់ជាច្រើនឆ្នាំក៏ដោយក៏វិបត្តិផ្ទៃក្នុងបក្សបុលសេវិកនូវតែបន្តកើតមាន ដោយឃើញបែបនេះ ស្តាលីនបានចាត់យុទ្ធនាការបោសសម្អាតបក្សពីឆ្នាំ១៩៣៧–៣៨។ ជាលទ្ធផល ថ្នាក់ដឹកនាំនិងមនុស្សមួយចំនួនត្រូវបានដកចេញពីតំណែងនយោបាយដោយខ្លះត្រូវបានចាប់ដាក់គុកហើយខ្លះទៀតត្រូវចាប់សម្លាប់តែម្តងសម្បីតែមេយោធាក៏មិនអាចគេចខ្លួនរួចដែរ។

ក្រោមការដឹកនាំរបស់ស្តាលីន រដ្ឋាភិបាលសូវៀតបានចាប់ផ្តើមដំណើរការនៃសេដ្ឋកិច្ចផែនការ ធ្វើឧស្សាហូបនីយកម្មនៅតាមតំបន់ជនបទ និងបង្កើតសហករណ៍កសិកម្មនៅទូទាំងប្រទេស។ នៅក្នុងសម័យសេដ្ឋកិច្ចនិងសង្គមដ៏រីកចម្រើននេះមានមនុស្សជាច្រើនត្រូវបានទាហាននិងរដ្ឋាភិបាលចាប់បញ្ជូនទៅជំរុំការងារ ជាពិសេសគឺបុគ្គលដែលប្រឆាំងនឹងការដឹកនាំរបស់ស្តាលីនហើយជាលទ្ធផល មនុស្សរាប់លាននាក់ត្រូវបានចាប់ខ្លួននិងនិរទេសទៅតំបន់ជនបទនៃសហភាពសូវៀត។ គោលការណ៍កសិកម្មថ្មីនៅក្នុងប្រទេសបូករួមជាមួយនឹងគោលនយោបាយដ៏តឹងរឹងរបស់រដ្ឋនិងគ្រោះរាំងស្ងួតបានធ្វើឱ្យកើតមាននូវគ្រោះទុរ្ភិក្សដ៏ធំនៅរវាងឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៣៣។ មនុស្សប្រមាណពី ២ ទៅ ៣ លាននាក់បានក្ស័យជីវិតនៅក្នុងគ្រោះទុរ្ភិក្សមួយនេះ។ ជាមួយគ្នានេះដែរ សូវៀតបានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើកសិកម្មទៅជាប្រទេសឧស្សាហកម្មក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

                                     

2.9. ប្រវត្តិសាស្ត្រ សង្គ្រាមលោកលើកទី២

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ណាស៊ីបានហែកចោលនូវសន្ធិសញ្ញាមិនឈ្លានពានរវាងខ្លួននិងសូវៀតហើយបានបញ្ជាឱ្យទ័ពដ៏ធំអស្ចារ្យរបស់ខ្លួនចូលឈ្លានពានសហភាពសូវៀត។ នៅក្នុងដំណើរឈ្លានពាននេះ អាល្លឺម៉ង់បានបង្កើតផែនការមួយដែលមានឈ្មោះថាផែនការស្រេកឃ្លានដោយពួកអាល្លឺម៉ង់បានរឹបអូសស្បៀងអាហារទាំងអស់ពីប្រជាជនសូវៀត។ ត្រឹមរយៈពេល ៨ ខែក្រោយការចូលឈ្លានពានដំបូងប៉ុណ្ណោះ ពួកអាល្លឺម៉ង់បានចាប់និងសម្លាប់ឈ្លើយសង្គ្រាមសូវៀតអស់ប្រមាណបីលាននាក់នៅរវាងឆ្នាំ១៩៤១–៤២។ ពីដំបូងៗ យុទ្ធសាស្ត្រវែរម៉ាកត៍គឺទទួលបានផលសម្រេចដូចអ្វីៗដែលខ្លួនគ្រោងទុកមែនប៉ុន្តែដំណើរឈ្លានពានរបស់ពួកគេត្រូវបានជាប់គាំងនៅឯសមរភូមិម៉ូស្គូ។ ក្រោយៗមកទៀត អាល្លឺម៉ង់ត្រូវទទួលរងការបរាជ័យដ៏ធំលើកទីមួយរបស់ខ្លួននៅក្នុងសមរភូមិស្តាលីនក្រាដនៅឆ្នាំ១៩៤២–៤៣ ហើយម្តងទៀតនៅក្នុងសមរភូមិគួស្ក៍នៃឆ្នាំ១៩៤៣។ ការបរាជ័យមួយទៀតរបស់អាល្លឺម៉ង់គឺការឡោមព័ទ្ធទីក្រុងលេនីនក្រាដដោយទីក្រុងរុស្ស៊ីមួយនេះត្រូវបានកងកម្លាំងអាល្លឺម៉ង់និងហ្វាំងឡង់កាត់ផ្តាច់ប្រព័ន្ធគមនាគមន៍ផ្លូវគោកដោយទុកឱ្យប្រជាជនរុស្ស៊ីរាប់លាននាក់ស្រេកឃ្លាននិងស្លាប់ជាងមួយលាននាក់ប៉ុន្តែទោះជាយ៉ាងណា ពួកគេនូវតែមិនព្រមចុះចាញ់។ ក្រោមរដ្ឋបាលលោកស្តាលីននិងភាពដឹកនាំដ៏ឈ្លាសវៃរបស់លោកចចជី ហ្ស៊ូកូវនិងកូនស្តង់ទីន រ៉ូកូសូវស្គី កងទ័ពសូវៀតបានវាយបកលើកម្លាំងអាល្លឺម៉ង់វិញហើយបានរុញច្រានពួកអាល្លឺម៉ង់ចេញពីទឹកដីអឺរ៉ុបខាងកើតនៅក្នុងឆ្នាំ១៩៤៤–៤៥ និងបានទៅដល់រដ្ឋធានីប៊ែរឡាំងនៅខែឧសភា ឆ្នាំ១៩៤៥។ នៅខែសីហា ឆ្នាំ១៩៤៥ កងទ័ពសូវៀតបានបណ្តេញកងកម្លាំងជប៉ុនចេញពីទឹកដីម៉ាន់ជូគួររបស់ប្រទេសចិននិងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េ។

ជនជាតិរុស្ស៊ីបានសម្តៅលើសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤១–៤៥ ថា"មហាសង្គ្រាមស្នេហាជាតិ"។ សហភាពសូវៀតជាមួយនឹងសហរដ្ឋអាមេរិក សហរាជាណាចក្រ និងចិនត្រូវបានគេចាត់ទុកថាជាមហាយក្សទាំង៤ នៃមហាអំណាចសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ហើយក្រោយមកទៀត មហាអំណាចទាំងបួកក៏ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅក្នុងសង្គ្រាមដែលសម្បូរទៅដោយប្រតិបត្តិការយោធាដ៏សាហាវជាច្រើននេះ ចំនួនមរណភាពរបស់ជនស៊ីវិលនិងយោធាសូវៀតមានរហូតទៅដល់ ២៣ លាននាក់ដែលស្មើនឹងមួយភាគបីនៃចំនួនឧបទ្ទវហេតុសរុបនៅក្នុងសង្គ្រាម។ សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធសូវៀតត្រូវទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលជាហេតុបណ្តាលឱ្យមានគ្រោះទុរ្ភិក្សនៅឆ្នាំ១៩៤៦–៤៧ ប៉ុន្តែទោះជាយ៉ាងណា សូវៀតនូវតែលេចឡើងជាប្រទេសមហាអំណាចនៅឆ្នាំបន្ទាប់ៗ។



                                     

2.10. ប្រវត្តិសាស្ត្រ សង្គ្រាមត្រជាក់

ក្រោយពីសង្គ្រាមបានបញ្ចប់ តំបន់អឺរ៉ុបខាងលិចនិងកណ្តាលដូចជា អាល្លឺម៉ង់ខាងកើតនិងផ្នែកខ្លះនៃប្រទេសអូទ្រីសគឺកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពក្រហមបើយោងទៅតាមសន្និសីទទីក្រុងផតស៍ដាម។ រដ្ឋាភិបាលសង្គមនិយមត្រូវបានតម្លើងនៅតាមរដ្ឋរណបប្លុកខាងលិចទាំងនោះដោយសូវៀត។ បន្ទាប់ពីបានក្លាយជាមហាអំណាចអាវុធនុយក្លេអ៊ែរទី២ នៅលើពិភពលោក សហភាពសូវៀតបានចាត់បង្កើតសម្ព័ន្ធភាពកតិកាសញ្ញាវ៉ាសូរីហើយបន្តចូលរួមក្នុងចលនាដើម្បីត្រួតត្រាពិភពលោក ដោយឥទ្ធិពល ដោយមានសហរដ្ឋអាមេរិកនិងណាតូជាគូប្រជែង។

ក្រោយពីមរណភាពរបស់ស្តាលីន មេដឹកនាំថ្មីឈ្មោះនីគីតា គ្រូឆេវបានឡើងនិយាយប្រឆាំងរបបស្តាលីននិងចេញគោលនយោបាយថ្មីគឺអស្តាលីននីយកម្ម។ ប្រព័ន្ធការងារព្រហ្មទណ្ឌត្រូវបានធ្វើកំណែទម្រង់ហើយអ្នកទោសជាច្រើនត្រូវបានដោះលែងនិងស្តារនីតិសម្បទាឡើងវិញ។ ជាមួយគ្នានេះដែរ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកគឺកាន់តែមានសម្ពាធធ្ងន់ឡើងនៅពេលដែលអាមេរិកបានបញ្ឈរមីស៊ីលរបស់ខ្លួននៅតួកគីខណៈដែលសូវៀតបានបញ្ឈរមីស៊ីលខ្លួននៅគុយបា។

នៅឆ្នាំ១៩៥៧ សហភាពសូវៀតបានបង្ហោះផ្កាយរណបដំបូងបង្អស់ពីពិភពលោកគឺស្ពុតនីគ ១, សម័យអវកាសក៏បានចាប់ផ្តើមពីពេលនោះមក។ អវកាសចររុស្ស៊ីឈ្មោះយូរី ហ្គាហ្គារីនគឺជាមនុស្សដំបូងដែលបានធ្វើដំណើរគោចរជុំវិញផែនដីដោយជិះលើយានអវកាសឈ្មោះវ៉ូស្តុក ១ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។ បន្ទាប់គ្រូឆេវចុះចេញពីតំណែងនៅក្នុងឆ្នាំ១៩៦៤ លោកឡេអូនីត ប្រេស្នេវបានឡើងកាន់អំណាចបន្ត។ ចាប់ពីអំឡុងដើមទស្សវត្ត១៩៧០ ដល់ដើមទស្សវត្ត១៩៨០ សូវៀតត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលគេសម្តៅមកលើវេលានេះថាសម័យកាលជាប់គាំង ពោលគឺជាសម័យដែលកំណើនសេដ្ឋកិច្ចសូវៀតចាប់ផ្តើមធ្លាក់ចុះហើយគោលនយោបាយសង្គមប្រែជាឋិតិវន្ត។ កំណែទម្រង់កូស៊ីជីនឆ្នាំ១៩៦៥ មានគោលបំណងធ្វើវិមជ្ឈការមួយផ្នែកនៃសេដ្ឋកិច្ចសូវៀត និងផ្លាស់ប្តូរពីប្រទេសដែលផ្តោតលើឧស្សាហកម្មធន់ធ្ងន់និងគ្រឿងអាវុធទៅជាប្រទេសឧស្សាហកម្មធន់ស្រាលនិងផ្តោតលើការផ្តល់ទំនិញប្រើប្រាស់ទៅដល់ប្រជាជនវិញប៉ុន្តែវាត្រូវបានរារាំងដោយថ្នាក់ដឹកនាំកុម្មុយនិស្តអភិរក្ស។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីមានព្រឹត្តិការណ៍បដិវត្តន៍កុម្មុយនិស្តនៅអាហ្វកានីស្ថាន សហភាពសូវៀតបានបញ្ជាឱ្យកងកម្លាំងខ្លួនចូលឈរជើងក្នុងប្រទេសនោះ។ ការចូលកាន់កាប់នេះបានធ្វើឱ្យធនធានសេដ្ឋកិច្ចសូវៀតធ្លាក់ចុះជាលំដាប់ហើយបានអូសបន្លាយដោយមិនទទួលបានលទ្ធផលនយោបាយអ្វីសោះ។ ទីបំផុត កងទ័ពសូវៀតក៏បានដកថយចេញពីអាហ្វកានីស្ថាននៅឆ្នាំ១៩៨៩ ដោយសារតែមានការប្រឆាំងច្រើនពីអន្តរជាតិ សង្គ្រាមទ័ពព្រៃដ៏ពិបាកទប់ទល់ និងខ្វះខាតការគាំទ្រពីប្រជាពលរដ្ឋសូវៀត។

ចាប់ពីឆ្នាំ១៩៨៥ តទៅ មេដឹកនាំសូវៀតចុងក្រោយគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានខិតខំព្យាយាមធ្វើកំណែទម្រង់សេរីភាពនៅក្នុងប្រព័ន្ធដឹកនាំសូវៀតដោយបានណែនាំនូវគោលនយោបាយពីរសំខាន់ៗគឺ ក្លាណូស បើកចំហរ និងប៉េរេស្ត្រយកា កសាងរចនាសម្ព័ន្ធឡើងវិញ ក្នុងគោលបំណងចង់បញ្ចប់នូវភាពជាប់គាំងនៃសេដ្ឋកិច្ច និងធ្វើប្រជាធិបតេយ្យូបនីយកម្មក្នុងរដ្ឋាភិបាល។ ប៉ុន្តែសកម្មភាពទាំងនេះបាននាំឱ្យកើតមានចលនាជាតិនិយមនិងចលនាបំបែកគ្នាទៅវិញ។ មុនឆ្នាំ១៩៩១ សេដ្ឋកិច្ចសូវៀតគឺជាសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក ប៉ុន្តែនៅឆ្នាំចុងក្រោយ វាបានទទួលរងនូវការខ្វះខាតទំនិញផលិតផល ឱនភាពថវិកា និងការផ្ទុះឡើងនៃការផ្គត់ផ្គង់ប្រាក់ដែលបង្កឱ្យមានអតិផរណា។

នៅឆ្នាំ១៩៩១ ភាពចលាចលផ្នែកសេដ្ឋកិច្ចនិងនយោបាយបានចាប់ផ្តើមពុះកញ្ជ្រោលនៅពេលដែលរដ្ឋបាលទិកបានជ្រើសរើសផ្តាច់ខ្លួនចេញពីសហភាពសូវៀត។ នៅថ្ងៃទី១៧ ខែមីនា ប្រជាមតិមួយបានប្រព្រឹត្តិធ្វើឡើងហើយជាលទ្ធផល ប្រជាជនដែលចូលរួមភាគច្រើនបានបោះឆ្នោតផ្លាស់ប្តូរសហភាពសូវៀតទៅជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដោយសមាជិកក្នុងរដ្ឋាភិបាលហ្គ័របាឆូវដើម្បីប្រឆាំងនឹងគោលបំណងរក្សាសហភាពសូវៀតរបស់ហ្គ័របាឆូវប៉ុន្តែផ្ទុយទៅវិញ វាបែរជានាំឱ្យបក្សកុម្មុយនិស្តសូវៀតដួលរលំ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀតត្រូវបានរំលាយទៅជារដ្ឋចំនួន ១៥។

                                     

2.11. ប្រវត្តិសាស្ត្រ រុស្ស៊ីសម័យ ១៩៩១–បច្ចុប្បន្ន

នៅខែមិថុនា ឆ្នាំ១៩៩១ លោកបូរីស យែលស៊ីនបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រប្រទេសរុស្ស៊ីបន្ទាប់ពីលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ី។ ការដួលរលំផ្នែកសេដ្ឋកិច្ចនិងនយោបាយនៃសហភាពសូវៀតបានបណ្តាលឱ្យមានវិបត្តិឱនភាពយ៉ាងយូរហើយផលិតផលក្នុងស្រុកសរុបនិងសេដ្ឋកិច្ចត្រូវទទួលរងការថយចុះ ៥០% នៅរវាងឆ្នាំ១៩៩០ និងឆ្នាំ១៩៩៥។ នៅអំឡុងពេលនិងក្រោយពេលបែកបាក់សហភាពសូវៀត កំណែទម្រង់ជាច្រើនត្រូវបានប្រព្រឹត្តិធ្វើឡើងដោយមានដូចជា ការធ្វើឯកជនភាវូបនីយកម្ម និងការធ្វើសេរីភាវូបនីយកម្មទីផ្សារនិងពាណិជ្ជកម្ម។

ការធ្វើឯកជនភាវូបនីយកម្មភាគច្រើនបានផ្លាស់ប្តូរការគ្រប់គ្រងសហគ្រាសពីទីភ្នាក់ងាររបស់រដ្ឋទៅជាការគ្រប់គ្រងដោយបុគ្គលដែលមានទំនាក់ទំនងនៅខាងក្នុងជួររដ្ឋាភិបាល។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចបានបណ្តាលឱ្យមានការដួលរលំនៃសេវាកម្មសង្គម អត្រាកំណើតបានធ្លាក់ចុះខណៈពេលដែលអត្រាមរណភាពបានកើនឡើងខ្ពស់ដូចភ្នំ។ ពលរដ្ឋរាប់លាននាក់បានធ្លាក់ខ្លួនក្នុងសភាពក្រីក្រដោយអត្រាជនក្រីក្របានកើនពី ១.៥% នៅក្នុងសម័យសូវៀតទៅ ៣៩–៤៩% នៅពាក់កណ្តាលឆ្នាំ១៩៩៣។ នៅទស្សវត្ត១៩៩០ គេឃើញមានកំណើនអំពើពុករលួយបូករួមទាំងកំណើននៃក្រុមឧក្រិដ្ឋជននិងអំពើឧក្រិដ្ឋកម្មហិង្សា។

នៅចុងឆ្នាំ១៩៩៣ ភាពតានតឹងរវាងប្រធានាធិបតីយែលស៊ីននិងសភារុស្ស៊ីបាននាំឱ្យកើតមាននូវវិបត្តិរដ្ឋធម្មនុញ្ញ។ នៅក្នុងព្រឹត្តិការណ៍នេះ លោកយែលស៊ីនបានទទួលការគាំទ្រឥតឈប់ឥតឈរពីរដ្ឋាភិបាលលោកខាងលិចហើយមនុស្សចំនួន ១០០ នាក់ត្រូវបានស្លាប់ជាលទ្ធផល។ នៅខែធ្នូ ប្រជាមតិមួយត្រូវបានធ្វើឡើងដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលផ្តល់អំណាចផ្តាច់មុខទៅឱ្យប្រធានាធិបតី។

ប្រទេសរុស្ស៊ីបានសម្រេចទទួលខុសត្រូវក្នុងការដោះស្រាយបំណុលខាងក្រៅរបស់សហភាពសូវៀតទោះបីជាប្រជាជនខ្លួនមានចំនួនត្រឹមតែពាក់កណ្តាលនៃចំនួនសរុបរបស់សហភាពសូវៀតខណៈពេលរំលាយក៏ដោយ។ នៅឆ្នាំ១៩៩២ ការគ្រប់គ្រងតម្លៃអ្នកប្រើប្រាស់ភាគច្រើនត្រូវបានគេលុបបំបាត់ដែលបណ្តាលឱ្យមានកំណើនអតិផរណាខ្ពស់ហើយតម្លៃលុយរូបបានធ្លាក់ចុះយ៉ាងខ្លាំង។ ដោយសារតែការធ្លាក់ចុះនៃតម្លៃលុយរូបនេះហើយទើបរដ្ឋាភិបាលរុស្ស៊ីមានការលំបាកក្នុងការសងបំណុលទៅឱ្យម្ចាស់បំណុលក្នុងប្រទេសក៏ដូចជាស្ថាប័នអន្តរជាតិដែរដូចមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម។ រដ្ឋាភិបាលរុស្ស៊ីបានព្យាយាមអនុម័តគម្រោងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតែទោះជាយ៉ាងណាប្រាក់បំណុលប្រទេសជាតិនូវតែកើនឡើងរហូតដល់លើសផលិតផលក្នុងស្រុកសរុបទៀតផង។ ឱនភាពថវិកាខ្ពស់គួបផ្សំនឹងកំណើនដើមទុននិងអសមត្ថភាពក្នុងការសងបំណុលបាបបណ្តាលឱ្យមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៨ ហើយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ។

                                     

2.12. ប្រវត្តិសាស្ត្រ សម័យពូទីន

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ លោកប្រធានាធិបតីយែលស៊ីនបានលាលែងពីតំណែងជាប្រធានាធិបតីដោយបានប្រគល់អំណាចទៅឱ្យនាយករដ្ឋមន្រ្តីដែលទើបតែបានតែងតាំងថ្មីៗគឺលោកវ្លាឌឺមៀរ ពូទីន។ បន្ទាប់មក ពូទីនបានបន្តជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០០ និងបានបង្ក្រាបកុបកម្មរបស់ពួឆេឆិន។ ជាលទ្ធផលនៃតម្លៃប្រេងឡើងខ្ពស់ កំណើនវិនិយោគបរទេស ហើយនិងគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសារពើពន្ធ, សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាដែលធ្វើឱ្យកម្រិតជីវភាពប្រជាជននីមួយៗមានភាពប្រសើរឡើងនិងបង្កើនឥទ្ធិពលរបស់រុស្ស៊ីលើឆាកពិភពលោក។ លោកពូទីនបានបន្តជាប់ឆ្នោតជាប្រធានាធិបតីជាលើកទី២ នៅក្នុងឆ្នាំ២០០៤។ សេដ្ឋកិច្ចប្រទេសរុស្ស៊ីបានជាប់គាំងនៅក្នុងឆ្នាំ២០០៩ បន្ទាប់ពីមានព្រឹត្តិការណ៍វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងការធ្លាក់ចុះនៃតម្លៃប្រេងកាត។ នៅរវាងឆ្នាំ២០១០ និងឆ្នាំ២០១៣ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងម្តងទៀតរហូតដល់ការធ្លាក់ចុះនៃតម្លៃប្រេងកាតបូករួមទាំងទណ្ឌកម្មអន្តរជាតិបន្ទាប់ពីរុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមៀ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបណ្តាលឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែវាបានស្ទុះងើបឡើងម្តងទៀតនៅឆ្នាំ២០១៦ ហើយតំហយសេដ្ឋកិច្ចបានបញ្ចប់ជាផ្លូវការ។ ប្រទេសមួយចំនួនបានចោតប្រកាន់ថាកំណែទម្រង់នៅសម័យពូទីនគឺមាននិន្នាការណ៍ឆ្ពោះទៅរកភាពផ្តាច់ការប៉ុន្តែការស្តារសណ្តាប់ធ្នាប់ ស្ថេរភាព និងវិបុលភាពជូនប្រទេសជាតិឡើងវិញបានធ្វើឱ្យពូទីនក្លាយជាបុគ្គលដឹកនាំដ៏ឆ្នើមនិងពេញនិយមម្នាក់សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៨ លោកឌីមីទ្រី ម៉េដវេដេវត្រូវបោះឆ្នោតក្លាយជាប្រធានាធិបតីរុស្ស៊ីខណៈពេលដែលពូទីនក្លាយជានាយករដ្ឋមន្ត្រី។ រដ្ឋធម្មនុញ្ញរុស្ស៊ីបានរារាំងពូទីនមិនឱ្យបម្រើការជាប្រធានាធិបតីលើសពីពីរអាណត្តិ។ ពូទីនបានត្រឡប់មកធ្វើជាប្រធានាធិបតីវិញបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១២ ចំណែកឯម៉េដវេដេវបានត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។ បណ្តាញផ្សព្វផ្សាយបរទេសជាច្រើនបានសម្តៅលើការផ្លាស់ប្តូរតំណែងនេះថា"ការដឹកនាំឆ្លាស់គ្នា"។ អ្នកវិភាគជាច្រើនបានរិះគុណពូទីនហើយបានបន្ថែមថាសេចក្តីសម្រេចទាំងអស់របស់រដ្ឋាភិបាលរុស្ស៊ីគឺស្ថិតនៅក្រោមពូទីនទាំងអស់។ ការបោះឆ្នោតសភារុស្ស៊ីឆ្នាំ២០១១ ត្រូវបានគេចោទប្រកាន់ថាមានការក្លែងបន្លំសន្លឹកឆ្នោតដែលជាហេតុបណ្តាលឱ្យមានបាតុកម្មដ៏ធំនៅឆ្នាំ២០១២។

នៅឆ្នាំ២០១៤ មានបដិវត្តន៍មួយបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែនដែលជាហេតុនាំឱ្យប្រធានាធិបតីអ៊ុយក្រែនលោកវីកទ័រ​ យ៉ានូកូវិចរត់ចេញពីប្រទេស ឃើញដូច្នេះលោកពូទីនក៏បានស្នើសុំហើយទទួលបានការអនុញ្ញាតពីសភារុស្ស៊ីក្នុងការដាក់ពង្រាយកងទ័ពខ្លួននៅអ៊ុយក្រែនដែលនាំទៅដល់ការកាន់កាប់តំបន់គ្រីមៀ។ បន្ទាប់ពីប្រជាមតិគ្រីមៀដែលប្រជាជនភាគច្រើនបានបោះឆ្នោតចេញពីអ៊ុយក្រែន ថ្នាក់ដឹកនាំរុស្ស៊ីបានប្រកាសកាត់តំបន់គ្រីមៀដាក់ចូលជាផ្នែកនៃសហព័ន្ធរុស្ស៊ីទោះជាប្រជាមតិនោះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក្តី។ ជាលទ្ធផលនៃការបញ្ចូលទឹកដីគ្រីមៀ ប្រទេសលោកខាងលិចជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីដូចជាទណ្ឌកម្មពាណិជ្ជកម្ម និងវិនិយោគជាដើម។

នៅខែកញ្ញា ឆ្នាំ២០១៥ រុស្ស៊ីបានលូកដៃចូលក្នុងសង្គ្រាមស៊ីវិលស៊ីរីដោយបានគាំទ្ររដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមមានដូចជា រដ្ឋអ៊ីស្លាម រណសិរ្សអាល់-នូស្សរ៉ា អាល់កៃដា កងទ័ពសញ្ជ័យ និងក្រុមបក្សពួកតូចៗមួយចំនួនទៀត។

នៅឆ្នាំ២០១៨ ពូទីនបានជាប់ឆ្នោតជាប្រធានាធិបតីលើកទីបួន។ នៅខែមករា ឆ្នាំ២០២០ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ីត្រូវបានស្នើឡើងហើយចូលជាធរមាននៅក្នុងខែកក្កដាបន្ទាប់ពីការបោះឆ្នោតជាតិ ដែលអនុញ្ញាតឱ្យលោកពូទីនឈរឈ្មោះជាប្រធានាធិបតីនៅរយៈពេល ៦ ឆ្នាំខាងមុខបន្ថែមទៀតបន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកចប់។ ការបោះឆ្នោតដំបូងត្រូវបានកំណត់ពេលសម្រាប់ខែមេសាប៉ុន្តែវាត្រូវបានពន្យារវិញដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរុស្ស៊ី។

                                     

3. ​នយោបាយ

យោង​តាម​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​ដំណើរការ​ដោយ​ការ​បោះឆ្នោត​ប្រជាមតិកាលពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បន្ទាប់​ពី​វិបត្តិ​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ មក រុស្ស៊ី​គឺជា​សហព័ន្ធ និង​មាន​ទម្រង់​ជា​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​និយម ដែល​ប្រធានាធិបតី​ជា​ប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល​។ សហព័ន្ធ​រុស្ស៊ីមាន​ទម្រង់​មូលដ្ឋាន​ជា​ប្រជាធិបតេយ្យ​មាន​អ្នក​តំណាង​។ អំណាចនីតិប្រតិបត្តិ ត្រូវ​បាន​ទទួល​ខុសត្រូវដោយ​រដ្ឋាភិបាល​។ រដ្ឋាភិបាលត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តម្លាភាព ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​សហព័ន្ធ​រុស្ស៊ី ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស និង​ជា​កិច្ចសន្យា​សង្គមសម្រាប់​ប្រជាជន​នៃ​សហព័ន្ធ​រុស្ស៊ី​។

អំណាច​របស់​សហព័ន្ធ​មាន​បី​ស្ថាប័ន​គឺ៖

  • ស្ថាប័ន​យុត្តិធម៌៖ តុលាការ​ធម្មនុញ្ញ តុលាការ​កំពូល តុលាការ​កំពូល​មជ្ឈត្តវិនិច្ឆ័យ និង​តុលាការ​សហព័ន្ធ​ថ្នាក់​ទាប​ជាច្រើន​ទៀត ចៅក្រម ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សហព័ន្ធ ដោយ​មាន​សំណើ​ពី​ប្រធានាធិបតី មាន​នាទី​បកស្រាយ​ច្បាប់ និង​អាច​បដិសេធ​ច្បាប់​ណា ដែល​យល់​ឃើញ​ថា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។
  • ស្ថាប័ន​នីតិប្បញ្ញត្តិ៖ មាន​សភា​ចំនួន​គឺ សភា​ឌូម៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ សម្រាប់​អនុម័ត​ច្បាប់ ប្រកាសសង្គ្រាម ឱ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ផ្សេង​ៗ មាន​អំណាច​ក្នុង​អនុម័ត​កញ្ចប់​ថវិកា និង​អំណាច​ចោទប្រកាន់ ដែល​អាច​ឈាន​ទៅ​ដក​ប្រធានាធិបតី​បាន​។
  • ស្ថាប័ន​នីតិប្រតិបត្តិ៖ ប្រធានាធិបតី​គឺជា​ប្រមុខ​កងទ័ព មាន​សិទ្ធិ​ច្រានចោល​រាល់​ពង្រាង​ច្បាប់​ដែល​អនុម័ត​ដោយ​សភា មុន​ពេល​ក្លាយ​ជា​ច្បាប់ និង​តែងតាំង​គណៈរដ្ឋមន្ត្រី ព្រមទាំង​មន្ត្រី​ដទៃ​ទៀត ដែល​គ្រប់គ្រង និង​ប្រតិបត្តិ​ច្បាប់ និង​នយោបាយ​សហព័ន្ធ​។
                                     

3.1. ​នយោបាយ បំណែងចែករដ្ឋបាលនយោបាយ

អង្គភាពធម្មនុញ្ញ

យោងទៅតាមរដ្ឋធម្មនុញ្ញ ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញចំនួន ៨៥។ នៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីបានអនុម័ត ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញសរុបចំនួន ៨៩ តែក្រោយៗមកអង្គភាពធម្មនុញ្ញខ្លះត្រូវបានបញ្ចូលចូលគ្នា។ អង្គភាពទាំងនេះមានអ្នកតំណាងស្មើៗគ្នា ពោលគឺប្រតិភូចំនួនពីរៗនាក់ នៅក្នុងក្រុមប្រឹក្សាសហព័ន្ធ។ ប៉ុន្តែកម្រិតស្វ័យភាពរបស់អង្គភាពនីមួយៗគឺខុសគ្នា។

  • សាធារណរដ្ឋ ចំនួន ២២៖ ជាធម្មតាគឺមានស្វ័យភាពដោយសាធារណរដ្ឋនីមួយៗមានភារកិច្ចពង្រាងរដ្ឋធម្មនុញ្ញរៀងៗខ្លួន បោះឆ្នោតជ្រើសរើសប្រមុខនៃសាធារណរដ្ឋឬតំណែងស្រដៀងៗ និងសភាខ្លួនផ្ទាល់។ សាធារណរដ្ឋនីមួយៗគឺអនុញ្ញាតឱ្យមានភាសាផ្លូវការផ្ទាល់ៗខ្លួនជាមួយនឹងភាសារុស្ស៊ីតែក្នុងករណីកិច្ចការអន្តរជាតិពួកគេនឹងត្រូវតំណាងដោយរដ្ឋាភិបាលសហព័ន្ធ។ សាធារណរដ្ឋគឺត្រូវជាទឹកដីឬទីកំណើតរបស់ក្រុមជនជាតិភាគតិចណាមួយ។
  • អូគ្រូកស្វយ័តចំនួន ៤៖ ដើមឡើយគឺជាអង្គភាពស្វយ័តស្ថិតនៅក្នុងអូប្លាសឬក្រៃដែលបង្កើតឡើងសម្រាប់បញ្ជាក់ឬសម្គាល់ពីទឹកដីជនជាតិភាគតិចណាមួយ។ លើកលែងតែអូគ្រូតស្វយ័តឈូកុត្កា អូគ្រូកទាំងអស់គឺស្ថិតនៅក្រោម/ក្នុងក្រៃឬអូប្លាស។
  • អូប្លាស ខេត្ត ចំនួន ៤៦៖ មានអភិបាលនិងអង្គនីតិប្បញ្ញត្តិដែលបានជ្រើសរើសក្នុងមូលដ្ឋាន។
  • អូប្លាសស្វយ័តចំនួន ១ គឺអូប្លាសស្វយ័តជ្វីហ្វ៖ ក្នុងប្រវត្តិសាស្ត្រ វាគឺជាអង្គភាពរដ្ឋបាលក្រោមក្រៃ។ នៅឆ្នាំ១៩៩០ ក្រៃទាំងអស់ត្រូវបានតម្លើងទៅជាសាធារណរដ្ឋលើកលែងតែអូប្លាសស្វយ័តជ្វីហ្វ។
  • ទីក្រុងសហព័ន្ធចំនួន ៣៖ មានទីក្រុងម៉ូស្គូ សង់ពីទ័របួរ និងសេវ៉ាស្តូប៉ូល។ ទីក្រុងទាំងបីមានមុខងារជាតំបន់ដាច់ដោយឡែកពីបំណែងចែករដ្ឋបាលដទៃទៀត។
  • ក្រៃ ដែនដី ចំនួន ៩៖ មានលក្ខណៈដូចនឹងអូប្លាសដែរ។ ពាក្យថា"ដែនដី"គឺច្រើនប្រើនៅក្នុងប្រវត្តិសាស្ត្រដោយដើមឡើយឈ្មោះថា ក្រៃ គឺសម្តៅលើតំបន់ជាប់ព្រំដែនហើយក្រោយមកគឺជាបំណែងចែករដ្ឋបាលដែលចែកចេញជាអូគ្រូកស្វយ័តនិងអូប្លាសស្វយ័ត។
ស្រុកសហព័ន្ធ

អង្គភាពធម្មនុញ្ញគឺបែងចេញជាស្រុកសហព័ន្ធចំនួន ៨ ក្រុមដោយក្រុមនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេសកទូតដែលតែងតាំងដោយប្រធានាធិបតីរុស្ស៊ី។ ខុសពីអង្គភាពធម្មនុញ្ញ ស្រុកសហព័ន្ធមិនមែនជាកម្រិតរដ្ឋបាលថ្នាក់ក្រោមជាតិទេតែជាកម្រិតរដ្ឋបាលនៃរដ្ឋាភិបាលសហព័ន្ធ។

                                     

3.2. ​នយោបាយ ទំនាក់ទំនងបរទេស

គិតត្រឹមឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសដែលមានបណ្តាញការទូតធំជាងគេលំដាប់ថ្នាក់ទីប្រាំនៅលើពិភពលោក។ រុស្ស៊ីមានទំនាក់ទំនងការទូតជាមួយរដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន១៩០ រដ្ឋមានការទទួលស្គាល់តិចតួចចំនួនពីរ និងរដ្ឋសង្កេតការណ៍អង្គការសហប្រជាជាតិចំនួនបីដោយមានស្ថានទូតសរុបដល់ទៅ១៤៤។ រុស្ស៊ីគឺជារដ្ឋមហាអំណាចសន្តាកុពលនិងជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រុស្ស៊ីក៏ជាសមាជិកនៃ G20 ក្រុមប្រឹក្សាអឺរ៉ុប អង្គការដើម្បីសន្តិសុខ​ និងសហ​ប្រតិបត្តិការ​នៅអឺរ៉ុប វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិកផងដែរហើយត្រូវជាសមាជិកនាំមុខនៃសហគមន៍នៃរដ្ឋឯករាជ្យ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី អង្គការសន្ធិសញ្ញាសន្តិសុខរួម អង្គការសហប្រតិបត្តការសៀងហៃ និងប៊្រីកស៍

នៅក្នុងសតវត្សទី២១ ទំនាក់ទំនងចិន-រុស្ស៊ីបានចាប់ពង្រឹងឡើងយ៉ាងខ្លាំង។ ជាមួយនឹងសន្ធិសញ្ញាមិត្តភាព និងការអភិវឌ្ឍអាជីវកម្មប្រេងកាត ទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានឈានចូលដល់ស្ថានភាពពិសេសមួយ។ ប្រទេសឥណ្ឌាគឺជាអតិថិជនគ្រឿងសព្វាវុធធំបំផុតរបស់ប្រទេសរុស្ស៊ីហើយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយុទ្ធសាស្ត្រនិងការទូតដ៏រឹងមាំតាំងពីដំបូងមកម្លេះ។

                                     

3.3. ​នយោបាយ យោធា

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានបែងចែកជា កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអវកាស។ រុស្ស៊ីក៏មានសេវាប្រដាប់អាវុធឯករាជ្យចំនួនពីរផងដែរគឺ កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ និងកងកម្លាំងជើងអាកាស។ គិតត្រឹមឆ្នាំ២០១៩ យោធារុស្ស៊ីមានទាហានសកម្មជិតមួយលាននាក់ដែលជាប់ចំណាត់ថ្នាក់ទីបួននៅលើពិភពលោក។ លើសពីនេះ រុស្ស៊ីមានទ័ពបម្រុងច្រើនជាង ២,៥ លាននាក់ហើយចំនួនសរុបនៃកងទ័ពបម្រុងអាចនឹងមានដល់ទៅ ២០ លាននាក់ឯណោះ។ វាគឺជាកាតព្វកិច្ចរបស់បុរសជនជាតិរុស្ស៊ីទាំងឡាយដែលមានអាយុពី ១៨–២៧ ឆ្នាំក្នុងការចូលបម្រើក្នុងជួរកងកម្លាំងប្រដាប់អាវុធរយៈពេលមួយឆ្នាំ។

បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសដែលមានឥទ្ធិពលយោធាខ្លាំងបំផុតទីពីរនៅលើពិភពលោកហើយជារដ្ឋមួយក្នុងចំណោមរដ្ឋនុយក្លេអ៊ែរទាំងប្រាំ និងជារដ្ឋដែលមានស្តុកអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ជាងពាក់កណ្តាលនៃអាវុធនុយក្លេអ៊ែរសរុបប្រមាណ ១៤,០០០ នៅលើពិភពលោកជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី។ ប្រទេសនេះគឺជាម្ចាស់នាវាមុជទឹកមីស៊ីលបាលីស្ទីកធំជាងគេទីពីរហើយជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួនបីប៉ុណ្ណោះដែលមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រហើយមិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីគឺជារដ្ឋដែលមានកងកម្លាំងជើងគោកច្រើន/ខ្លាំងបំផុតលើលោក កម្លាំងជើងអាកាសខ្លាំងបំផុតទីពីរ និងកម្លាំងជើងទឹកខ្លាំងបំផុតទីបី។ រុស្ស៊ីគឺជាប្រទេសដែលចំណាយថវិកាលើយោធាខ្ពស់បំផុតទីបួនដោយបានចំណាយប្រាក់ចំនួន ៦៥,១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩។ រុស្ស៊ីមានឧស្សាហកម្មយោធាដ៏ធំដោយអាវុធភាគច្រើនរបស់ខ្លួនគឺសុទ្ធតែផលិតនៅក្នុងស្រុកទាំងអស់។ ក្នុងឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសនាំចេញអាវុធធំជាងគេលំដាប់ទីបីនៅលើពិភពលោកដោយនៅពីក្រោយសហរដ្ឋអាមេរិក និងចិន។

                                     

3.4. ​នយោបាយ សិទ្ធិមនុស្ស និងអំពើពុករលួយ

ការគ្រប់គ្រងសិទ្ធិមនុស្សនៅប្រទេសរុស្ស៊ីត្រូវបានទទួលរងការរិះគន់កាន់តែខ្លាំងឡើងៗ ពីបណ្តាប្រទេសប្រជាធិបតេយ្យនិងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។ ជាពិសេសគឺអង្គការមួយចំនួនដូចជា អង្គការលើកលែងទោសអន្តរជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សដោយអង្គការទាំងនេះបានចាត់ទុករុស្ស៊ីថាជាប្រទេសដែលមិនមានលក្ខណៈប្រជាធិបតេយ្យពេញលេញនិងផ្តល់សិទ្ធិនយោបាយនិងសេរីភាពស៊ីវិលតិចតួចណាស់ដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០០៤ មកអង្គការ Freedom House បានដាក់ប្រទេសរុស្ស៊ីនៅក្នុងចំណាត់ថ្នាក់"គ្មានសេរីភាព"នៃការស្ទង់មតិ សេរីភាពនៅលើពិភពលោក របស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០១១ មកអង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានដាក់ចំណាត់ថ្នាក់រុស្ស៊ីក្នុង"របបផ្តាច់ការ"នៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យរបស់ខ្លួនដោយឈរនៅលំដាប់ទី ១២៤ ក្នុងចំណោមប្រទេសចំនួន ១៦៧ នៃឆ្នាំ២០២០។

យោងទៅតាម Transparency International គេបានវាយតម្លៃប្រទេសរុស្ស៊ីទាបបំផុតនៅក្នុងសន្ទស្សន៍សញ្ញាក្ខន្ធអំពើពុករលួយសម្រាប់ឆ្នាំ២០២០ ដោយជាប់លំដាប់ថ្នាក់ទី ១២៩ ក្នុងចំណោមប្រទេស ១៨០។ អំពើពុករលួយគឺជាបញ្ហាដ៏សំខាន់មួយនៅក្នុងប្រទេសរុស្ស៊ីដោយវាបានជះឥទ្ធិពលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រជាពលរដ្ឋម្នាក់ៗ សេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម រដ្ឋបាលសាធារណៈ ការអនុវត្តច្បាប់ ការថែទាំសុខភាព និងការអប់រំ។

                                     

4. ភូមិសាស្ត្រ

ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកដោយមានក្រឡាផ្ទៃចំនួន ១៧,០៧៥,២០០ គីឡូម៉ែត្រការ៉េ ស្មើនឹង ៦,៥៩២,៨០០ ម៉ាយការ៉េ។ វាគឺជាប្រទេសឆ្លងទ្វីបដែលគ្របដណ្តប់លើតំបន់អឺរ៉ាស៊ីមួយភាគធំ ពោលគឺទាំងអាស៊ីនិងអឺរ៉ុប។ ទឹកដីប៉ែកអឺរ៉ុបរបស់រុស្ស៊ីមានក្រឡាផ្ទៃចំនួនប្រមាណ ៤,០០០,០០០ គម ២ ដែលប្រហាក់ប្រហែលនឹង ៤០% នៃទឹកដីអឺរ៉ុបសរុប ដូច្នេះរុស្ស៊ីគឺជាប្រទេសធំជាងគេនៅទ្វីបអឺរ៉ុប។ ចំណែកឯខាងទ្វីបអាស៊ីវិញ រុស្ស៊ីបានគ្របដណ្តប់លើតំបន់អាស៊ីខាងជើងទាំងស្រុងដោយមានក្រឡាផ្ទៃចំនួន ១៣,១០០,០០០ គីឡូម៉ែត្រការ៉េដែលជាហេតុនាំឱ្យរុស្ស៊ីក្លាយជាប្រទេសធំជាងគេលើទ្វីបអាស៊ី។ រុស្ស៊ីក៏ជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេទីបួននៅលើពិភពលោកផងដែរដោយលាតសន្ធឹងចម្ងាយ ៣៧,៦៥៣ គីឡូម៉ែត្រ។ លើសពីនេះទៅទៀត ទឹកដីប្រទេសរុស្ស៊ីទាំងមូលគឺមានទំហំធំជាងទ្វីបអូសេអានី អឺរ៉ុប និងអង់តាកទិកផងហើយស្ថិតនៅចន្លោះរយៈទទឹង ជ ៤១°និង៨២° និងរយៈបណ្តោយ ក ១៩°និង១៦៩°។

ភាគខាងត្បូងនៃប្រទេសរុស្ស៊ីគឺសម្បូរទៅដោយជួរភ្នំជាច្រើនដោយមានជួរភ្នំក័រកាស៊ីមួយផ្នែកស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ក្នុងនោះគឺមានភ្នំអែលប៊្រូស ដែលមានកម្ពស់ ៥,៦៤២ ម៉ែត្រហើយត្រូវជាភ្នំខ្ពស់ជាងគេនៅប្រទេសរុស្ស៊ីនិងទ្វីបអឺរ៉ុប។ ចំណែកនៅតំបន់ផ្សេងៗទៀតក៏មានជួរភ្នំនិងភ្នំខ្ពស់ៗសំខាន់ៗផងដែរដូចជា៖ នៅស៊ីបេរីគឺមានភ្នំអាល់តៃ នៅតំបន់ជាយខាងកើតរុស្ស៊ីមានជួរភ្នំវែគុយ៉ានស្គ៍ឬបណ្តុំភ្នំភ្លើងនៅតាមឧបទ្វីបកាំឆាត់កា។ ភ្នំអ៊ូរ៉ាល់គឺជាភ្នំដែលសម្បូរទៅដោយធនធានរ៉ែច្រើនជាងគេហើយវាបានលាតសន្ធឹងពីភាគខាងជើងទៅភាគខាងត្បូងដែលសព្វថ្ងៃភូមិសាស្ត្រាចារ្យជាទូទៅបានចាត់ទុកភ្នំនេះជាខ្សែប្រទល់បែងចែកទ្វីបអាស៊ីនិងអឺរ៉ុប។

រុស្ស៊ីមានព្រំដែនជាប់នឹងសមុទ្រជាច្រើនមានដូចជា៖ សមុទ្របាលទិក សមុទ្របារ៉ែន សមុទ្រស សមុទ្រការ៉ា សមុទ្រឡាប់តែវ សមុទ្រស៊ីបេរីខាងកើត សមុទ្រជុកជី សមុទ្របេរីង សមុទ្រអាសូវ សមុទ្រអុកហុតស្គ៍ និងសមុទ្រជប៉ុន។ ប្រជុំកោះ និងកោះធំៗនៅរុស្ស៊ីមានដូចជា៖ ណូវ៉ាលសែមយ៉ា ប្រជុំកោះហ្រ្វង់ហ្សូសែហ្វ កោះស៊ីបេរីថ្មី ស្វែរណាយ៉ាសែមយ៉ា កោះហ្វ្រាងជែល កោះគូរៀល និងកោះសាកខាលីន។

រុស្ស៊ីគឺជាប្រទេសដែលសម្បូរធនធានទឹកច្រើនជាងគេបង្អស់ដោយមានបឹងជាច្រើនដែលផ្ទុកទឹកសាបប្រមាណមួយភាគបួននៃទឹកសាបសរុបនៅលើពិភពលោក។ បឹងទឹកសាបដ៏ធំនិងសំខាន់ជាងគេបំផុតនៅរុស្ស៊ីគឺបឹងបៃកាលដែលត្រូវជាបឹងដ៏សំខាន់ ចំណាស់ និងធំជាងគេនៅក្នុងប្រទេសហើយបរិមាណផ្ទៃខាងលើនៃទឹកសាបនៅបឹងនេះទាំងមូលគឺស្មើរនឹងមួយភាគប្រាំនៃបរិមាណផ្ទៃលើនៃទឹកសាបទាំងអស់នៅលើភពផែនដី។ បឹងធំៗមួយចំនួនទៀតមាន បឹងឡាដូកានិងបឹងអូណេកាហើយបឹងទាំងពីរនេះគឺត្រូវជាបឹងធំបំផុតនៅទ្វីបអឺរ៉ុប សម្គាល់៖ បឹងបៃកាលគឺស្ថិតនៅទ្វីបអាស៊ី។ ប្រទេសរុស្ស៊ីស្ថិតនៅលំដាប់ថ្នាក់លេខពីរបន្ទាប់ពីប្រទេសប្រេស៊ីលក្នុងបរិមាណធនធានទឹកដែលអាចប្រើប្រាស់ឡើងវិញបាន។ ទន្លេចំនួនបួននៅតំបន់ស៊ីបេរីគឺ ទន្លេអូប យេនីស៊ីយ លេណា និងអាម័រគឺសុទ្ធតែស្ថិតនៅក្នុងចំណោមទន្លេដ៏វែងជាងគេបំផុតនៅលើភពផែនដី។

                                     

4.1. ភូមិសាស្ត្រ អាកាសធាតុ

អាកាសធាតុទ្វីបសើមបានគ្របដណ្តប់លើទឹកដីប្រទេសរុស្ស៊ីស្ទើរទាំងអស់លើកលែងតែតំបន់ទុនដ្រានិងតំបន់និរតី នេះគឺដោយសារតែទំហំផ្ទៃដីដ៏ធំនិងតំបន់ដាច់ស្រយាលជាច្រើនពីសមុទ្រ។ បណ្តុំភ្នំនៅភាគខាងត្បូងបានរាំងស្ទះលំហូរខ្យល់ក្តៅៗពីមហាសមុទ្រឥណ្ឌាខណៈដែលវាលទំនាបនៅភាគខាងជើងទទួលឥទ្ធិពលត្រជាក់ពីតំបន់អាកទិកនិងអាត្លង់ទិក។ តំបន់ភាគពាយព្យនិងតំបន់ស៊ីបេរីមានអាកាសធាតុបែបអនុអាកទិកដោយទទួលនូវឥទ្ធិពលត្រជាក់ខ្លាំងខាងក្នុងតំបន់ស៊ីបេរី ជាពិសេសគឺនៅក្នុងតំបន់សាខាតែម្តងដោយទទួលសីតុណ្ហភាពទាបបំផុត -៩៦.២°F ឬ -៧១.២°C មិនត្រឹមតែប៉ុណ្ណោះ តំបន់ផ្សេងៗទៀតក៏ទទួលនូវឥទ្ធិពលត្រជាក់ដែរ។

អាកាសធាតុត្រូពិចសើមដែលមានលក្ខណៈជាសិសិររដូវសើមអាចមានវត្តមាននៅតាមតំបន់ឆ្នេរនៃក្រៃក្រាសណូដារ ជាពិសេសគឺនៅទីក្រុងសូឈី។ នៅតាមតំបន់ជាច្រើននៃស៊ីបេរីខាងកើតនិងចុងបូព៌ា រដូវរងារគឺមានលក្ខណៈស្ងួតជាងរដូវក្តៅ ពោលគឺរដូវក្តៅមានភ្លៀងធ្លាក់ច្រើនជាងរដូវរងារ ចំណែកឯតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ីបានទទួលទឹកភ្លៀងនៅគ្រប់រដូវ។ ទឹកភ្លៀងធ្លាក់មានលក្ខណៈជាព្រិលនៅក្នុងតំបន់ដែលត្រជាក់ខ្លាំង។ នៅតាមបណ្តោយទន្លេវ៉ុលកាខាងត្បូងនិងឆ្នេរសមុទ្រកាសព្យែនក៏ដូចជាតំបន់ចុងខាងត្បូងស៊ីបេរីបានទទួលនូវអាកាសធាតុពាក់កណ្តាលស្ងួត។

នៅលើទឹកដីរុស្ស៊ីភាគច្រើនមានតែពីររដូវប៉ុណ្ណោះគឺ និទាឃរដូវ និងសិសិររដូវខណៈដែលរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះមិនសូវបានគេទទួលស្គាល់ប៉ុន្មានទេព្រោះពីររដូវនេះមានរយៈពេលខ្លីហើយមានលក្ខណៈបម្រែបម្រួលពីសីតុណ្ហភាពទាបបំផុតទៅសីតុណ្ហភាពខ្ពស់បំផុត។ ខែដែលត្រជាក់បំផុតគឺខែមករា ខែកុម្ភៈចំពោះតំបន់ឆ្នេរ រីឯខែក្តៅបំផុតគឺខែកក្កដា។ នៅរដូវរងារ សីតុណ្ហភាពអាចធ្លាក់ចុះកាន់តែទាបពីតំបន់ភាគខាងត្បូងទៅភាគខាងជើងនិងពីលិចទៅកើត។ សីតុណ្ហភាពអាចកើនឡើងខ្ពស់នៅអំឡុងរដូវក្តៅសូម្បីតែនៅតំបន់ស៊ីបេរីក៏ដោយ។

                                     

4.2. ភូមិសាស្ត្រ ជីវៈចម្រុះ

ប្រទេសរុស្ស៊ីមានថនិកសត្វចំនួន ២៦៦ ប្រភេទនិងបក្សីចំនួន ៧៨០ ប្រភេទ។ បើយោងទៅតាម RDBRF ក្នុងឆ្នាំ១៩៩៧ បានឱ្យដឹងថាប្រភេទសត្វនៅប្រទេសរុស្ស៊ីមានចំនួនសរុប ៤១៥ ប្រភេទដោយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការការពាររបស់រដ្ឋាភិបាលរុស្ស៊ីនិងអង្គការមួយចំនួន។ រុស្ស៊ីមានទីបម្រុងមណ្ឌលជីវៈចំនួន ៤០ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ឧទ្យានជាតិចំនួន ៤១ និងទីបម្រុងធម្មជាតិចំនួន ១០១។ ប្រទេសរុស្ស៊ីនូវមានប្រព័ន្ធអេកូឡូស៊ីជាច្រើនទៀតដែលមិនទាន់បានប៉ះពាល់ដោយមនុស្សដោយភាគច្រើនមាននៅតំបន់តៃកា និងព្រៃទុនដ្រានៃតំបន់ស៊ីបេរី។ ជាយូរមកហើយ ប្រទេសរុស្ស៊ីនូវតែបន្តធ្វើការកែលម្អនិងអនុវត្តច្បាប់ការពារនិងអភិវឌ្ឍបរិស្ថាន ការអនុវត្តយុទ្ធសាស្ត្រនិងកម្មវិធីនានានៅតាមសហព័ន្ធនិងតំបន់ ការសិក្សាស្រាវជ្រាវនិងធ្វើបញ្ជីសារពើភណ្ឌ និងការពាររុក្ខជាតិ សត្វ និងសត្វដែលកម្រនិងជិតផុតពូជនិងរាល់ពួកសត្វដែលមានវត្តមាននៅលើទឹកដីរបស់ខ្លួន។

                                     

5. សេដ្ឋកិច្ច

ប្រទេសរុស្ស៊ីមានសេដ្ឋកិច្ចចម្រុះចំណូលលើពាក់កណ្តាលនិងសេដ្ឋកិច្ចអន្តរកាលដោយមានធនធានធម្មជាតិជាច្រើន ពិសេសគឺរ៉ែប្រេងកាតនិងឧស្ម័នធម្មជាតិ។ ប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេទី១១ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម និងមានសេដ្ឋកិច្ចធំជាងគេទី៦ បើគិតតាម យអទ។ បើយោងទៅតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា ផសស ក្នុងមនុស្សម្នាក់ៗ យអទ នៅប្រទេសរុស្ស៊ីគឺ ២៩,៤៨៥ ដុល្លារគិតត្រឹមឆ្នាំ២០២១។ ប្រាក់ខែជាមធ្យមសម្រាប់មនុស្សម្នាក់ៗគឺ ₽៥១,០៨៣ នៅក្នុងឆ្នាំ២០២០ ហើយប្រជាជនរុស្ស៊ីប្រមាណ ១២.៩% កំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រលំដាប់ថ្នាក់ជាតិនៅក្នុងឆ្នាំ២០១៨។ អត្រានិកម្មភាពនៅរុស្ស៊ីមានប្រមាណ ៤.៥% នៅក្នុងឆ្នាំ២០១៩ ហើយប្រជាជនរុស្ស៊ីប្រមាណ ៧០% ស្ថិតនៅក្នុងចំណាត់ថ្នាក់វណ្ណៈកណ្តាលប៉ុន្តែទិន្នន័យមួយនេះនូវមានទំនាស់នៅឡើយ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ចំណូលពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីបានឡើងដល់ ៦៦៦,៦ ពាន់លានដុល្លារ។ ចំណូលនៃការនាំចេញសរុបរបស់រុស្ស៊ីគឺ ៤២២,៨ ពាន់លានដុល្លារខណៈដែលថវិកានាំចូលស្មើនឹង ២៤៣,៨ ពាន់លានដុល្លារ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ទុនបម្រុងបរទេសនៅរុស្ស៊ីស្មើនឹង ៤៤៤ ពាន់លានដុល្លារ។

ប្រេង ឧស្ម័នធម្មជាតិ លោហធាតុ និងឈើបានក្លាយជាផលិតផលនាំចេញរបស់រុស្ស៊ីប្រមាណ ៨០%។ នៅក្នុងឆ្នាំ២០១៦ ចំណូលថវិកាសហព័ន្ធប្រមាណ ៣៦% គឺសុទ្ធតែបានមកពីវិស័យប្រេងកាតនិងឧស្ម័ន។ នៅក្នុងឆ្នាំ២០១៩ ក្រសួងធនធានធម្មជាតិនិងបរិស្ថានរុស្ស៊ីបានប៉ាន់ស្មានថា តម្លៃធនធានធម្មជាតិក្នុងប្រទេសគឺស្មើនឹង ផសស ប្រមាណ ៦០%។ ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានបំណុលបរទេសទាបបំផុតនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗដទៃ។ រុស្ស៊ីមានអត្រាពន្ធថេរ ១៣% ជាមួយនឹងប្រព័ន្ធពន្ធឯកត្តភូតដ៏គួរឱ្យចាប់អារម្មណ៍ចំពោះអ្នកចាត់ការម្នាក់ៗក្នុងលំដាប់ថ្នាក់ទីពីរនៅលើពិភពលោកដោយនៅពីក្រោយតែអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះ។ អត្រាវិសមភាពនៃប្រាក់ចំណូលគ្រួសារនិងទ្រព្យសម្បត្តិនៅរុស្ស៊ីក៏មានចំនួនគួរឱ្យកត់សម្គាល់ផងដែរ។

                                     

5.1. សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ

ដំណឹកជញ្ជូនតាមផ្លូវដែករបស់ប្រទេសនេះភាគច្រើនតែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអយស្ម័យយានរុស្ស៊ី។ ប្រវែងផ្លូវដែកដែលប្រើប្រាស់ជាទូទៅមានលើសពី ៨៥,៥០០ គីឡូម៉ែត្រ។ ផ្លូវដែកដែលប្រជាប្រិយជាងគេនៅរុស្ស៊ីគឺផ្លូវដែកឆ្លងស៊ីបេរី វាគឺជាខ្សែផ្លូវដែកដ៏វែងជាងគេបង្អស់នៅលើពិភពលោក។ គិតត្រឹមឆ្នាំ២០១៦ បណ្តាញផ្លូវគោកនៅរុស្ស៊ីមានប្រវែង ១,៤៥២.២ គ.ម ហើយម៉្យាងទៀត រុស្ស៊ីមានសន្ទភាពផ្លូវគោកទាបបំផុតនៅក្នុងចំណោមរដ្ឋប្រទេសប៊្រីកស៍។ ផ្លូវទឹកខាងក្នុងប្រទេសរុស្ស៊ី បឹងនិងទន្លេ មានប្រវែងសរុប ១០២,០០០ គ.ម។ ក្នុងចំណោមអាកាសយានដ្ឋានសរុបចំនួន ១,២១៦ នៅក្នុងប្រទេស អាកាសយានដ្ឋានដែលមមាញឹកជាងគេគឺ ស៊ីរេមីទីវ៉ូ ដូម៉ូដេដូវ៉ូ វីនូកូវ៉ានៅទីក្រុងម៉ូស្គូ និងអាកាសយានដ្ឋាមពូកកូវ៉ានៅទីក្រុងសង់ពីទ័របួរ។

កំពង់ផែសមុទ្រធំៗរបស់រុស្ស៊ីមាននៅក្នុងទីក្រុងដូចជា៖ រ៉ូសតូវលើដុននៅសមុទ្រអាសូវ ណូវ៉ូរ៉ូស្ស៊ីស្ក៍នៅសមុទ្រខ្មៅ អាស្ត្រាខាននិងម៉ាក៍ហាច្ឆកាឡានៅសមុទ្រកាសព្យែន កាលីនីនក្រាដនិងសង់ពីទ័របួរនៅសមុទ្របាលទិក អាខានហ្គេលនៅសមុទ្រស មួរម៉ានស្គ៍នៅសមុទ្របារ៉ែន ពេត្រូផាវឡូស្គ៍-កាំឆាតស្គីនិងវ្លាឌីវ៉ូស្តុកនៅឯមហាសមុទ្រប៉ាស៊ីហ្វិក។ រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមាននាវាបំបែកទឹកកកនុយក្លេអ៊ែរ នាវាទាំងនេះបានជួយជម្រុញវិស័យដំណឹកជញ្ជូននិងសេដ្ឋកិច្ចរុស្ស៊ីនៅតាមផ្លូវទឹកភាគខាងជើង។

គេបានចាត់ទុកប្រទេសរុស្ស៊ីជា"មហាអំណាចថាមពល" នេះគឺដោយសារតែរុស្ស៊ីមានទីបម្រុងផ្ទុកឧស្ម័នធម្មជាតិធំបំផុតនៅលើលោក ទីបម្រុងផ្ទុកធ្យូងធំបំផុតទីពីរ ទីបម្រុងផ្ទុកប្រេងកាតធំបំផុតទីប្រាំបី និងមានទីបម្រុងផ្ទុកសំបកប្រេងធំជាងគេនៅអឺរ៉ុប។ ប្រទេសនេះគឺជាអ្នកនាំចេញឧស្ម័នធម្មជាតិនាំមុខគេនៅលើលោក ជាអ្នកផលិតឧស្ម័នធម្មជាតិធំបំផុតទីពីរ អ្នកនាំចេញប្រេងកាតធំបំផុតទីពីរ និងអ្នកផលិតប្រេងកាតធំបំផុតទីបី។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅរុស្ស៊ីច្រើនតែបង្កដោយឥន្ធនៈហ្វូស៊ីល។ លើសពីនេះទៅទៀត រុស្ស៊ីគឺជាអ្នកផលិតអគ្គិសនីធំបំផុតទីបួននៅលើពិភពលោក និងជាអ្នកផលិតថាមពលកកើតឡើងវិញបានធំបំផុតទីប្រាំបួនគិតត្រឹមឆ្នាំ២០១៩។ រុស្ស៊ីគឺជាប្រទេសដំបូងបង្អស់ដែលចាប់ផ្តើមអភិវឌ្ឍថាមពលនុយក្លេអ៊ែរស៊ីវិលនិងជាប្រទេសដែលសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេ។ នៅឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសដែលផលិតថាមពលនុយក្លេអ៊ែរធំជាងគេទីបួនហើយមិនត្រឹមតែប៉ុណ្ណោះ អគ្គិសនីប្រមាណ ២០% ក្នុងប្រទេសមានប្រភពមកពីថាមពលនុយក្លេអ៊ែរ។

                                     

5.2. សេដ្ឋកិច្ច កសិកម្ម និងនេសាទ

ប្រទេសរុស្ស៊ីមានផ្ទៃដីដាំដុះធំជាងគេទីបួននៅលើពិភពលោកដោយមានទំហំ ១,២៣៧,២៩៤ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៧,៤% នៃផ្ទៃដីដែលអាចបង្កបង្កើនផលបាននៅលើពិភពលោក។ ប្រទេសនេះគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិច្រើនបំផុតទីបី និងជាអ្នកផលិតនាំមុខគេនៃស្រូវសាលីបាលី សារ៉ាសង់ និងអូត ហើយជាអ្នកផលិតនិងនាំចេញនូវស្រូវរ៉ៃនិងគ្រាប់ផ្កាឈូករ័ត្នច្រើនជាងគេបង្អស់។ ចាប់តាំងពីឆ្នាំ២០១៦ មក រុស្ស៊ីគឺជាអ្នកនាំចេញដំណាំស្រូវដ៏ធំបំផុតនៅលើពិភពលោក។

ខណៈដែលកសិដ្ឋានធំៗច្រើនតែផ្តោតលើផលិតកម្មគ្រាប់ធញ្ញជាតិនិងការចិញ្ចឹមសត្វ គ្រឿងបន្លែផ្លែឈើគឺច្រើនតែផលិតនៅតាមកសិដ្ឋានតូចៗដែលមានលក្ខណៈជាគ្រួសារនិងឯកជន។ រុស្ស៊ីគឺជាម្ចាស់ផ្ទះនៃពងត្រីកាវីយ៉ាដែលមានគុណភាពល្អបំផុតលើលោកហើយក៏ត្រូវជាម្ចាស់នៃកងនេសាទដ៏ធំបំផុតលើលោកផងដែរដោយជាប់ចំណាត់ថ្នាក់ទីប្រាំមួយក្នុងបរិមាណត្រីដែលចាប់បាន បើគិតជាតោនគឺស្មើនឹង ៤,៧៧៣,៤១៣ តោននៅក្នុងឆ្នាំ២០១៨។

ច្រកតារតារី
                                               

ច្រកតារតារី

ច្រកតារតារី ជាច្រកសមុទ្រមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកដែលខណ្ឌចែករុស្ស៊ីដីគោក​និងកោះសាខាលីន។ច្រកសមុទ្រនេះតភ្ជាប់សមុទ្រជប៉ុននិងសមុទ្រអុកហុតស្គ៍។ វាមានប្រវែង៩០០គ.ម ជំរៅពី៤ទៅ២០ម និងទទឹង៧,៣គ.មត្រង់ចំនុចចង្អៀតជាងគេ។ ឈ្មោះថាតារតារីនេះ ត្រូវបានគេដាក់តាមឈ្មោះរបស់អំបូរមនុស្សដែលរស់នៅតំបន់ម៉ាន់ជូរី។

                                               

មហាវិថីម៉ៅសេទុង

មហាវិថីម៉ៅសេទុង Mao Tse Toung Boulevard ​គឺជាមហាវិថីដែលគិតចាប់ពី មហាវិថីព្រះនរោត្តម កែងនឹង វិថីសុធារស ទៅដល់ ស្ពានអាកាសតិចណូ កែងនឹង មហាវិថីសហព័ន្ធរុស្ស៊ី។

ច្រកឡាប៉េរូស
                                               

ច្រកឡាប៉េរូស

ច្រកឡាប៉េរូស ជាច្រកសមុទ្រ​ដែលខណ្ឌចែកកោះសាខាលីនរបស់រុស្ស៊ីនិងកោះហុកកៃដូរបស់ជប៉ុន ដោយតភ្ជាប់សមុទ្រជប៉ុននិងសមុទ្រអុកហុតស្គ៍។ វាមានប្រវែង៤០គ.ម និងជំរៅពី២០ទៅ៤០ម៉ែត។ ច្រកនេះត្រូវបានដាក់ឈ្មោះតាមអ្នករុករកជនជាតិ​បារាំងឈ្មោះ ហ្សង់ហ្វ្រង់ស័រ ដឺ ឡា ប៉េរូស ដែលបានមករុករកច្រកនេះនៅឆ្នាំ១៧៨៧។

                                               

ស្ពានអាកាសតិចណូ

ស្ពានអាកាសតិចណូ ជាស្ពានដែលប្រសព្វ នៃមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយ មហាវិថីម៉ៅសេទុង។ ស្ពាន​អាកាស​តិចណូ​ លាត​សន្ធឹង​លើ​សង្កាត់​ចំនួន​ពីរ​គឺ​ សង្កាត់​ទឹក​ល្អក់​ទី​មួយ​នឹង​សង្កាត់​ ​ដេប៉ូ​ទី៣ ប្រើ​រយៈ​ពេល​​សាង​សង់​​១៥ ខែ​ គឺ​ចាប់​ពី​ខែ​កញ្ញា ២០១៤ ​​ដល់​ខែ​ធ្នូ​ ២០១៥ ដោយ​ប្រើ​ថវិកា​អស់​ ១៤ ៥០២ ៤៧៦ ដុល្លារ​។

                                               

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬហៅថា ​ពេទ្យ​រុស្ស៊ី ជា​មន្ទីរ​សាធារណៈ​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ ​មហាវិថី​កងយោធពលខេមរភូមិន្ទ ក្នុងខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ មន្ទីរពេទ្យ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​សុខាភិបាល។

                                               

មហាវិថីវ៉េងស្រេង

គិតចាប់ពី ចំណុចប្រសព្វនៃ មហាវិថីព្រះមុនីរ៉េត និង វិថីចំការដូង ទៅដល់ រង្វង់មូលចោមចៅ ដែលជាចំណុចប្រសព្វនៃ មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ៣ និង ផ្លូវជាតិលេខ៤។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →